Sunday, December 4, 2011

លោកស្រី​ស៊ូជី​កោត​សរសើរ​អាមេរិក​ភ្ជាប់​ទំនាក់​ទំនង​ឡើង​វិញ​ជាមួយ​ភូមា

 មេដឹកនាំ​លទ្ធិ​ប្រជាធិបតេយ្យ​ភូមា លោក​ស្រី អ៊ុងសាន ស៊ូជី កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ បាន​ស្វាគមន៍​​ការ​ភ្ជាប់​ទំនាក់​ទំនង​ឡើង​វិញ​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​ប្រទេស​ភូមា ដោយ​លោក​ស្រី​បាន​លើក​ឡើង​ថា លោក​ស្រី​សង្ឃឹម​ថា ការ​ភ្ជាប់​ទំនាក់​ទំនង​ឡើង​វិញ​នេះ នឹង​រៀប​ចំ​ប្រទេស​ឯកោ​របស់​លោក​ស្រី ឲ្យ​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ។
លោក​ស្រី​រដ្ឋ​មន្ត្រី​ការបរទេស ហ៊ីលឡារី គ្លីនតុន បាន​រៀប​ចំ​កិច្ច​ប្រជុំ​លើក​ចុង​ក្រោយ​ជាមួយ​លោក​ស្រី ស៊ូជី ខណៈ​ពេល​លោក​ស្រី​បញ្ចប់​​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​ទៅ​កាន់​ប្រទេស​ភូមា ដែល​លោក​ស្រី​បាន​មើល​ឃើញ​ថា រដ្ឋាភិបាល​ស៊ីវិល​ថ្មី​បាន​សន្យា​ជំរុញ​ទៅ​មុខ​នូវ​កំណែ​ទម្រង់​នយោបាយ និង​ការ​ផ្សារ​ភ្ជាប់​ប្រទេស​ឡើងវិញ​ទៅ​នឹង​សហគមន៍​អន្តរជាតិ។
លោក​ស្រី គ្លីនតុន និង​លោក​ស្រី ស៊ូជី ជ័យ​លាភី​ពាន​រង្វាន់​ណូបែល​សន្តិភាព​ពិភព​លោក​ដែលតំណាង​ឲ្យ​​លទ្ធិ​ប្រជាធិបតេយ្យ​នៃ​ប្រជាជន​ភូមា​នោះ បាន​រៀប​ចំ​ពិសារ​អាហារ​ពេល​ល្ងាច​ជា​លក្ខណៈ​ឯកជន​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ និង​បាន​ជួប​គ្នា​ជា​ថ្មី​ម្ដង​ទៀត​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ នៅ​ឯ​ផ្ទះ​ជាប់​មាត់​បឹង​របស់​លោក​ស្រី ស៊ូជី ជាទី​ដែល​លោក​ស្រី ស៊ូជី ត្រូវ​បាន​គេ​ឃុំ​ឃាំង​ខ្លួន​រហូត​លោក​ស្រី​ត្រូវ​បាន​គេ​ដោះ​លែង​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១០​កន្លង​មក​ ក្រោយ​ពី​ការ​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ។
លោក​ស្រី ស៊ូជី បាន​ថ្លែង​ថា​៖ «ប្រសិន​បើ​យើង​ធ្វើ​ដំណើរ​រួម​គ្នា ខ្ញុំ​ជឿ​ជាក់​ថា នឹង​​មិន​មាន​ការ​ងាក​ចេញ​ពី​ផ្លូវ​​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​នោះ​ឡើយ។ យើង​​មិន​ស្ថិត​នៅ​លើ​ផ្លូវ​នោះ​នៅ​ឡើយ​ទេ ប៉ុន្តែ យើង​សង្ឃឹម​ធ្វើ​ដំណើរ​ទៅ​ដល់​គោល​ដៅ​ក្នុង​ពេល​ឆាប់ៗ​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ជាមួយ​មិត្តភក្តិ​របស់​យើង»។
ស្ត្រី​ទាំង​ពីរ ដែល​ជា​អ្នក​នយោបាយ​ស្ត្រី​ដ៏​ល្បី​ល្បាញ​បំផុត​នៅ​លើ​ពិភព​លោក​នោះ បាន​ជួប​ពិភាក្សាគ្នា​អស់​រយៈ​ពេល​ប្រហែល ១​ម៉ោង​កន្លះ​នៅ​ខាង​ក្នុង​អគារ​លំនៅដ្ឋាន​លោក​ស្រី ស៊ូជី ដោយ​បាន​កាន់​ដៃ​គ្នា​​ខណៈ​អ្នក​ទាំង​ពីរ​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យកព័ត៌មាន​ដ៏​ច្រើន​កុះ​ករ។


ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes