ក្រុងប៉ោយប៉ែត ៖ តាមប្រភពព័ត៌មានមួយពីប្រទេសម៉ាឡេស៊ី ឱ្យដឹងថា ពលការិនីម្នាក់ដែលធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ីបានលួចរត់កាត់ព្រៃដើម្បីរកការសង្គ្រោះ ព្រោះតែទ្រាំមិនបាននឹងការវាយធ្វើបាប ការបង្ខំឱ្យធ្វើការលើសម៉ោង និងហូបមិនគ្រប់គ្រាន់ពីថៅកែរបស់ខ្លួន ។ ពលការិនីនោះឈ្មោះផួង ម៉ានិត អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិក្រាំងស្គា ឃុំក្រាំងស្គា ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
តាមប្រភពព័ត៌មានឱ្យដឹងថា នាងផួង ម៉ានិត ត្រូវជនជាតិខ្មែរម្នាក់រស់នៅប្រទេសម៉ាឡេស៊ី ប្រទះឃើញនៅកណ្តាលព្រៃ ហើយពេលសួរនាំទើបដឹងរឿងលំបាកវេទនានៅផ្ទះថៅកែ ព្រមទាំងរងការចាប់រំលោភថែមទៀតផង ។ នាងប្រាប់ថា នាងទៅធ្វើការតាមរយៈក្រុមហ៊ុនមួយដោយគេឱ្យធ្វើការមួយថ្ងៃពី៥ទៅ៦កន្លែង ។
ពលការិនីនោះត្រូវជនរួមជាតិរបស់ខ្លួនជួបប្រទះក្នុងព្រៃកាលពីថ្ងៃទី២២ ធ្នូ ហើយពេលនេះ កំពុងស្នាក់នៅជាមួយគ្រួសារខ្មែរក្នុងភូមិមួយដែលសំបូរជនជាតិខ្មែររស់នៅ ។ គេកំពុងទាក់ទងជាមួយអង្គការសម្ព័ន្ធចាប់ដៃដែលមានទីស្នាក់ការនៅរាជធានីភ្នំពេញ ដើម្បីនាំនាងផួង ម៉ានិត មកស្រុកវិញ ។
លោកចាន់ សារុន ប្រធានគម្រោងកម្មវិធីបង្ក្រាបការជួញដូរមនុស្សនៃអង្គការសម្ព័ន្ធចាប់ដៃ បានប្រាប់តាមទូរស័ព្ទនាព្រឹកថ្ងៃទី២៩ ធ្នូ ថា អង្គការរបស់លោកកំពុង ទាក់ទងជាមួយអង្គការដៃគូមួយទៀតឈ្មោះអង្គការ «កានីតា» ស្ថិតក្នុងប្រទេសម៉ាឡេស៊ីដើម្បីទាក់ទងទៅស្ថានទូតកម្ពុជានៅប្រទេសម៉ាឡេស៊ី នាំនាងផួង ម៉ានិត មកប្រទេសកម្ពុជាវិញ នៅសប្តាហ៍ក្រោយ ។
ប្រភពដដែលប្រាប់ទៀតថា យោងតាមការសួរនាំតាមទូរស័ព្ទ ពលការិនីនោះប្រាប់ថា នាងទៅធ្វើការនៅប្រទេសម៉ាឡេស៊ី អស់រយៈពេល១ឆ្នាំ មកហើយ តាមរយៈក្រុមហ៊ុនមួយនៅស្រុកខ្មែរឈ្មោះ ZEN មានស្នាក់ការនៅរាជធានីភ្នំពេញ ។ ដោយសារទ្រាំមិនបាននឹងការងារហូបមិនគ្រប់គ្រាន់ ការវាយធ្វើបាប និងឱ្យធ្វើការលើសម៉ោងទើបនាងរត់គេចចេញ ហើយនៅក្នុងព្រៃត្រូវបានជួយសង្គ្រោះដោយជនជាតិខ្មែរដូចគ្នា ។
លោកចាន់ សារុន ប្រាប់ថា នៅប្រទេសម៉ាឡេស៊ី មានខ្មែរយើងច្រើនគ្រួសារកំពុងរស់នៅភូមិមួយ ហើយមន្ត្រីអង្គការរបស់លោកធ្លាប់ទៅដល់ទើបគេស្គាល់លោក ហើយទាក់ទងប្រាប់តាមទូរស័ព្ទមកអង្គការរបស់លោក ។
ក្រុមហ៊ុន ZEN នោះមិនអាចសុំការបំភ្លឺបានទេ ព្រោះមិនស្គាល់អាសយដ្ឋាន ៕
កោះសន្តិភាព
No comments:
Post a Comment
yes