លោក សេង សុវណ្ណារ៉ា ជាកម្មករក្នុងរោងចក្រជីងអ៊ីង បានរៀបរាប់ថា ថៅកែរោងចក្រនេះ បិទទ្វារដោយមិនប្រាប់មូលហេតុពិតប្រាកដដល់ក្រុមកម្មករទេ ហើយអ្វីដែលពួកគាត់ ចង់បាននោះគឺប្រាក់ខែ និងប្រាក់ការងារផ្សេងទៀត ហើយរហូតមកទល់ពេលនេះ រោងចក្រមិនទាន់ បានបើកប្រាក់ឲ្យពួកគេនោះឡើយ។
លោកថា កម្មករ-កម្មការិនី ដែលបម្រើការងារក្នុងរោងចក្រនេះ មានជាង២០០នាក់ ប៉ុន្តែនៅព្រឹកថ្ងៃនេះ មានកម្មករមកតវ៉ាប្រហែលជា៦០នាក់ ដោយសារកម្មករផ្សេងទៀត ត្រូវបានថៅកែផ្អាកពីការងារ «មុននឹងបិទរោងចក្រ ថៅកែមិនបានបើកប្រាក់ខែឲ្យកម្មករទេ ហើយអ្វីដែលសំខាន់នោះ រោងចក្របានប្រមូលឥវ៉ាន់ ចេញអស់ហើយនៅសល់តែបន្តិចប៉ុណ្ណោះ អ្នកដែលគេឲ្យឈប់ ប៉ុន្មានថ្ងៃនោះ ម៉ាស៊ីនត្រូវបានគេដឹកចេញអស់ហើយ ទុកម៉ាស៊ីនសម្រាប់ឲ្យអ្នកធ្វើការ ប្រហែលជា៦០នាក់ទេ»។
ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី បានឲ្យដឹងថា បើក្រុមហ៊ុនបិទទ្វារហើយ មិនបានផ្តល់ព័ត៌មានជាមុននោះ លោកនឹងជួយអន្តរាគមន៍ចំពោះបញ្ហានេះ ដោយប្តឹងទៅតាមនីតីវិធីច្បាប់ ព្រមទាំងស្ថាប័នពាក់ព័ន្ធដូចជា ក្រសួងការងារ និងក្រសួងសង្គមកិច្ច។
ប្រសិនបើពុំមានដំណោះស្រាយទេ លោកនឹងជូនដំណឹងទៅរាជរដ្ឋាភិបាល ស្តីពីរោងចក្រសហគ្រាស ដែលមកវិនិយោគនៅកម្ពុជាពុំបានគោរពច្បាប់ស្តីពីការងារ «ជាទូទៅរោងចក្រស្រុកខ្មែរ បានបិទទ្វារ ដោយមិនមានការទូទាត់ សំណងដល់កម្មករទៅតាមផ្លូវច្បាប់ទេ បញ្ហានេះដែលយើង ឃើញជារឿយៗមក»។
លោក សុវណ្ណារ៉ា ជាកម្មករក្នុងរោងចក្រជីងអ៊ីង ឱ្យដឹងបន្ថែមថា បើរោងចក្រចង់បិទទ្វារនោះ ជារឿងរបស់គេ ប៉ុន្តែអ្វីដែលកម្មករចង់បាននោះ គឺប្រាក់បញ្ឈប់កម្មករ មិនបានជូនដំណឹងមុន ប្រាក់បណ្តេញចេញ ប្រាក់លើកទឹកចិត្ត ជាពិសេសប្រាក់ខែប្រចាំខែធ្នូ និងប្រាក់បំណាច់ឆ្នាំ។
អ្នកយកព័ត៌មានយើង មិនអាចទាក់ទងសុំការបំភ្លឺពីភាគី រោងចក្របានទេ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១១នេះ៕
DAP-NEWS
No comments:
Post a Comment
yes