អាជ្ញាធរឥណ្ឌូនេស៊ី បានចោទថា ស្រ្តីខ្មែរចំនួន ៦នាក់ បានចូលមកប្រទេសឥណ្ឌូនេស៊ី ខុសច្បាប់ ដោយគ្មានឯកសារអ្វីទាំងអស់។ កាសែត ហ្សាកាតា ផូស (Jakarta Post) រាយការណ៍នៅថ្ងៃអង្គារ ទី២០ ខែធ្នូ ថា ប្រធានការិយាល័យអន្តោប្រវេសន៍ទីក្រុងអាំបន់ លោក អ៊ីណាំង ស៊ូព្រីវ៉ាឌី (Enang Supriyadi) បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារ ថា ស្ត្រីខ្មែរទាំង ៦នាក់នេះ ធ្លាប់បានធ្វើការឲ្យក្រុមហ៊ុននេសាទមួយ នៅភាគខាងកើតនៃកោះម៉ាឡូគូ (Maluku)។
សេចក្ដីរាយការណ៍ឲ្យដឹងដែរថា ស្ត្រីទាំងនោះបានធ្វើដំណើរចុះឡើងៗ នៅម្ដុំទីក្រុងអាំបន់ បន្ទាប់ពីកិច្ចសន្យាការងាររបស់ពួកគាត់បានបញ្ចប់ទៅ។
សេចក្ដីរាយការណ៍ក៏បានបញ្ជាក់ដែរថា ស្ត្រីមួយចំនួនដែលមករកស៊ីជាមួយគ្នាដែរនោះ ខ្លះបានទូរស័ព្ទទាក់ទងទៅក្រុមគ្រួសាររបស់គេនៅកម្ពុជា រួចហើយ ហើយពួកគេទាំងនោះក៏ត្រូវបានក្រុមគ្រួសារគេជូនដំណឹងទៅស្ថានទូតខ្មែរនៅទីក្រុងហ្សាកាតា (Jakarta) ដែលបានសហការជាមួយអង្គការអន្តោប្រវេសន៍អន្តជាតិ បញ្ជូនពួកគេទៅត្រឡប់ទៅប្រទេសកម្ពុជា វិញរួចរាល់ហើយ ដោយឡែកស្ត្រីខ្មែរ ៦នាក់នេះ ដែលបានដើរចុះឡើងនៅម្ដុំទីក្រុងអាំបន់ ក្នុងស្រុកបាហ្គូឡា (Bagaula) នេះត្រូវបានអាជ្ញាធររកឃើញ។
អ្នកស្រី មូរ សុខហួរ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅល្ងាចថ្ងៃអង្គារ ទី២០ ខែធ្នូ ថា អ្នកស្រីពុំទាន់បានដឹងដំណឹងនេះនៅឡើយទេ ក៏ប៉ុន្តែអ្នកស្រីនឹងប្រញាប់ទាក់ទងសួររកបញ្ហានេះឲ្យបានដឹងនាពេលឆាប់ៗនេះ។
អ្នកស្រីក៏មានចម្ងល់ដែរថា តើហេតុអ្វីបានជាមានស្ត្រីទៅរកស៊ីនេសាទដែរនោះ៖ «ដំណឹងនេះធ្វើឲ្យខ្ញុំមានការព្រួយបារម្ភណាស់។ បើអ៊ីចឹងឃើញថា ការគ្រប់គ្រងប្រជាពលរដ្ឋយើងទៅធ្វើការនៅបរទេសនៅមានបញ្ហានៅឡើយ។ ប៉ុន្តែមួយរយៈក្រោយមក រដ្ឋាភិបាលបានសហការធ្វើការងារនេះដែរ។ ដូច្នេះ នៅថ្ងៃស្អែកនេះ ខ្ញុំនឹងធ្វើការទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនពាក់ព័ន្ធ និងក្រសួងដែលពាក់ព័ន្ធ ដើម្បីជំរុញការងារនេះបន្ថែម»។
វិទ្យុអាស៊ីសេរីក៏បានទូរស័ព្ទទាក់ទងទៅខាងរដ្ឋាភិបាលដែរ តែខ្សែទូរស័ព្ទពុំអាចភ្ជាប់បាននៅល្ងាចថ្ងៃអង្គារ ទី២០ ខែធ្នូ នេះ។
នៅក្នុងខែធ្នូ ឆ្នាំ២០១១ នេះ យ៉ាងហោចណាស់ក៏មានពលករខ្មែរប្រមាណ ៦០នាក់ ដែលត្រូវបានការិយាល័យអន្តោប្រវេសន៍ឥណ្ឌូនេស៊ី បានសហការជាមួយការអង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) បញ្ជូនពួកគេត្រឡប់ពីប្រទេសឥណ្ឌូនេស៊ី មកកាន់ប្រទេសកម្ពុជា វិញដែរ។
កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១១ មានពលករចំណាកស្រុកចំនួន ៣០នាក់ នៅក្នុងចំណោមពលករសរុប ៦៥នាក់ ពីប្រទេសឥណ្ឌូនេស៊ី បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីត្រូវបានសង្គ្រោះដោយអាជ្ញាធរនគរបាលឥណ្ឌូនេស៊ី តាមសំណើរបស់ក្រសួងការបរទេសកម្ពុជា ពីការជួញដូរកំលាំងពលកម្ម និងការជួញដូរមនុស្សកន្លងមក។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី៦ ខែធ្នូ កន្លងទៅនេះ បានឲ្យដឹងថា មានពលករខ្មែរចំណាកស្រុកចំនួន ៦៥នាក់ ត្រូវបានមេខ្យល់បោកបញ្ឆោតឲ្យធ្វើជាកម្មករនេសាទលើទូកថៃ ហើយពលករទាំងនោះត្រូវបានអាជ្ញាធរប្រទេសឥណ្ឌូនេស៊ី បានចាប់ឃាត់ខ្លួនពីបទចូលនេសាទខុសច្បាប់នៅខេត្តម៉ាគូលូ នៃប្រទេសឥណ្ឌូនេស៊ី៕
អាស៊ីសេរី
No comments:
Post a Comment
yes