ភ្នំពេញ៖ បញ្ហាវិវាទជម្លោះដីធ្លីរវាងប្រជាពលរដ្ឋបូរីកីឡា ជាមួយក្រុមហ៊ុន ផាន អ៊ីមិច របស់លោកស្រី ស៊ុយ សុផាន ដែលមានការតវ៉ាពីសំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំងក្លា រហូតដល់មានការបង្ហូរឈាមគ្នារវាងពលរដ្ឋ និងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចបណ្តាអោយភាគីទាំងពីរមានរបួសទាំងសង្ខាង និងថែមទាំងមានការចាប់ខ្លួនប្រជាពលរដ្ឋទៀតផងក្នុងការប៉ះទង្គិចគ្នា កាលពីថ្ងៃទី៣-៤ ខែមករា ឆ្នាំ២០១២ ខណៈពេលដែលអាជ្ញាធរបានចុះទៅរុះរើឈូសឆាយបំផ្លាញផ្ទះ ដើម្បីយកដីអោយក្រុមហ៊ុន ផាន អ៊ីមិច ធ្វើការអភិវឌ្ឍរហូតមកដល់ពេលនេះ នៅមិនទាន់បានបញ្ចប់នៅឡើយទេ ដោយប្រជាពលរដ្ឋនៅតែបន្តស្វែងរកអន្តរាគមន៍ពីបណ្តាស្ថានទូតមួយចំនួនប្រចាំនៅកម្ពុជា សហគមន៍អឺរ៉ុប និងម្ចាស់ជំនួយដទៃទៀត។
ប្រជាពលរដ្ឋនៅបុរីកីឡាប្រមាណជិត ៣០០គ្រួសារ ដែលផ្ទះសម្បែងរបស់ពួកគេត្រូវបានបំផ្លាញ គឺជាអ្នកដែលមិនទាន់បានចូលទៅរស់នៅលើអគារថ្មី ដែលសាងសង់ដោយក្រុមហ៊ុន ផាន អ៊ីមិច ហើយពួកគាត់ត្រូវបានដឹកយកទៅដាក់អោយរស់នៅភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។ ចំណែកប្រជាពលរដ្ឋជាច្រើនគ្រួសារបានចូលទៅរស់នៅអគារថ្មីទាំង ៨អគារ របស់ក្រុមហ៊ុន។ រីឯអគារចំនួន ២ទៀត ដែលក្រុមហ៊ុនសាងសង់សម្រាប់ប្រជាពលរដ្ឋបុរីកីឡាត្រូវបានផ្អាកសាងសង់ ដោយមិនដឹងមូលហេតុអ្វីបានជាត្រូវផ្អាកនោះទេ។
ទាក់ទងបញ្ហានៃការសាងសង់អគារសម្រាប់ជាថ្នូរដោះដូរដីជាមួយប្រជាពលរដ្ឋជាង ១៧៧៦គ្រួសារ នៅក្នុងបូរីកីឡាក្រុមហ៊ុន ផាន អ៊ីមិច បានធ្វើការចុះកិច្ចសន្យាស្តីពីការសាងសង់អាគារចំនួន១០ កំពស់ ៦ជាន់ លើផ្ទៃដី ២ហិកតា នៅក្នុងទីតាំងបូរីកីឡា ជាមួយតំណាងសហគមន៍បូរីកីឡា ប៉ុន្តែតាំងពីដើមឆ្នាំ២០០៤ មកដល់ឆ្នាំ២០១២ ក្រុមហ៊ុន ផាន អ៊ីមិច បានសាងសង់អគារតែ ៨អគារប៉ុណ្ណោះ ដែលធ្វើអោយមានបាតុភាពពីសំណាក់ប្រជាពលរដ្ឋដែលមិនបានឡើងទៅរស់នៅលើអគារថ្មី។
យោងតាមកិច្ចសន្យារវាងលោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុន ផាន អ៊ីមិច និងលោកឧត្តមសេនីយ៍ នាង ផាត អគ្គនាយកដ្ឋានយោធសេវា និងជាប្រធានក្រុមប្រឹក្សាភិបាលស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងវិទ្យុ ខេមរភូមិន្ទ និងតំណាងក្រុមហ៊ុន MICAMEDIA កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០០៣។ ដោយនៅក្នុងកិច្ចសន្យាភាគីទាំងពីរបានព្រមព្រៀងគ្នាតាមប្រការមួយចំនួន ៖
ប្រការ១ ៖ ភាគីក(តំណាងដោយលោកឧត្តមសេនីយ៍ នាង ផាត) បានយល់ព្រមប្រគល់ដីទំហំចំនួន១៥ ៣៩០ម៉ែត្រការ៉េ ដែលជួលពីក្រសួងអប់រំ យុវជន និងកីឡា អោយទៅភាគី ខ(តំណាងដោយលោកស្រី ស៊ុយ សុផាន) ដើម្បីកាន់កាប់ប្រើប្រាស់ដីនោះតាមច្បាប់ ជាថ្នូរនឹងការសាង
សង់អគារលំនៅដ្ឋានជូនប្រជាពលរដ្ឋដែលមានចំនួន ១៧៧៦គ្រួសារ។
ប្រការ២ ៖ ភាគី ក យល់ព្រមអោយភាគី ខ រុះរើរំកិលទីតាំងស្ថានីយទូរទស្សន៍ ខ ភ ម ប៉ុស្តិ៍លេខ៥ និងវិទ្យុ ខ ភ ម និងជួសជុលសាងសង់ទីកន្លែងដើម្បីដាក់ជាការិយាល័យវិទ្យុ ឃ្លាំងម៉ាស៊ីនភ្លើង និងអង់ទែនវិទ្យុ និងទូរទស្សន៍ជូនទៅភាគី ក ដើម្បីបន្តផ្សាយបានដូចប្រក្រតី។
ត្រង់ប្រការ៥ ភាគីទាំងពីរបានអាន និងព្រមព្រៀងឯកភាពគ្នាដែលមានចែងខាងលើ ហើយសន្យាធានាទទួលខុសត្រូវចំពោះមុខច្បាប់។
ជាមួយគ្នានេះដែរក្រុមហ៊ុន ផាន អ៊ិមិច ក៏បានធ្វើកិច្ចសន្យាជាមួយតំណាងសហគមន៍បូរីកីឡា ស្តីពី ការសាងសង់អគារចំនួន១០ កំពស់ ៦ជាន់ លើផ្ទៃដី ២ហិកតា នៅក្នុងទីតាំងបូរីកីឡា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០០៤។ ដោយកិច្ចសន្យានោះបានធ្វើរវាងលោក ជួប ខុន អភិបាលខណ្ឌ៧មករា និងជាប្រធានគណកម្មការគ្រប់គ្រងអភិវឌ្ឍន៍សហគមន៍បុរីកីឡា និងអ្នកស្រី ដួង ច័ន្ធតារា លោក ហ៊ឹម ចក់ លោក កង សេដ្ឋ លោក ស៊ុន សារ៉ាន អ្នកស្រី គឹម សោភ័ណ្ឌ អ្នកស្រី តាំង គឹមស្រូយ អ្នកស្រី សុខ សុធី លោក អ៊ូ សំអន លោក សោម សក្រវណ្ណ លោក រស់ សុខធឿន អ្នកស្រី ឃឹម ដាវី ជាតំណាងសហគមន៍បុរីកីឡា ហៅកាត់ថាភាគី ក និងក្រុមហ៊ុន ផាន អ៊ីមិច តំណាងដោយលោកស្រី ស៊ុយ សុផាន ហៅកាត់ភាគី ខ ។
នៅក្នុងកិច្ចសន្យាភាគីទាំងពីរបានព្រមព្រៀងគ្នាដូចតទៅ ៖
ប្រការ១ ៖ ភាគី ក បានយល់ព្រមជូនភាគី ខ សាងសង់អាគារ ចំនួន១០ មានកំពស់ ៦ជាន់ និងផ្លូវកៅស៊ូមួយខ្សែប្រវែង ៤០០ម៉ែត្រ នៅលើផ្ទៃដី២ហិកតា ស្ថិតនៅក្នុងទីតាំងបូរីកីឡានៅក្នុងប្លង់ចែករំលែកដីធ្លីរបស់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី រាជធានីភ្នំពេញ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០០៣ ដែលចាត់ទុកជាផ្នែកមួយនៃកិច្ចសន្យា។
ប្រការ៣ ៖ ភារកិច្ចរបស់ភាគីរបស់ភាគី ក ត្រង់ប្រការ៣.៥ - បែងចែក និងរៀបចំប្រជាពលរដ្ឋទាំង១៧៧៦គ្រួសារ ចូលស្នាក់នៅបន្ទាប់ពីប្រគល់ទទួលសំណង់អគារ។
ប្រការ៤៖ ភារកិច្ចរបស់ភាគី ខ ត្រង់ប្រការ៤.៣ - ភាគី ខ យល់ព្រមដាក់ទុនចំនួន៧.១១៣.៩០១ដុល្លារអាមេរិក សាងសង់អគារចំនួន១០ មាន ៦ជាន់រួមមានល្វែងស្នាក់នៅសម្រាប់១៧៧៦គ្រួសារ និងផ្លូវកៅស៊ូមួយប្រវែង៤០០ម៉ែត្រ លើដី ២ហិកតា។ ត្រង់ប្រការ៤.៤ - ធានាបញ្ចប់ការសងសង់ដូចក្នុងចំណុច ៤.៣ - អោយបានចប់សព្វគ្រប់ក្នុងរយៈពេល ៣០ខែ ដោយចែកចេញជាពីរជំហាន ៖ ជំហានទី១ ចំនួន ៣អគារ រយៈពេល ១៣ខែ គិតចាប់ពីថ្ងៃចាប់ផ្តើមសាងសង់ និងជំហានទី២ ចំនួន ៧អគារ រយៈពេល ១៧ខែ គិតចាប់ពីថ្ងៃចាប់ផ្តើមសាងសង់ជំហានទី២។
លោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុន ផាន អ៊ីមិច មិនអាចសុំការអត្ថាធិប្បាយបានទេ។
រហូតមកដល់ពេលនេះ ក្រុមហ៊ុន ផាន អ៊ីមិច បានធ្វើការសាងសង់អគារបានតែចំនួន៨ ចំណែកអគារចំនួន ២ទៀតមិនត្រូវបានសាសសង់អោយគ្រប់ដែរ ៕
No comments:
Post a Comment
yes