សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, January 6, 2012

៧មករា ខ្មែររួចពីទ្រុងខ្លា មកជាប់ក្នុងទ្រុងក្រពើ

ដោយ ហេង ហុង
ក្នុងលទ្ធិអាយ៉ងចិននិយមដែលមានលោកប៉ុល ពត ជាប្រមុខ បានសំលាប់ប្រជាពលរដ្ឋខ្មែរយ៉ាង រង្គាល និងបានបំផ្លាញប្រទេសខ្មែរស្ទើរសាបសូន្យ។ របបលោកប៉ុល ពតតែងយកប្រជាពលរដ្ឋ​ខ្មែរទៅ​សំលាប់ជារៀងរាល់ថ្ងៃ ដោយមិនរើសមុខអស់រាប់លាននាក់។ ប្រជាពលរដ្ឋខ្មែរក្នុងរបប​អាយ៉ងចិន​និយម ដូចរស់នៅក្នុងទ្រុងខ្លា គឺរង់ចាំតែខ្លាត្របាក់ប៉ុណ្ណោះ។


នៅថ្ងៃ៧មករា១៩៧៩ កងទ័ពយួនបានធ្វើការវាយលុក និងបានផ្ដួលរំលំរបបចិននិយមរបស់​លោក​ប៉ុល ពត។ ប្រជា​ពលរដ្ឋខ្មែរបានអបអរសាទយ៉ាងក្រៃលែង ព្រោះដឹងថា ខ្លួនបានរួចពីទ្រុងខ្លា​ហើយ។ ពេលនោះ ប្រជាពលរដ្ឋខ្មែរនាំគ្នាទៅយកស្រូវ អង្ករ អំបិល គោ ក្របី ជ្រូក​ មាន់ទា នៅតាម​ជង្រុក រឺទ្រុង ដែលក្រុម​សហករណ៏ពីមុនបានប្រមូលដាក់ជាទ្រព្យសម្បត្ដិរួម ដើម្បីផ្ពត់ផ្ពង់ជីវ​ភាពប្រ​ចាំថ្ងៃ។ ប្រហែលជាបួន​ប្រាំថ្ងៃក្រោយមក កងទ័ពយួនក៏ដកថយចេញទៅបាត់អស់។ ឯក្រុមទាហាន ប៉ុល ពត​ដែលបានលាក់ខ្លួន ក្បែរនោះ ក៏ត្រឡប់ចូលមកវិញ។ គ្រានេះគេសំលាប់ប្រជាពលរដ្ឋខ្មែរ សាហាវ ខ្លាំង​លើសជាងមុនទៅទៀត ទាញសំពង ទាញបាញ់សំលាប់ នៅក្នុងភូមិក្បែរផ្ទះ មិនយក​ទៅណាឆ្ងាយ​ឡើយ។ ពួកគេគ្រាន់តែ​ចោទថា អ្នកឯងបានទៅលួចទ្រព្យសម្បត្ដិរួម និងជាដៃ ជើង​សមគំនិតជាមួយពួក​យួន ដោយគ្មាន ការសួររកហេតុផលអ្វីឡើយ។ 


ការដែលមេដឹកនាំយួនដកកងទ័ពថយក្នុងរយៈពេលខ្លីនេះ ក្នុងគោលបំ​ណងផ្ដល់ឱកាស​អោយក្រុម​ទាហាន ប៉ុល ពតត្រឡប់មកសំលាប់ពលរដ្ឋខ្មែរសារជាថ្មី។​ ប្រហែលជា​ប៉ុន្មានថ្ងៃក្រោយមក ទើប​កងទ័ពយួនវាយសំរុកត្រឡប់ចូលមកវិញ។ ពេលនោះ ក៏មានការប៉ះ​ទង្កិច បាញ់គ្នារប៉េះ រប៉ោះ​ជា​មួយក្រុមទាហានប៉ុល ពត រួចក្រុមទាហានប៉ុល ពត នោះក៏រត់បាត់អស់ទៅ។ 


ដោយមានការប៉ះទង្គិចគ្នាបែបនេះ ពួកកងទ័ពយួនបានជាលេស ក៏ចោទប្រកាន់ប្រជាពលរដ្ឋខ្មែរថា៖ អ្នក​ឯងត្រូវដៃជើងជាមួយក្រុមប៉ុល ពត ជួយលាក់ទាហានប៉ុល ពត រួចក៏យកទៅសំលាប់ ធ្វើបាប​ទៀត​ទៅ។


ក្រោយមក ក្រុមមេដឹកនាំយួនក៏បានរៀបចំបង្កើត រដ្ឋាភិបាលខ្មែរមួយដែលមានអ្នកត្រួត​ពិនិត្យ​ជាជនជាតិយួន(សម័យនោះគេហៅថា លោកជំនាញការវៀតណាម) នៅចាំត្រួតពិនិត្យ និងបញ្ជា​គ្រប់​ស្ថាប័នរដ្ឋាភិបាលខ្មែរតាំងពីមជ្ឈឹមរហូតដល់ភូមិ ឃុំចុងកាត់មាត់ញក។ សូមបីលោក ចាន់ ស៊ី ជានាយក​រដ្ឋមន្ដ្រីខ្មែរ ក៏ត្រូវស្លាប់មុនអាយុ នៅថ្ងៃទី៣១ធ្នូ១៩៨៤ ដោយគ្រាន់តែលោក ក្នុងនាម​ជាមេដឹកនាំខ្មែរ ត្រូវតែការពារឧត្ដមប្រយោជន៏ខ្មែរ ដូចជា៖ លោកបានប្រឆាំងនិងការហូរ​ចូល​ដោយ​ខុសច្បាប់នៃជន​ជាតិ​យួនមក ក្នុងប្រទេសកម្ពុជា និងប្រឆាំងផែនការយួនដែល​តំរូវអោយ​ប្រជាពល​រដ្ឋខ្មែរទៅកាប់បំផ្លាញព្រៃ​ឈើខ្មែរដែលគេហៅថាផែនការ “ក៥”។


ចាប់តាំងពីលោកហ៊ុន សែនត្រូវបានមេដឹកនាំយួនលើកបន្ដុបអោយកាន់អំណាច នៅដើមខែមករា​១៩៨៥មក ផែនការរបស់មេដឹកនាំយួនទាំងប៉ុន្មានដែលលោកចាន់ ស៊ី បានជំទាស់ ត្រូវបាន​ដំណើរ​ការជា​បន្ដបន្ទាប់។ ការកាប់បំផ្លាញព្រៃឈើខ្មែរ បានក្លាយជាកាតព្វ​កិច្ចរបស់ប្រជាពល​រដ្ឋខ្មែរទូ​ទាំង​ប្រទេស។


លោកហ៊ុន សែនដែលជានាយករដ្ឋមន្ដ្រីខ្មែរ បានចាប់កេណ្ឌ កំលាំងយុវជន និងកំលាំងបុរស​មាន​កូន១ទៅកូន៣ ពីមួយថ្ងៃទៅមួយថ្ងៃស្ងាត់ភូមិ អោយទៅកាប់ព្រៃ។ ឈើល្អៗ និងមានតំលៃ ត្រូវដឹក​ទៅប្រទេសយួន។ ពិសេសទៅទៀត ការកាប់ព្រៃឈើមួយចំនួន ដែលជាជំរកត្រី និងជា​កន្លែងត្រីពង បណ្ដាលអោយត្រីខ្វះជំរករស់នៅ ក៏ចុះតាមដងទន្លេទៅក្រោមស្រុកយួន ការកាប់ព្រៃឈើនេះ មិនត្រឹម​តែជាអំពើបំផ្លាញធនធានធម្មជាតិខ្មែរទេ ពិសេសមេដឹកនាំយួន ធ្វើនយោបាយសំលាប់ខ្មែរ តាមវិធីដែល​គេហៅថា “ក៥” និងកាតព្វកិច្ចការពារជាតិ ដោយប្រើអ្នកដែលត្រូវសំលាប់​នេះអោយ​ទៅ​ស្លាប់ខ្លួនឯង “វិធីសំលាប់ប្រយោល”។ មេដឹកនាំយួនធ្វើជាអោយប្រជាពលរដ្ឋខ្មែរទៅកាប់ព្រៃ គឺគ្រាន់តែជាខែលដើម្បី​ឆ្ពិនភ្នែកមតិជាតិ និងអន្ដរជាតិតែប៉ុណ្ណោះ ព្រោះតំបន់ព្រៃទាំងនេះ​បាន​ក្លាយ​ជាចំការម៉ីន និងគ្រាប់គ្រប់ធន់ និងទីនោះជាតំបន់គ្រុនចាញ់ផង ជាតំបន់ប្រឈមមុខរវាង​កងទ័ព​ផង។ ដោយកត្ដាទាំងនេះហើយ ដែល​អ្នកត្រូវទៅកាប់ព្រៃនេះ ពុំសូវនឹងបាន​នៅមានជីវិត​ត្រឡប់​មកភូមិកំណើតខ្លួនវិញទេ បើនៅមានជីវិត ត្រឡប់មកវិញ គឺពុំមានសុខភាពធម្មតាដូចមុនដែរ។


ដើម្បីបង្ហាញពីភក្ដីភាព និងភាពស្មោះស្ម័គ្រឥតងាករេរបស់ខ្លួនចំពោះមេដឹកនាំយួន ក្រុមលោក​ហ៊ុន សែន បានយល់ព្រមអោយយួនរំកិលយកព្រំដែនស្រេចតែចិត្ដ ហើយបានអនុញ្ញាតិអោយជនជាតិ យួនមកតាំងទីលំនៅដោយខុសច្បាប់ពាសពេញប្រទេសខ្មែរ។ ក្រុមលោកហ៊ុន សែន​បានខិត​ខំ​ពង្រិច​ពង្រិលវប្បធម៌ខ្មែរ បង្ខំអោយកូនខ្មែររៀនតែភាសាយួន មិនអនុញ្ញាតិ​អោយរៀន​ប្រវត្ដិសាស្ដ្រ​របស់ខ្មែរ។ ក្រុមលោកហ៊ុន សែន សំលាប់ខ្មែរណាដែលបញ្ចេញសកម្មភាព​ការពារផលប្រយោជន៏​ខ្មែរ ដោយចោទ​អ្នកនោះថា “ជនមុខពីរ”។


ក្រុមលោកហ៊ុន សែន បានបង្កើតអោយមានភាពច្របូកច្របល់ អនាធិប្បតេយ្យក្នុងរចនាសម្ព័ន្ធ​សង្គមខ្មែរ។ សង្គមខ្មែរ ក្លាយជាសង្គមឈឺ និងភាពអសន្ដិសុខគ្រប់បែបយ៉ាង តាំងពីការបណ្ដោយ​ក្រុម​ប្រដាប់អាវុធ ប្រព្រឹត្ដអំពើព្រៃផ្សៃឃោរឃៅ គំរាមកំហែងប្រជាពលរដ្ឋ។ ក្រុមលោកហ៊ុន សែន​ធ្វើយ៉ាងនេះ ក្នុងបំណងបំពាក់បញ្ហាអោយខ្មែររួចជាស្រេច ដើម្បីអោយខ្មែរ វីវកវិលវល់ បាក់បែកគ្នា កាប់សំលាប់គ្នា ដើម្បីធ្វើអោយខ្មែរគ្មានពេលនឹកគិត រកដំណោះស្រាយ បញ្ហាគ្រោះ​មហន្ដរាយនៃ​ប្រទេសជាតិ ដោយ សារបរទេសជិតខាង ដូចជា បញ្ហាព្រំដែន និងបញ្ហាជនបរទេសខុសច្បាប់ ពិសេសគឺជនជាតិយួននេះឯង​ដែលរស់នៅ ដោយខុសច្បាប់ក្នុងប្រទេសខ្មែរយ៉ាងសន្ធឹកសន្ធាប់។


ដូចនេះ ក្រោយថ្ងៃ៧មករា១៩៧៩ ជីវិតខ្មែរបានរស់ឡើងវិញក៏ពិតមែន តែខ្មែរបានរស់ក្នុងភាពខ្មៅ​ងងឹត ក្នុងភាពបាត់បង់ស្មារតី ក្នុងភាពបាត់បង់ជាម្ចាស់លើខ្លួនឯង ក្នុងភាពភ័យក្លាចជាប្រចាំ។ ជីវិតខ្មែរ​បានរស់នៅក្រោមការតាមដានពីលោកជំនាញការយួន។ 


ប្រទេសខ្មែរថិតនៅក្រោមការដឹកនាំ និងត្រួត​ពិនិត្យពីសំណាក់មេដឹកនាំយួន។ ខ្មែរបានរស់តែខ្លួន ឯព្រលឹងរបស់ខ្មែរ មេដឹកនាំយួនពុំអនុញ្ញាតិអោយ រស់មកជាមួយទេ គឺអោយលោកហ៊ុន សែន ប្រើគ្រប់មធ្យោបាយក្នុងការព្យាបាទខ្មែរ បំផ្លាញខ្មែរ និងសំ​លាប់ខ្មែរជាបណ្ដើរៗជានិច្ច។ នេះមាន​ន័យថា ថ្ងៃ៧មករា១៩៧៩ គឺជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរ បានរួច​ពី​ទ្រុងខ្លា មកជាប់ក្នុងទ្រុងក្រពើ។


ដោយមានអន្ដរាគមន៏របស់អង្ការសហប្រជាជាតិ នោះមេដឹកនាំយួនក៏សុខចិត្ដអនុញ្ញាតិអោយ លោក​​ហ៊ុន សែន ចុះហត្ថលេខា នៅទីក្រុងប៉ារីស ទទួលយកសំណើរស្ដីពីសន្ដិភាព នាថ្ងៃទី២៣​តុលា​១៩៩១។ ចាប់ពីថ្ងៃ៣តុលា១៩៩១នេះមក ប្រជាពលរដ្ឋខ្មែរបានរស់រានទាំងរូបកាយ និង​ព្រលឹង ហើយ​ក៏ជា​ថ្ងៃដែលជនជាតិខ្មែរនៅគ្រប់ទិសទី ទាំងគ្រប់ស្រទាប់ មានលទ្ធភាព​ចូលមករួម​កំលាំងគ្នា ស្ដារនិង​កសាងមាតុភូមិកម្ពុជាឡើងវិញ។

No comments:

Post a Comment

yes