សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 28, 2012

សវនាការ​លើ​បណ្ដឹង​ចោទ​មន្ត្រី​​គណបក្ស​ប្រជាជន​ពី​បទ​ទិញ​ទឹក​ចិត្ត

គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​បាត់ដំបង កាល​ពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​មករា បាន​បើក​សវនាការ​លើ​បណ្ដឹង​របស់​គណបក្ស សម រង្ស៊ី ដែល​បាន​ប្ដឹង​ចោទ​ប្រកាន់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ពី​បទ​ប្រើ​លុយ​ទិញ​ទឹក​ចិត្ត​សមាជិក​ក្រុមប្រឹក្សា​ឃុំ​របស់​គណបក្ស សម រង្ស៊ី ម្នាក់។
គណបក្ស សម រង្ស៊ី បាន​ប្ដឹង​ចោទ​ប្រកាន់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ឈ្មោះ ជាម ប៉េអា ពី​បទ​យក​លុយ​ទិញ​ទឹក​ចិត្ត​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់​របស់​គណបក្ស សម រង្ស៊ី ឲ្យ​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​នីតិកាល​ទី​៣ នៅ​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១២ នេះ។
អ្នកស្រី មូរ សុខហួរ អ្នក​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី បាន​ថ្លែង​នៅ​បន្ទាប់​ពី​បញ្ចប់​សវនាការ​ថា គណបក្ស សម រង្ស៊ី ទាមទារ​បី​ចំណុច។ ទី​១ សុំ​ឲ្យ​មាន​ការ​ពិន័យ​ជា​ទឹក​ប្រាក់​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​បោះ​ឆ្នោត ទី​២ សុំ​ឲ្យ​លុប​ឈ្មោះ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​ពីរ​នាក់​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២ និង​ទី​៣ សុំ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លុប​ឈ្មោះ​គណបក្ស​ប្រជាជន​កម្ពុជា ចេញ​ពី​បញ្ជី​បោះ​ឆ្នោត ព្រោះ​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រើ​មន្ត្រី​របស់​ខ្លួន​យក​លុយ​ទិញ​ទឹក​ចិត្ត​មន្ត្រី​គណបក្ស សម រង្ស៊ី ផ្ទុយ​ពី​ច្បាប់​បោះ​ឆ្នោត។
អ្នកស្រី មូរ សុខហួរ៖ «ការ​ទិញ​សន្លឹក​ឆ្នោត គឺ​ជា​ការ​បំផ្លាញ​គោលការណ៍​ប្រជាធិបតេយ្យ ដែល​ចាប់​ផ្ដើម​ពី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ គណបក្ស សម រង្ស៊ី អំពាវនាវ​ឲ្យ​ម្ចាស់​ឆ្នោត​រក្សា​សន្លឹក​ឆ្នោត​របស់​ខ្លួន ហើយ​ការ​ទិញ​ដូរ​សន្លឹង​ឆ្នោត គឺ​ជា​ការ​មួយ​ខុស​ច្បាប់»
លទ្ធផល​នៃ​សវនាការ​របស់​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បាត់ដំបង នឹង​ប្រកាស​ឲ្យ​ដឹង​នៅ​វេលា​ម៉ោង ៩​ព្រឹក ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១២៕


វិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes