តុលាការក្រុងភ្នំពេញបានបើកសវនាការលើរូបលោក ឈឿន ចាន់ថន ពាក់ព័ន្ធនឹងបទព្រហ្មទណ្ឌចំនួន ៤ករណី មានដូចជា ទី១ ការកាន់កាប់អាវុធខុសច្បាប់ តាមមាត្រាទី២០ នៃច្បាប់ស្ដីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ។ ទី២ ចេញប័ណ្ណឲ្យប្រើប្រាស់អាវុធខុសច្បាប់តាមមាត្រាទី២២ នៃច្បាប់ដដែលនេះ ទី៣ ក្លែងបន្លំឯកសារសាធារណៈស្ដីពីប្រវត្តិរូបសង្ខេប តាមមាត្រាទី៦២៩ នៃក្រមព្រហ្មទណ្ឌ និងទី៤ ប្រើប្រាស់ឯកសារសាធារណៈក្លែងបន្លំតាមមាត្រាទី៦៣០ នៃក្រមព្រហ្មទណ្ឌ។
តុលាការក្រុងភ្នំពេញគ្រោងប្រកាសសាលក្រមនេះនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២។
មេធាវីការពារក្ដីឲ្យលោក ជា ស៊ីម ប្រធានព្រឹទ្ធសភា គឺលោក ណាច ទ្រី ជាដើមបណ្ដឹង បានមានប្រសាសន៍នៅក្នុងសវនាការថា លោកសុំឲ្យចៅក្រម សួស សំអាង ផ្ដន្ទាទោសលោក ឈឿន ចាន់ថន នោះ ឲ្យបានតឹងតែងបំផុត។
ចំណុចសំខាន់ៗ ដែលលោក ណាច ទ្រី មានភស្តុតាង និងចោទប្រកាន់នោះ មានដូចជា លោក ឈឿន ចាន់ថន បានចេញប័ណ្ណឲ្យប្រើប្រាស់អាវុធខ្លី ដោយគ្មានការអនុញ្ញាតពីក្រសួងការពារជាតិ។ បាត់អាវុធខ្លីចំនួន ៩០ដើម ដែលមានក្នុងបញ្ជី ដោយគ្មានមូលហេតុច្បាស់លាស់។ ក្លែងបន្លំអត្តលេខ ០០ ៣៣ ៦១ និង ឈ្មោះថាជាកម្មសិទ្ធិរបស់ខ្លួន ដែលបានទិញឈ្មោះលោក ស៊ុន ហ្គូ ដែលបានពលីជីវិត។
មេធាវីការពារក្ដីឲ្យលោក ឈឿន ចាន់ថន គឺលោក ពុទ្ធធា វី បានមានប្រសាសន៍នៅក្នុងសវនាការ ដើម្បីដោះបន្ទុកលើកូនក្ដីលោកថា អាវុធវែង និងអាវុធខ្លីជាច្រើនដើម ដែលបានរឹបអូសនៅពេលចាប់ខ្លួននោះ គឺជាអាវុធសល់ពីបេសកកម្មការពារសុវត្ថិភាពឲ្យលោក ជា ស៊ីម នៅខេត្តព្រៃវែង នៅខែសីហា ឆ្នាំ២០១១ កន្លងទៅនេះ។
លោកសុំឲ្យចៅក្រម សួស សំអាង លើកលែងការចោទប្រកាន់ និងដោះលែងកូនក្តីរបស់លោក ឲ្យមានសេរីភាពវិញ ដោយលោកបានសំអាងថា ការចេញប័ណ្ណឲ្យប្រើប្រាស់អាវុធកន្លងមក គឺបានធ្វើតាមទន្លាប់របស់មេបញ្ជាការកងអង្គរក្សមុនៗ ជារឿងផ្ទៃក្នុងរបស់អង្គភាពនេះ។
លោក ពុទ្ធធា វី បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅក្រៅតុលាការថា ការចោទប្រកាន់មកលើលោក ឈឿន ចាន់ថន គឺជារឿងអយុត្តិធម៌ ដែលមិនអាចទទួលយកបាន ៖ "មានបុគ្គលម្នាក់ចង់ដណ្ដើមអំណាចពី ឈឿន ចាន់ថន... បង្ហាញថា ការដណ្ដើមអំណាចរបស់គាត់ហ្នឹង គឺផ្ទៃក្នុង... ផ្ទៃក្នុងគ្នាគាត់ហ្នឹង កាច់កុងគ្នា ផ្ទៃក្នុងអង្គភាព ច្រណែននិន្ទា ឈ្នានីសគ្នា... ខ្ញុំនិយាយពីភាពអ៊ីចឹងម៉ង។ ខ្ញុំអត់ហ៊ានបញ្ចេញឈ្មោះទេ និងនិយាយរួមអ៊ីចឹងម៉ង ហើយក៏គ្មានពាក់ព័ន្ធរឿងនយោបាយស្អីណាទេ"។
អតីតមេបញ្ជាការកងអង្គរក្សរបស់លោក ជា ស៊ីម គឺលោក ឈឿន ចាន់ថន ត្រូវបានកងកម្លាំងកងរាជអាវុធហត្ថផ្ទៃប្រទេស បានព័ទ្ធចាប់ខ្លួននៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១១ កន្លងទៅនេះ នៅរាជធានីភ្នំពេញ តាមដីការបស់តុលាការ។
លោក ឈឿន ចាន់ថន កំពុងតែប្រឈមមុខបទចោទចំនួន៤ នៃសំណុំរឿងព្រហ្មទណ្ឌនៅសាលាដំបូងរាជធានីភ្នំពេញ ជាតុលាការស៊ីវិល។ ប៉ុន្តែលោកក៏រងការចោទប្រកាន់ចំនួន ៥ករណីទៀត ដោយតុលាការយោធា ក្រោមបទព្រហ្មទណ្ឌ៕
អាស៊ីសេរី
No comments:
Post a Comment
yes