ភ្នំពេញ៖ គ.ជ.ប. បានពន្យារពេល មិនទាន់ប្រកាសនូវលទ្ធផលបោះឆ្នោតព្រឹទ្ធសភា ជាផ្លូវការ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១២ ដោយសារតែមានពាក្យបណ្តឹងតវ៉ា។ តាមគម្រោងលទ្ធផលផ្លូវការនោះ នឹងត្រូវចេញយ៉ាងយូរត្រឹមថ្ងៃទី៥ ខែមីនា ឆ្នាំ២០១២។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១២ថា "នៅពេលមួយថ្ងៃនេះទៀត ដែលគណបក្សនយោបាយ អាចប្តឹងជំទាស់លើលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតព្រឹទ្ធសភា។ ឥឡូវយើងមានបណ្តឹងមួយចំនួន កំពុងតែដោះស្រាយ។ តាមច្បាប់ទាល់តែដោះស្រាយបណ្តឹងអស់ បានយើងប្រកាសលទ្ធផលផ្លូវការ"។
លោក ទេព នីថា បានបន្ថែមថា "មានបណ្តឹង ២ នៅខេត្តកំពង់ឆ្នាំង។ បណ្តឹងនោះ ទាក់ទងនឹងការឃោសនាបោះឆ្នោត។ ដូច្នេះករណីនេះ បើគេមិនសុខចិត្តនឹងការសម្រេចរបស់ គ.ជ.ប. គេអាចប្តឹងទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញទៀត។ វាអាចស៊ីពេលយូរបន្តិច។ នៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ អាទិត្យក្រោយ គ.ជ.ប. នឹងដោះស្រាយបណ្តឹងនោះ ហើយថែម ៥ ថ្ងៃទៀត សម្រាប់រយៈពេលប្តឹង ទៅក្រុមប្រឹក្សាធម្មនុញ្ញ ( បើសិនជាដើមបណ្តឹង ឬចុងចោទ មិនទទួលយកការសម្រេចរបស់ គ.ជ.ប.)"។
ជាមួយគ្នានោះ លោកអគ្គលេខាធិការ គ.ជ.ប. បានបន្ថែមថា "បើមិនប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញទេ វាចូលដល់អាទិត្យក្រោយមួយទៀត យើងអាចប្រកាសលទ្ធផលផ្លូវការបានហើយ។ តែបើប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ នោះក្រុមប្រឹក្សាធម្មនុញ្ញ ដោះស្រាយពី ១០ ថ្ងៃ ទៅ ២០ ថ្ងៃ។ តាមការគ្រោងទុក គ.ជ.ប. នឹងចេញលទ្ធផលបោះឆ្នោតព្រឹទ្ធសភាផ្លូវការចុងក្រោយ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១២"។
សូមរម្លឹកថា ក្រោយការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៣ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ គ.ជ.ប. បានប្រកាសលទ្ធផលបណ្តោះអាសន្នថា គណបក្សប្រជាជនកម្ពុជា ទទួលបាន ៨.៨៨០ សំឡេង និងគណបក្សសមរង្ស៊ី ទទួលបាន ២.៥០៣ សំឡេង។ តាមសំឡេងឆ្នោតនេះ គេអាចគណនាឃើញថា គណបក្សប្រជាជនកម្ពុជា ទទួលបាន ៤៦ អាសនៈ។ រីឯគណបក្សសមរង្ស៊ី ទទួលបាន ១១ អាសនៈ ដូចអ្វីដែលគណបក្សនយោបាយទាំងពីររំពឹងទុកមុនថ្ងៃបោះឆ្នោត ស្របតាមចំនួនអ្នកបោះឆ្នោត ដែលជាក្រុមប្រឹក្សាឃុំសង្កាត់ និងសមាជិករដ្ឋសភារបស់ខ្លួន៕
No comments:
Post a Comment
yes