
មេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យភូមា លោកស្រី ស៊ូជី ថ្លែងសុន្ទរកថាទៅកាន់អ្នកគាំទ្រនៅឃុំខាវមូ ក្នុងដំណើរការឃោសនា។ Reuters
ក្រុងវ៉ាទីនខាៈ ប្រជាពលរដ្ឋរាប់ពាន់នាក់ បានឈរតម្រៀបគ្នានៅតាមដងវិថីដើម្បីស្វាគមន៍ដ៏កក់ក្តៅកាលពី ថ្ងៃសៅរ៍ដល់ម្ចាស់ជ័យលាភីណូបែលសន្តិភាព លោកស្រីអ៊ុង សាន ស៊ូជី ខណៈលោកស្រី ធ្វើយុទ្ធនាការដំបូងក្នុងកិច្ចប្រឹងប្រែង ដើម្បីឈ្នះអាសនៈមួយនៅក្នុងសភាជាតិ។
ដោយជិះក្នុងក្បួនរថយន្តជាង៣០គ្រឿង និងត្រូវហែហមដោយម៉ូតូរាប់រយ លោកស្រី ស៊ូជី ទទួលបានការស្វាគមន៍ដ៏អស្ចារ្យពីហ្វូងមនុស្សអបអរសាទរ អ្នកគាំទ្រគ្រវីទង់ជាតិដែលស្រែកព្រមៗគ្នាថា«ជយោ!អ្នកម្តាយស៊ូជី» ពេញមួយដំណើរ៧ម៉ោងរបស់លោកស្រី ទៅកាន់ទីជនបទមួយដែលលោកស្រី នឹងប្រកួតប្រជែងក្នុងការបោះឆ្នោតពិសេសនៅខែមេសា។
មេដឹកនាំតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យរបស់ភូមារូបនេះ បានឈរអើតចេញតាមចន្លោះដំបូលរថយន្ត ដោយគ្រវីដៃ និងមានទឹកមុខញញឹមញញែម ខណៈរថយន្តធំទ្រុឌទ្រោម និងមានដឹកមនុស្សជាច្រើន បានធ្វើដំណើរទៅមកក្នុងចំណោមហ្វូងមនុស្ស ជាមួយក្តីរំភើបជាខ្លាំងនៅឯការជួបជុំដ៏កម្រមួយ នៅក្នុងប្រទេសមួយដែលកងទ័ពគ្រប់គ្រងយ៉ាងតឹងរ៉ឹង៤៩ឆ្នាំ និងបានគាបសង្កត់ក្រុមសកម្មនិយមយ៉ាងឃោរឃៅ។
លោកស្រីស៊ូជី បានស្រែកទៅហ្វូងមនុស្សដែលពួកគេភាគច្រើន បានលើករូបថតដាក់ពីលើក្បាលជាមួយនឹងរូបថតរបស់លោក អ៊ុង សានដែលជាឪពុកលោកស្រី និង ជាវីរបុរសដែលស្លាប់ទៅដោយការលួចធ្វើឃាតនៅពេលកូនស្រីរូបនេះ មានអាយុពីរឆ្នាំ។
លោកស្រី កំពុងឈរឈ្មោះដើម្បី អាសនៈសភាជាន់ទាបនៅក្នុងមណ្ឌលខាវមូ ជាសហគមក្រីក្រនៅខាងត្បូងក្រុងយ៉ាំងហ្គោន។
លោកស្រី បានអំពាវនាវដល់អ្នកបោះឆ្នោត និងបានបញ្ជាក់ថា ប្រសិនបើជាប់ឆ្នោត លោកស្រី និង បក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ(NLD)របស់លោកស្រី នឹងធ្វើតាមពាក្យសន្យាក្នុងពេលធ្វើយុទ្ធនាការមិនឲ្យខកខានឡើយ។ លោកស្រីបានសង្កត់ធ្ងន់ថា ការបង្កើតការងារធ្វើ ជាអាទិភាពទីមួយរបស់លោកស្រី។
លោកស្រី បានប្រាប់ហ្វូងអ្នកគាំទ្រថា៖ «ខ្ញុំសូមអំពាវនាវដល់ពលរដ្ឋឲ្យមានជំនឿលើយើង។ NLD មិនមានមន្តអាគមទេ ប៉ុន្តែយើងនឹងទទួលបានក្តីប្រាថ្នារបស់យើងឆាប់ៗជាមួយកិច្ច ប្រឹងប្រែងរួមពេញទំហឹង ជាមួយការលើកទឹកចិត្ត និងសមត្ថភាពយកឈ្នះការតស៊ូនេះ» ៕
ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes