សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, February 11, 2012

ខ្មែរក្រោម ជុំវិញពិភពលោកធ្វើពិធីរំឭកខួប ៥ ឆ្នាំ នៃព្រឹត្តិការណ៍ ០៨ កុម្ភៈ

ភ្នំពេញ៖ ពលរដ្ឋខ្មែរក្រោម នៅប្រទេសនានា បានប្រារព្ធពិធីខួប៥ឆ្នាំ នៃព្រឹត្តិការណ៍ ០៨ កុម្ភៈ ដើម្បី រំឭកឡើងវិញនូវ ការតស៊ូរបស់​សមណសិស្ស ខ្មែរក្រោម នៃសាលាបាលី ជាន់ខ្ពស់ខេត្ត ឃ្លាំង ដែល បានក្រោកឡើង​ធ្វើបាតុកម្ម នៅ មុខការិយាល័យនគរបាលវៀតណាម​ខេត្តឃ្លាំង កាល ពី ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០០៧ ទាមទារឲ្យ អាជ្ញាធររៀតណាម​ គោរពសិទ្ធិខ្មែរក្រោម ដែលជា​ម្ចាស់ស្រុក នៃ ដែន ដី​កម្ពុជាក្រោម។

សូមជំរាបថា នៅប្រទេសអូស្ត្រាលី សហគមន៍ព្រះសង្ឃខ្មែរ កម្ពុជាក្រោមពិភពលោក បាន ចុះផ្សាយ នូវបទវិចារណកថាមួយ ដែលបានផ្សាយ នៅលើគេហទំព័ររបស់ខ្លួន នាថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០១២ ដើម្បីឧទ្ទិសដល់ព្រឹត្តិការណ៍ ០៨ កុម្ភៈ ថា ៖  “ថ្ងៃនេះ គឺជាថ្ងៃ នៃទំព័រប្រវត្តិ សាស្រ្តថ្មីមួយ ដែលសមណនិស្សិត ខ្មែរក្រោម ក្រោកឡើងតវ៉ាទាមទារសិទ្ធិសេរី ភាពនៃជំនឿសាសនា ពីរដ្ឋា ភិ បាល យួន នៅឯដែនដីកម្ពុជាក្រោម ហើយក៏ជាថ្ងៃប្រវត្តិសាស្រ្តមួយ ដែលឈឺចាប់បំផុត សម្រាប់ ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរក្រោម យើងអ្នកកាន់ ព្រះពុទ្ធសាសនា។ ត្រង់កន្លែងនេះចង់បានន័យថា ក្រោយពីមានការក្រោកឡើងទាមទារ ដើម្បីសិទ្ធិ សេរីភាពនៃជំនឿ សាសនានោះមានព្រះ សង្ឃជា ច្រើន ត្រូវបានអាជ្ញាធរកុម្មុយនិស្តយួន ចាប់បកស្បងចីពរ ផ្សឹកទាំងកំរោល និងព្រះសង្ឃជា សមណ និស្សិត មួយចំនួនធំ ត្រូវបានបញ្តេញចេញពី សាលាបាលី ។ ហើយអ្វី​ដែលគួរឲ្យ​ ឈឺចាប់ បំផុត នោះ ព្រះសង្ឃទាំង ៥ ព្រះអង្គ គឺ ព្រះតេជគុណ គឹម មឿន ព្រះតេជគុណ លី សឿង ព្រះតេជគុណ យ័ញ តូន ព្រះតេជគុណ លី ហ្វាង និងព្រះតេជគុណ ថាច់ ធឿង ដែលក្រោយពីការ ចាប់ផ្សឹក អាជ្ញាធរយួន ក៏បានដាក់ពន្ធនាគារ ព្រះអង្គយ៉ាងអយុត្តិ ធម៌ជាទីបំផុត  

នៅក្នុងបទវិចារណកថាពីប្រទេសអូស្ត្រាលី សហគមន៍ព្រះសង្ឃខ្មែរ កម្ពុជាក្រោមពិភពលោក បាន បន្តទៀតថា៖ អ្វីដែលលើកឡើងមកនេះគឺសហគមន៍ព្រះសង្ឃខ្មែរកម្ពុជាក្រោម ពិភព លោក ចង់ ឲ្យព្រះតេជគុណ ញាតិញោម ពុទ្ធបរិស័ទទាំងអស់បានដឹង និងចងចាំជានិច្ចនូវថ្ងៃប្រវត្តិសាស្រ្ត ដ៏ធំ ធេងមួយនេះ ព្រោះថាពេលកន្លងមកក្រៅ ពីសហគមន៍ព្រះសង្ឃខ្មែរកម្ពុជាក្រោមពិភពលោក គឺពុំ មាន អ្នកណាចាប់អារម្មណ៍ ដល់ថ្ងៃនេះឡើយ ហើយទន្ទឹមនឹងនេះ ដែរក៏មានបុគ្គលខិលខូច មួយ ចំនួន បានកេងប្រវ័ញ្ចយកថ្ងៃនេះ ទៅឃោសនាផ្សព្វផ្សាយ ដើម្បីជាផលប្រយោជន៍ផ្ទាល់ខ្លួន តែថ្ងៃ នេះសហគមន៍ព្រះសង្ឃ ខ្មែរកម្ពុជាក្រោមពិភពលោក ប្រារព្ធធ្វើឡើងគឺចង់បង្ហាញដល់ញាតិញោម ដឹងថា នេះគឺជា ទឹកចិត្ត និងឆន្ទៈ របស់ព្រះសង្ឃខ្មែរ កម្ពុជាក្រោម ដែលរស់នៅលើទឹកដី កម្ពុជា ក្រោមពិតៗ ហើយហ៊ានលះបង់គ្រប់យ៉ាង ដើម្បីជាតិ សាសនា និង មាតុភូមកម្ពុជាក្រោមយើង   

ចំណែកនៅប្រទេសកាណាដា សហព័ន្ធ​ខ្មែរកម្ពុជាក្រោមក៏បានចេញសេចក្តីថ្លែងការ​ណ៍មួយ
រ​បស់ ខ្លួន​ចុះ ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០១២ បានធ្វើការចាប់អារម្មណ៍ដល់ព្រឹត្តិកាណ៍ ០៨ កុម្ភៈ ថា ជា«ព្រឹត្តិកាណ៍ ដ៏អង់អាច ក្លាហាន» ដែលសមណសិស្សខ្មែរក្រោម ហ៊ានងើបឡើងតស៊ូ ដើម្បី​ ទាម ទារសិទ្ធិសេរីភាពជូន​ខ្មែរកម្ពុជាក្រោម ដែលជានិច្ចកាលត្រូវបាន​អាជ្ញាធរយួនរំលោភបំពាន។ 

ទីបញ្ចប់ នៃសេចក្ដីថ្លែងការណ៍នោះ ព្រះតេជព្រះគុណ ធីធី ធម្មោ អគ្គលេខាធិការសហ ព័ន្ធខ្មែរ​ កម្ពុជាក្រោម បានថ្លែងតាងនាមគណៈកម្មការនាយក នៃ​សហព័ន្ធខ្មែរកម្ពុជា ក្រោមថា ព្រះអង្គ​ ចាត់ ទុកព្រឹត្តិការណ៍ ០៨ កុម្ភៈ ថា៖  “ជាថ្ងៃប្រវត្តិសាស្ត្ររបស់ព្រះសង្ឃខ្មែរក្រោម ពលរដ្ឋខ្មែរក្រោម ដែលរស់នៅលើដែនដីនេះ ។ ហើយជា ទិវាជ័យជំនះ ដែលទី​ក្រុងហាណូយត្រូវបរាជ័យ ពិសេស គឺត្រូវប្រទេសដែលស្រឡាញ់ និងគោរពប្រជា ធិបតេយ្យ សេរីជំនឿ បានចាត់ទុក ថាជារបប ថោក ទាប ដ៏គួរឲ្យស្អប់ខ្ពើមរបស់រដ្ឋាភិបាលបាល ទីក្រុងហាណូយ បានរំលោភសិទ្ធិ ព្រះពុទ្ធសាសនា ថេរវាទខ្មែរក្រោម

ពីប្រទេសថៃ ព្រះសង្ឃ និង ជនភៀសខ្លួនខ្មែរក្រោម នៅទីក្រុងបឹងកក់បានប្រារព្ធខួប ឆ្នាំទី ៥ នៃ ព្រឹត្តិការណ៍ ០៨ កុម្ភៈ នៅថ្ងៃទី ៥ ខែកុម្ភៈ ដោយមានការចូលរួមថ្លែងចាប់ អារម្មណ៍ពីព្រះ សង្ឃជា អតីតសមណបាតុករ ក្នុងព្រឹត្តិការណ៍មួយនេះ ផងដែរ ។  ព្រះតេជព្រះគុណ ចៅ សុខ សមណ និស្សិត នៃសកលវិទ្យាល័យ មាហាចុឡាឡុង ករណ៍រាជវិទ្យាលល័យ ប្រចាំ​ខេត្តសុរិន្ទ បានថ្លែងអំពី មូលហេតុដែលនាំឲ្យព្រះអង្គរំឭក ឡើងវិញ នូវព្រឹត្តិ ការណ៍មួយនេះថា ៖  “ដើម្បីដាស់សតិ អាម្មណ៍ ព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមទូទាំងពិភពលោក ឲ្យមានការតស៊ូហ៊ាន ក្រោកឡើងចំពោះ ការរំ លោភសិទ្ធិ ពីសំណាក់រដ្ឋាភិ បាលវៀតណាម និងជាសារ​មួយ សម្រាប់ព្រមានដល់រដ្ឋាភិបាលបក្ស កុម្មុយនិស្សយួនឲ្យបានដឹងថា ដារាបណាអាជ្ញាធរយួន នៅតែរំលោភ សិទ្ធិលើខ្មែរក្រោម ដារាបនោះ ព្រឹត្តិការណ៍ ០៨ កុម្ភៈ នឹងកើតឡើងទូទាំងដែនដីកម្ពុជាក្រោម ជាលក្ខណៈទ្រង់ទ្រាយធំ ដែលមាន ព្រះសង្ឃចូលរួមរាប់ម៉ឺនអង្គ ព្រោះកន្លែងណាមានការគាបសង្កត់ កន្លែង​នោះ តែងតែមាន ការរើ បម្រះ”​

ចំណែកនៅប្រទេសហូឡង់ ព្រះសង្ឃខ្មែរក្រោម និង លោក លី សឿង ជាអតីត​សមណបាតុករ ក្នុងព្រឹត្តិការណ៍ ០៨ កុម្ភៈ ដែលត្រូវបានអាជ្ញាធរយួនចាប់ផ្សឹក ហើយញាត់គុកនៅខេត្ត ឃ្លាំងនោះ ក៏បានរំឭកខួប ៥ ឆ្នាំ នៃព្រឹត្តិការណ៍ មួយនេះដែរ ។ លោក លី សឿង បានប្រាប់អំ ពីមូលហេតុ ដែល នាំឲ្យលោករំឭកខួបនេះថា ដើម្បីរំឭក ឡើងវិញនូវការឈឺចាប់ ដែលអាជ្ញាធរវៀតណាម បានខ្លួនលោកដាក់គុក និងធ្វើទុក្ខបុក ម្នេញដល់ពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោមនៅដែន​ ដីកម្ពុជា ក្រោមក ។​ សូមរំឭកឡើងវិញថា កាលពី ៥ ឆ្នាំមុននៅថ្ងៃ ទី ០៨ ខែកុម្ភៈ ឆ្នាំ ២០០៧ សមណសិស្ស សាលាបំពេញវិជ្ជា បាលីមធ្យមសិក្សាភាគខាងត្បូង ឬ បាលីជាន់ខ្ពស់ ខេត្តឃ្លាំង ឋិតនៅក្នុងវត្តឃ្លាំង ទីរួមខេត្តឃ្លាំង បានធ្វើបាតុកម្មទាមទារឲ្យអាជ្ញាធរវៀតណាម គោរពសិទ្ធិសេរីភាពរបស់ខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ។

នៅប្រទេសកម្ពុជាលោក លី ឈួន អ្នកនាំពាក្យសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំពិភពលោក និងជា
ចាងហ្វាងសារព័ត៌មានព្រៃនគរ បានឲ្យដឹងថា ការប្រារព្ធពិធីខួប៥ឆ្នាំ នៃព្រឹត្តិការណ៍ ០៨ កុម្ភៈ នៅ ក្នុងប្រទេសកម្ពុជាធ្វើឡើងដោយស្ងាត់ៗពីសំណាក់ជនរងគ្រោះពីព្រោះអាជ្ញាធរមិនអនុញ្ញាត្តិ
ឲ្យ ខ្មែរ កម្ពុជាក្រោមធ្វើធីពីរំលឹកខួបអ្វីមួយឡើយដែលទាក់ទងជាមួយនិងវៀតណាម ។  

ដោយឡែកនៅកម្ពុជាក្រោមក៏អាជ្ញាធរយួនមិនអនុញ្ញាតិឲ្យខ្មែរកម្ពុជាក្រោមបារព្វពិធីអ្វីទាំងអស់ដែលចុំថ្ងៃ៨ កុម្ភៈ នេះផងដែរ ដោយគេចាត់ទុកថាការធ្វើពីធីគឺដើម្បីរំលឹកដល់ថ្ងៃដែលព្រះសង្ឃ​​
និងប្រជាជនខ្មែរធ្វើបាតុកម្មប្រឆាំងជាមួយនិងវៀតណា ។

ចំណែកលោក យន្ត ថារូ ប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម និងជាតំណាងរាស្រ្ត​គណ  បក្សសម រង្ស៊ី មណ្ឌលបន្ទាយមានជ័យលោកបានថ្លែងថា លោកសូមគាំទ្រនូវស្មារតីនិងឧត្កតម 
គតិស្នេហារជាតិ សិទ្ធិសេរីភាពនៃការគោរពជំនឿសាសនា សិទ្ធិមនុស្ស និងគោរពសិទ្ធជន​ជាតិ
ដើម ដែលជាការសំខាន់បំផុតដែលព្រះសង្ឃកម្ពុជាក្រោមនៅខេត្តឃ្លាំងបានធ្វើនោះ ។

សូមជំរាបផងដែរថា ការធ្វើបាតុកម្មនេះ មានព្រះសង្ឃខ្មែរក្រោមប្រមាណជាង ២០០ អង្គបាន​ ធ្វើ​ ក្បួនដង្ហែចេញ ពីវត្តឃ្លាំងឆ្ពោះទៅ មន្ទីរនគរបាលខេត្តនៃរដ្ឋាភិបាលបក្ស កុម្មុយនិស្តវៀតណាម ដោយ លើកហេតុផលថា នគរបាលចរាចរណ៍របស់ វៀតណាម បានហាមព្រះ សង្ឃខ្មែរក្រោម​ ក្នុង សាលា​បាលីជាន់ខ្ពស់មិនឲ្យនិមន្តចេញបិណ្ឌបាត្រ។ ក្រោយពី ការធ្វើបាតុកម្ម នេះ ព្រះសង្ឃខ្មែរ ក្រោម ជាច្រើនអង្គត្រូវបានអាជ្ញាធរវៀតណាមចាប់ផ្សឹក បញ្ឈប់ការសិក្សា និងដាក់ពន្ធនាគារ ដោយ ចោទពីបទ «បង្កឲ្យខូចសណ្តាប់ ធ្នាប់ទីសា ធារណៈ»   ក្រោយមក នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧ ព្រះសង្ឃខ្មែរ ក្រោមចំនួន ៥ អង្គ ត្រួវបានតុលាការប្រជាជននៃបក្សកុម្មុយនិស្ត វៀតណាម ប្រកាសសាល​​ក្រមឲ្យជាប់គុក ម្នាក់ៗ ពី ២ឆ្នាំ ទៅ ៤ឆ្នាំ ពីបទ «បង្កឲ្យខូចណ្តាប់ធ្នាប់ទី 
សាធារណៈ»  

លទ្ធផលនៃការធ្វើបាតុកម្មនេះ អាជ្ញាធរវៀតណាមបានផ្តល់ឲ្យព្រះសង្ឃ និងពលរដ្ឋ ខ្មែរ ក្រោម​ ទូទាំងខេត្តឃ្លាំង មានសិទ្ធិប្រារព្ធបុណ្យកឋិន ថ្ងៃណាមួយក្នុងចំណោម ២៩ ថ្ងៃនៃរដូវ កឋិនទាន​ តាម ពុទ្ធានុញ្ញាត ខណៈដែលពីមុន រដ្ឋាភិបាលវៀតណាម បានបង្ខំឲ្យព្រះ សង្ឃ និងពលរដ្ឋ ខ្មែរក្រោម នៅខេត្តឃ្លាំងធ្វើបុណ្យកឋិនទាន បានត្រឹមតែមួយថ្ងៃ បុណ្ណោះ ។ ការ ដែលអាជ្ញាធរ វៀត​ ណាម បានបង្ក្រាបដោយវិធីចាប់ផ្សឹក ដេញសមណសិស្សសាលាបាលី ចេញពីសាលា និងចាប់​ ព្រះសង្ឃដាក់គុក នៅក្នុងព្រឹត្តិការណ៍មួយនេះ បានធ្វើឲ្យព្រះសង្ឃ និងពលរដ្ឋខ្មែរ​ ក្រោមទូទាំង​ ពិភពលោក ធ្វើបាតុកម្មទាមទារ គ្រប់ទីកន្លែង ក្នុងគោលបំណងជម្រុញឲ្យអាជ្ញាធរ វៀតណាម ដោះលែងព្រះសង្ឃទាំង ៥ ដែលបានជាប់ពន្ធនាគារនោះ ឲ្យមានសេរីភាពវិញ ។

ក្រោយពី បានអាជ្ញាធរវៀតណាមដោះលែងចេញ ពីពន្ធនាគារ អតីតព្រះសង្ឃខ្មែរក្រោមទាំង ៥ អង្គ បានភៀស ខ្លួន ទៅសុំសិទ្ធិជ្រកកោន នៅឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុក​ ជន ភៀសខ្លួន (UNHCR) ប្រចាំទីក្រុងបាំងកក់ ប្រទេសថៃ ហើយក៏បានអង្គការមួយនេះ បញ្ជូនទៅ​ តាំង ទីលំនៅ នៅប្រទេសទី ៣ ដោយសុវត្ថិភាព ៕ 

No comments:

Post a Comment

yes