ប្រភពពីកងយោធាខ្មែរដែលកំពុងប្រចាំការពារព្រំដែនជិតប្រាសាទព្រះវិហារ នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានឱ្យដឹងថា រហូតមកដល់ពេលនេះទាហានថៃ នៅតែបន្តចូលធ្វើលេណដ្ឋានយោធាក្នុងតំបន់ហាមឃាត់មិនឱ្យមានកងទ័ពនៅលើកំពូលភ្នំទ្រព្យដដែល បើទោះបីជាកងទ័ពកម្ពុជា បានព្យាយាមរារាំងជាច្រើនលើកមកហើយក៏ដោយ។
ទាហានខ្មែរម្នាក់នៅលើកំពូលភ្នំទ្រព្យ បានមានប្រសាសន៍កាលពីរសៀលថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ថា ចាប់តាំងពីអំឡុងខែតុលា ឆ្នាំ២០១១ ទាហានថៃ បានលួចដាក់ព្រះ ហើយពេលយប់ៗបានលួចធ្វើលេណដ្ឋានចូលមកក្នុងទឹកដីជម្លោះព្រំដែន ដែលជាតំបន់ហាមឃាត់មិនឱ្យមានកងទ័ព។ រហូតមកដល់ពេលនេះ កងទ័ពថៃ ក៏នៅតែបំពានដដែល៖ «អត់ដកទេ មានតែធ្វើលេណដ្ឋានរឹងមាំទៀត ឥឡូវហ្នឹង។ ឮតែធ្វើក្រោកក្រាករាល់តែថ្ងៃ របៀបដូចចាក់សាបចាក់អី»។
ទោះយ៉ាងណា លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការយោធាខ្មែរដែលគ្រប់គ្រងតំបន់នោះ មិនធ្វើអធិប្បាយអ្វីឡើយ ដោយលោកគ្រាន់តែមានប្រសាសន៍ថា រហូតមកដល់ពេលនេះការប្រឈមមុខដាក់គ្នាដោយយោធានៅទីនោះ ស្ថិតក្នុងស្ថានភាពជាធម្មតា។
ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី៨ ខែកុម្ភៈ កន្លងទៅ បានធ្វើកំណត់ហេតុទូតតវ៉ាមួយទៅកាន់រដ្ឋាភិបាលថៃ តាមរយៈស្ថានទូតថៃប្រចាំកម្ពុជា ដើម្បីប្រឆាំងនឹងសកម្មភាពរបស់ទាហានថៃ ទាំងនោះ។ កំណត់ហេតុទូតនោះ បានចម្លងជូនទៅតុលាការយុត្តិធម៌អន្តរជាតិប្រចាំទីក្រុងឡាអេ ផងដែរ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាតវ៉ាដាច់ខាត មិនឱ្យកងទ័ពថៃ ធ្វើសកម្មភាពបែបនោះទេ៖ «សកម្មភាពហ្នឹងមិនត្រឹមបំពានបូរណភាពទឹកដីកម្ពុជា យើងប៉ុណ្ណោះទេ គឺថែមទាំងរំលោភបំពានទៅនឹងសាលដីកាទីក្រុងឡាអេ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ ដែលកំណត់ឱ្យមានតំបន់គ្មានកងទ័ពបណ្ដោះអាសន្ននោះ»។
ចំណែករដ្ឋាភិបាលថៃ នៅតែរក្សាជំហរស្ងៀមស្ងាត់មិនមានការឆ្លើយតបអ្វីទេ រហូតមកដល់ពេលនេះ។
លោក សរៈចាក់ បូរណៈសំរីទ្ធ ជាទីប្រឹក្សាអមស្ថានទូតថៃ ប្រចាំកម្ពុជា។ លោកបានមានប្រសាសន៍ថា លោកសូមមិនអធិប្បាយអំពីរឿងនេះ ដោយសារតែការដោះស្រាយ គឺជាតួនាទីរបស់រដ្ឋាភិបាលទ្វេភាគី៖ «ខ្ញុំបានត្រឹមតែអានរឿងនេះពីការផ្សាយព័ត៌មានរបស់កាសែតនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែខ្ញុំមិនមែនជាអ្នកនយោបាយ ហើយខ្ញុំមិនទាន់បានឃើញអ្វីមួយបញ្ជូនមកកាន់ស្ថានទូតទេ។ ចំណែកឯខាងប្រទេសខ្ញុំវិញ ក៏ខ្ញុំមិនទាន់ឃើញមានកាសែតចេញផ្សាយអំពីបញ្ហានេះដែរ ដូច្នេះខ្ញុំមិនអាចធ្វើការអធិប្បាយអ្វីបានទេ»។
កាលពីថ្ងៃទី១៣ ខែមករា កន្លងទៅ អាជ្ញាធរជាតិព្រះវិហារទទួលបន្ទុកថែរក្សា និងការពារប្រាសាទបុរាណព្រះវិហារ នៅលើខ្នងភ្នំដងរែក និងគណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោក បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយថ្កោលទោសពួកជ្រុលនិយមថៃមួយក្រុម ដែលបាននាំគ្នាធ្វើបាតុកម្មនៅខាងក្រៅបរិវេណការិយាល័យអង្គការសហប្រជាជាតិប្រចាំនៅទីក្រុងបាងកក និងមួយក្រុមធំទៀត បាននាំគ្នាយកព្រះពុទ្ធបដិមាទៅដាក់នៅលើកំពូលភ្នំទ្រព្យ ដោយចូលជ្រៅទៅក្នុងតំបន់ហាមឃាត់មិនឱ្យមានកងទ័ពបណ្តោះអាសន្ន នៃតំបន់ជម្លោះព្រំដែនជិតប្រាសាទព្រះវិហាររបស់ខ្មែរនោះ៕
អាស៊ីសេរី
No comments:
Post a Comment
yes