ភ្នំពេញ៖ វាពិតជាសាហាវ គឃ្លើនមិនខ្ចីខ្លាច សមត្ថកិច្ចបន្តិចណាសោះ ក្រុមចោរ ពីរនាក់ជិះម៉ូតូហ្វីណូ បានធ្វើសកម្មភាពបាញ់សម្លាប់ ប្លន់និស្សិតសាកលវិទ្យាល័យ ជាតិគ្រប់គ្រងយកម៉ូតូស្កុបពីមួយគ្រឿង នាវេលាម៉ោងជាង៧ព្រឹកថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១២ នៅមុខផ្ទះលេខ ១៨៦ ផ្លូវលេខ ១០BT ភូមិសន្សំកុសល១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ តែយកម៉ូតូមិនបានសម្រេច។
យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើនេះ ជនរងគ្រោះ ប៉េង រិទ្ធារាជ្យ ភេទប្រុស អាយុ ១៨ឆ្នាំ ជានិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ស្នាក់នៅផ្ទះលេខ១៤បេ ផ្លូវ៤៦៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការ បានជិះម៉ូតូស្កុបពីពាក់ស្លាកលេខ ភ្នំពេញ 1AY-4363 ពណ៌ផ្កាឈូក ចេញពីផ្ទះទៅយកមិត្តភក្តិទៅសាលារៀន។ លុះជិះដល់ផ្ទះមិត្តភក្តិស្ថិតនៅចំណុចកើតហេតុខាងលើស្រាប់ តែមានជនសង្ស័យពីរនាក់ ជិះម៉ូតូហ្វីណូមកភ្ជង់ និងបាញ់មួយគ្រាប់ក្រោមឆ្អឹងជំនីខាងឆ្វេង បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។
បន្ទាប់ពីបាញ់ជនរងគ្រោះស្លាប់ហើយ ក្រុមជនល្មើសបានយកម៉ូតូជនរងគ្រោះជិះគេចខ្លួន តែត្រូវបានប្រជា ការពារភូមិដេញតាម ដោយភ័យពេកក្រុមជនល្មើស បានជិះម៉ូតូជនរងគ្រោះ ទៅបុកនឹងម៉ូតូអ្នកដំណើរ ផ្សេងទៀតនៅក្រោយវត្តសន្សំកុសល បណ្តាលឲ្យដួល ពេលនោះជនល្មើសបានទុកម៉ូតូជនរងគ្រោះចោល ហើយហក់ទៅជិះជាមួយបក្ខពួករបស់វាគេចខ្លួនបាត់តែម្តងទៅ។
យោងតាមសមត្ថកិច្ចបានសន្និដ្ឋានថា កម្លាំងដែលពួកក្រុមជនល្មើសប្រើជាកម្លាំងខ្លីម៉ាកឡុក។
ក្រោយពេលកើតហេតុក្រុមគ្រួសារបានទៅទទួលយកសពជនរងគ្រោះ ទាំងភាពអាឡោះអាល័យ យំយោកបោកប្រាណគួរអាសូរជាទីបំផុត។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានលើកឡើងថា មិនគួរជីវិតរបស់មនុស្សបែរជាផុយស្រួយ ព្រោះតែទ្រព្យសម្បត្តិរបស់ខ្លួនបែបនេះសោះ ប្រទេសដែលមានសន្តិភាពទៅហើយ ហេតុអ្វីសន្តិសុខបែរជាខ្សោយយ៉ាងនេះ ប្រជាពលរដ្ឋនឹងប្តូរពីភាពតក់ស្លុតព្រោះសង្រ្គាម មកតក់ស្លុតព្រោះតែសន្តិសុខសង្គមវិញជាមិនខាន ប្រសិនបើសមត្ថកិច្ចនៅតែបណ្តែតបណ្តោយ ឲ្យអាវុធត្រូវបានចរាចរណ៍យ៉ាងអនាធិបតេយ្យបែបនេះ ៕
DAP-NEWS
No comments:
Post a Comment
yes