ក្រសួងការពារជាតិរុស្ស៊ី ទើបថ្លែងបញ្ជាក់ពីការហោះហើរនៅថ្ងៃពុធ៨កុម្ភៈនៃយន្តហោះចំបាំងរុស្ស៊ីចំនួន៧គ្រឿងជាប្រតិកម្មតបនឹងក្រសួងការពារជាតិជប៉ុនដែលម្សិលមិញថ្លែងថា គឺជាលើកទី១ដែលមានយន្តហោះយោធារុស្ស៊ីច្រើនម៉្លឹងបានហោះឆ្វែលលំហអាកាសរបស់ជប៉ុន។
ក្រសួងការពារជាតិជប៉ុន ព្រមជាមួយនេះ ក៏គូសបញ្ជាក់ដែរថា ការហោះឆ្វែលនោះ នៃក្រុមយន្តហោះយោធារុស្ស៊ីឥតបានរំលោភទេ លើដែនអាកាសជប៉ុន។ ទោះយ៉ាងណាក្តី ក៏រដ្ឋាភិបាលជប៉ុន ទទូចសុំទីក្រុងម៉ូស្គូជាផ្លូវការ ឲ្យចេះទប់ខ្លួនទៅ កុំធ្វើការហោះហើរបែបនេះ ទៀតនៅថ្ងៃក្រោយៗ។
សាច់រឿង គឺថាយន្តហោះយោធារុស្ស៊ី៧គ្រឿង ក្នុងនោះមាន យន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ ពាំផ្ទុកដោយកាំជ្រួចមីស្ស៊ីលសម្រាប់ប្រតិបត្តិការទៅចម្ងាយឆ្ងាយៗ ធុន“Tupolev-95“២គ្រឿង , យន្តហោះប្រដេញ-ឈ្លបការធុន “Su-27” ២គ្រឿង, យន្តហោះសម្រាប់ចាក់សាំងក្នុងអាកាស ធុន “ iL-78 “ ២គ្រឿងដែរ ហើយទាំងអស់នេះ គឺនាំផ្លូវដោយយន្តហោះពិសេស ហៅថា យន្តហោះ Radar ធុន A-50 មួយគ្រឿង ខាងរាវរកជាមុន ទីដៅប្រមាញ់ដែលស្ថិតនៅចម្ងាយឆ្ងាយៗក្នុងអាកាសផ្ទាល់។
ក្រុមយន្តហោះរុស្ស៊ីនោះ បានហោះឆ្វែលលំហអាកាសជប៉ុន ត្រង់តំបន់កោះ Hokkaido នៅខាងជើងនិងតាមបណ្តោយឆ្នេរឦសានកោះ Honshu ជាកោះដ៏ធំបំផុតរបស់ជប៉ុន។ ជាសរុប ការហោះនោះ បានពន្យារទៅអស់១៦ម៉ោង។ ហើយក្នុងរយៈពេលនោះ ក្រុមយន្តហោះរុស្ស៊ី ត្រូវបានហោះ អមក្រៀកពីចំហៀងដោយយន្តហោះប្រដេញរបស់ជប៉ុននិងកូរ៉េខាងត្បូង ធុន F-15 និង F-16 ចំនួនទាំងអស់ ១៣គ្រឿងឯណោះ។
ក្រសួងការពារជាតិរុស្ស៊ី បានបំភ្លឺឲ្យដឹងថា ការហោះប៉ាទ្រូយបែបនេះ នៃយន្តហោះខ្លួនតែងប្រព្រឹត្តទៅជារឿយៗតាំងពីឆ្នាំ២០០៧មកហើយលើកនេះគឺហោះកាត់ពីលើដែនទឹកអព្យាក្រឹត នៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលស្ថិតនៅខាងជើងពីរាល់កោះជប៉ុនទេតើ។
ការហោះហើរនេះ ត្រូវកងអាកាសរុស្ស៊ីធ្វើ ដោយឆ្លើយស្របពេញទីនឹងច្បាប់អន្តរជាតិខាងប្រើលំហអាកាស ដែលស្ថិតនៅពីលើ ដែនទឹកអព្យាក្រឹត។ ក្នុងន័យនេះ រុស្ស៊ីក៏ធ្វើការហោះហើរនៅពីលើ មហាសមុទ្រអាត្លង់ទិក លើសមុទ្រទឹកកកប៉ែកឧត្តរ លើសមុទ្រខ្មៅជាដើម។
ក្រសួងការពារជាតិរុស្ស៊ី ក៏លំអិតថា តាមធម្មតាការហោះបែបនេះ ពន្យារទៅពី១០ម៉ោងដល់ ២២ម៉ោង។ ឧទាហរណ៍ ក្នុងឆ្នាំ ២០១១កន្លងទៅ មានយន្តហោះធុន“Tupolev-95“២គ្រឿងបានហោះឆ្វែលអស់១៩ម៉ោង តាមបរិវេណដែនដីជប៉ុន ពីកោះ Kyushu នៅខាងត្បូងរហូតដល់កោះ Hokkaido ប៉ែកខាងជើងប៉ុន្តែហោះនោះ គឺតែនៅពីលើដែនទឹកអន្តរជាតិប៉ុណ្ណោះ៕
RFI
No comments:
Post a Comment
yes