ហង្ស វុទ្ធី ហៅយមរាជ ទិវា១៦ត្រូវបានប៉ូលិសក្រសួងមហាផ្ទៃនាំខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២១មេសា២០១២ តាមដីកាបង្គាប់ដើម្បីសាកសួរជុំវិញរឿងហែកគុករត់ចេញទៅលាក់ខ្លួនច្រើនកន្លែងកាលពី៦ឆ្នាំមុនបន្ទាប់ពីឧក្រិដ្ឋជនម្នាក់នេះបានចូលមកសារភាពកំហុស និងសុំទទួលទោសតាមនីតិវិធីច្បាប់ដែលបង្កឱ្យមានការភ្ញាក់ផ្អើលពីសាធារជន។
នៅសាលាដំបូងរាជធានីភ្នំពេញ ដែលណែនណាន់ទៅដោយអ្នកកាសែតជាតិ-អន្តរជាតិតម្រង់ម៉ាស៊ីនថត និងឧបករណ៍អាត់សំឡេង គេសង្កេតឃើញឪពុក-ម្ដាយរបស់យមរាជ កូនប្រុសស្រីរបស់យមរាជ២នាក់ គឺកូនស្រីច្បងអាយុ១២ឆ្នាំ កូនប្រុសប្អូនអាយុ៨ឆ្នាំ បានមកមើលហេតុកាណ៍នៅក្នុងតុលាការក្នុងទឹកមុខស្រពាប់ស្រពោន ចំណែកប្រពន្ធយមរាជមិនឃើញទេ ហើយត្រូវបានគេអះអាងថាមានប្ដីក្រោយទៀតបាត់ទៅហើយ។
គួររំលឹកឡើងវិញថា ឈ្មោះយមរាជដែលជាឧក្រិដ្ឋជនម្នាក់គួរឱ្យខ្លាចបំផុត និងជាសេនាដៃស្តាំរបស់ហេង ពៅ អតីតស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានហែកគុកព្រៃសរត់តាំងពីឆ្នាំ២០០៦ កន្លងមក ពេលនេះថ្ងៃអង្សាបានមកដល់ដោយខ្លួនឯងតែម្តង បានចូលខ្លួនមកសុំសារភាពនៅស្នាក់ការអង្គការក្រៅរដ្ឋា ភិបាលមួយឈ្មោះលីកាដូ កាលពីរសៀលថ្ងៃទី២០ មេសា ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
គ្រាន់តែមានដំណឹងថា ឈ្មោះយមរាជ ចូលសារភាពនៅអង្គការលីកាដូភ្លាម គេសង្កេតឃើញអ្នកកាសែត និងទូរទស្សន៍ស្ទើរគ្រប់ប៉ុស្តិ៍ទាំងជាតិ និងបរទេសមកឈូឆរប្រមាញ់យករូបភាព និងព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលនេះ។ ឈ្មោះហង្ស វុទ្ធី ហៅយមរាជ ដៃស្តាំរបស់អ្នកទោសជាងមួយជីវិតឈ្មោះ ហេង ពៅ ជាឧក្រិដ្ឋជនដែលធ្វើឱ្យមនុស្សគ្រប់មជ្ឈដ្ឋានភ័យ ខ្លាចណាស់ ព្រោះជាជនដៃដល់ខាងបាញ់សម្លាប់មនុស្សក្រោមបញ្ជា ហេង ពៅ ។
នៅទីស្នាក់ការអង្គការលីកាដូ ឈ្មោះហង្ស វុទ្ធី ហៅយមរាជ ជាឧក្រិដ្ឋជន ដែលមានដីកាស្វែងរកចាប់ខ្លួន ស្រាប់តែពេលនេះចូលមកសារភាពបាននិយាយថា នៅយប់ថ្ងៃទី៦ វិច្ឆិកា ២០០៦ ខ្លួនបានរត់ចេញពីពន្ធនាគារព្រៃស ទៅសំងំលាក់ខ្លួននៅតាមបណ្តាខេត្តនានា ដូចជាខេត្តកំពត និងនៅប៉ោយប៉ែតអស់រយៈជាង៧ឆ្នាំ កន្លងមកដោយប្រកបមុខរបរជាកម្មករទូកនេសាទនៅសមុទ្រក្រុង ព្រះសីហនុ រយៈពេល៥ឆ្នាំ ។ បន្ទាប់មកទៅធ្វើកម្មករអូសរទេះនៅប៉ោយប៉ែតបាន១ឆ្នាំ ហើយចុងក្រោយទៅសំងំធ្វើកម្មករចម្ការនៅព្រំដែនថៃជិត១ឆ្នាំទៀត ។ ឈ្មោះយមរាជ បាននិយាយថា ការរត់គេចខ្លួនមួយរយៈកន្លងមក ខ្លួនរស់ក្នុងជីវភាពលំបាកលំបិនតាមជនបទស្រុកស្រែចម្ការ៕
No comments:
Post a Comment
yes