កោះកុងៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង កាលពីម្សិលមិញ បានធ្វើការសាកសួរជនសង្ស័យចំនួន៤នាក់មានម្នាក់ជាជំនួយការផ្ទាល់ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពីការចោទប្រកាន់ថា បានប្រើហិង្សាវាយតប់ទៅលើបុរស៤នាក់ផ្សេងទៀត នៅក្នុងខេត្តកោះកុង។
លោក ឡាយ ម៉េងឡាំង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនគរបាលខេត្តកោះកុង ឲ្យដឹងនៅថ្ងៃម្សិលមិញថា ជនសង្ស័យ ប៊ុន សុខា ជំនួយការផ្ទាល់លោកនាយករដ្ឋមន្ត្រី និងជានាយសេនាធិការកងអង្គរក្សលោកហ៊ុន សែន មានឋានន្តរសក្តិជាឧត្តមសេនីយទោ ផ្កាយពីរ និងមនុស្ស៣នាក់ទៀតដែល២នាក់ជាអង្គរក្ស និងម្នាក់ជាអ្នកបើកបរឲ្យប៊ុន សុខា ត្រូវបាននគរបាលចោទប្រកាន់ពីបទ«ប្រើហិង្សាដោយចេតនាមានស្ថាន ទំងន់ទោស» តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ។
លោក និយាយថា ៖ «យើងបញ្ជូនពួកគេទៅតុលាការនៅម៉ោង១០និង១៥នាទីព្រឹក»។
លោក ឡាយ ម៉េងឡាំង បានបន្ថែមឲ្យដឹងទៀតថា៖ «ពួកគេបានសារភាពថាគេបានប្រើតែដៃ និងជើងទាត់ជនរងគ្រោះប៉ុណ្ណោះ មិនបានប្រើដំបងឆក់ឡើយ។ តែក្នុងកាមេរ៉ារបស់សណ្ឋាគារ បានបង្ហាញគេប្រើដំបងឆក់ វាយជនរងគ្រោះ ហើយប្រើកាំភ្លើងភ្ជង់ទៀត»។
លោកបន្តថា បើមានពិរុទ្ធ ជនសង្ស័យអាចជាប់ទោសពី៣ ទៅ៥ឆ្នាំ លើបទចោទនេះ។
ជនសង្ស័យ ប៊ុន សុខា អាយុ៣៨ អង្គរក្សពីរនាក់ឈ្មោះ ស៊ុំ វាសនា អាយុ៣៧ ម៉េង ឈាងលី អាយុ២១ឆ្នាំ និងអ្នកបើកបរម្នាក់ ស៊ុំ ឆាយា អាយុ២៥ឆ្នាំ ត្រូវបានឃាត់ខ្លួនកាលពីព្រឹកថ្ងៃចន្ទ ដោយនគរបាលខេត្តកោះកុង បន្ទាប់ពីពួកគេបានវាយទៅលើបុរសចំនួនបួននាក់ នៅក្នុងសណ្ឋាគារកោះកុងស៊ីធី ក្នុងក្រុងខេមរភូមិន្ទ កាលពីវេលាយប់ថ្ងៃអាទិត្យ ដោយសារជម្លោះរឿងបាត់ខ្សែក របស់ជនរងគ្រោះម្នាក់ដែលបានមករកនៅបន្ទប់សណ្ឋាគារដែលជនសង្ស័យ ប៊ុន សុខា ស្នាក់នៅ។
លោកព្រះរាជអាជ្ញា តុប ឈុនហេង បានបដិសេធផ្តល់ការអត្ថាធិប្បាយដោយឆ្លើយយ៉ាងខ្លីថា៖ «កំពុងសាកសួរ» ជនសង្ស័យ។
លោក អ៊ិន គង់ជិត អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ ដែលបានឃ្លាំមើលនៅឯតុលាការលើករណីមួយនេះ បានថ្លែងថា ជនសង្ស័យទាំងបួនត្រូវបានបញ្ចប់ការសាកសួរនៅម៉ោង៥និង៤០នាទីល្ងាច ម្សិលមិញ ហើយព្រះរាជអាជ្ញា ក៏បានសម្រេចបញ្ជូនខ្លួនពួកគេទៅផ្ញើនៅស្នងការដ្ឋាននគរបាលខេត្ត មួយយប់សិន ដើម្បីរង់ចាំ ការសាកសួរបន្តនៅព្រឹកថ្ងៃពុធនេះ។
គួររំលឹកផងដែរ ថា លោក កែនសារ៉ា ដែលជាសមាជិកខុទ្ទកាល័យឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនម្នាក់កាលពីថ្ងៃទី១៧ មេសា ត្រូវបានគេបញ្ជូនទៅពន្ធនាគារព្រៃសដោយ សារប្រើកាំភ្លើងបាញ់បោះនិងជេរប្រមាថអ្នករត់ម៉ូតូឌុបនៅទីសាធារណៈ៕
No comments:
Post a Comment
yes