សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, April 19, 2012

ដកដីផ្ទះ​អតីត​អភិបាលរងស្រុក​ចុះចូល​បក្សសិទ្ធិមនុស្ស


តាកែវៈ លំនៅដ្ឋាន​របស់​អតីត​អភិបាលរង​ស្រុក​បុរីជលសា​ក្នុងខេត្ត​តាកែវ​ត្រូវអាជ្ញាធរ​រឹបអូស បន្ទាប់ពី​លោក​ប្រកាស​ចុះចូល​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស​។
លោក សយ សុន អតីត​អភិបាលរង​ស្រុក​បុរីជលសា​បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ពីម្សិលមិញថា ផ្ទះនិង​ដី​របស់​លោក​ដែល​ធ្លាប់​រស់នៅ​ជាង ១០ឆ្នាំ​មកហើយ ត្រូវបាន​រឹបអូស​ក្រោយពី​លោក​ប្រកាស​ចុះចូល​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស​ថ្មីៗនេះ​។
លោកបន្តថា ដី​លោក​មាន​ទំហំ​២៥ គុណ​នឹង​៣០ម៉ែត្រ ហើយ​ថា លោក​បាន​រស់នៅ​លើដីនោះ​តាំងពី​ឆ្នាំ១៩៩៩ មក នៅពេល​លោក​ធ្វើជា​អភិបាលរង​ស្រុកបុរី​ជលសា។ លោក​អះអាងថា ដីនេះ​មាន​ការទទួលស្គាល់​ពី​អតីត​អភិបាលស្រុក​បុរី​ជលសា​លោក គិន ណេត និង​ថា ផ្ទះលោក​ត្រូវបាន​បំផ្លាញ​កាលពី​ដើមខែនេះ។

លោក សយ សុន បានបញ្ជាក់​ថា៖ «ផ្ទះខ្ញុំ​ត្រូវបាន​រុះរើ​បំផ្លាញ​ចោល​ដោយកម្លាំង​បាយ ពុំមាន​ការចរចា​ប្រាប់ខ្ញុំ​ទាល់តែសោះ។ វា​មាន​ចរិត​នយោបាយ ព្រោះ​អ្នក​រស់នៅ​ក្បែរផ្ទះខ្ញុំ​ពុំមាន​នរណា​បំផ្លាញឬ​រុះរើ​ចេញឡើយ។ ពួកគេ​នៅតែ​រស់នៅ​ទីនោះធម្មតា»។
លោកបាន​អះអាងថា ក្រោយពេល​ផ្ទះសម្បែង​របស់​លោកត្រូវបាន​បំផ្លាញ​លោកពុំមាន​ដីមួយ​ដុំណា​សម្រាប់​រស់នៅឡើយ និងថា លោក​នៅតែ​តស៊ូ​រស់នៅលើ​ដីនេះ​តទៅទៀត។ លោកថា លោកពុំទាន់​សម្រេចចិត្តចូល​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស​ជាផ្លូវការទេ តែថា លោក​គ្រាន់តែ​គិតនឹង​និយាយ​ក្រៅផ្លូវការ ប៉ុន្តែ​ពេលដី​របស់​គាត់ត្រូវ​បែបនោះ លោក​ត្រូវតែ​ចូលជាមួយ​គណបក្ស​សិទ្ធិមនុស្ស។
លោក ប៉ុល ហំម អ្នកនាំពាក្យ​គណបក្ស​សិទ្ធិមនុស្ស​បានថ្លែងថា លោក សយ សុន គួរគិត​ឲ្យ​បានត្រឹមត្រូវ​មុនពេល​សម្រេច​ចូល​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស​។
លោកបញ្ជាក់​ថា៖​«វាជា​ការគំរាម​កំហែង​ក្នុងបញ្ហា​នយោបាយ។ បើ​រឹបអូស​តែនរណា​ដែលចុះចូល​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស វាពុំត្រឹមត្រូវ​ទេ វាជា​ការសម្រេច​មានចរិត​នយោបាយ»។
លោក ស៊ុត ខុន អភិបាល​ស្រុក​បុរីជលសា​អះអាងថា ផ្ទះនិង​ដី​ដែល​លោក សយ សុន កំពុង​រស់នៅ​ពុំមែន​ជាដីគាត់ទេ វាជា​ទ្រព្យសម្បត្តិ​រដ្ឋ។ លោកថា៖ «គំនិត​លោក សុន គាត់​ចង់បាន​ផ្ទះនោះ និងចង់​បានដី​នោះ​ថែមទៀត។ ដូច្នេះ នេះជា​គំនិត​អាក្រក់»។
អតីត​អភិបាល​ស្រុកបុរីជលសា​លោក គិត ណេត បានទទួលស្គាល់​ថា លោក​ពិតជា​បានផ្តល់​ឲ្យ​លោក សយ សុន នូវ​ដី​នោះ​ដើម្បី​រស់នៅ ពេលគាត់​ជា​អភិបាលរង​ស្រុក​មែន ប៉ុន្តែថា ការផ្តល់នោះ​គ្រាន់តែ​ជា​បណ្តោះ​អាសន្ន​ប៉ុណ្ណោះទេ​៕

No comments:

Post a Comment

yes