dap-news
កណ្តាលៈ ឥទ្ធិពលខ្យល់ព្យុះ លាយឡំនឹងភ្លៀង ធ្លាក់យ៉ាងខ្លាំង បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋ ជាច្រើនខ្នង ស្ថិតនៅក្នុងស្រុកពញាឮ និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រងនូវការខូចខាត និងបណ្តាលប្រជាពល រដ្ឋក្នុងភូមិ ៣នាក់រងរបួសផងដែរ កាលពីល្ងាចថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ២០១២។
យោងតាមអាជ្ញាធរខេត្តកណ្តាលបានឲ្យដឹង នៅថ្ងៃអាទិត្យ ទី២២ ខែមេសា ឆ្នាំ២០១២ ថា កម្លាំងខ្យល់ លាយឡំជាមួយភ្លៀងធ្លាក់យ៉ាងខ្លាំង បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋនៅក្នុងស្រុកពញាឮ ប្រមាណ ៥ខ្នង បានដួលរលំ និងចំនួន៤៥ខ្នង បានប៉ើងដំបូលផ្ទះ ក្នុងនោះសាលារៀន១ខ្នង ក៏ប៉ើង ដំបូលផងដែរ។ ជាមួយគ្នានេះប្រជាពលរដ្ឋជាស្រ្តីចំនួន ៣នាក់ បានរងរបួស។
យោងតាមអាជ្ញាធរដដែលនេះ បន្តឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ស្ថិតនៅក្នុង ឃុំកំពង់ អុស រលំទាំងស្រុងចំនួន ៥ខ្នង និងប៉ើងដំបូលចំនួន ៣៥ខ្នង របួសមនុស្ស ៣នាក់ និងឃុំកំពង់លួង ប៉ើងដំបូលផ្ទះចំនួន ៩ខ្នង សាលារៀនចំនួន១ខ្នង។
ដោយឡែកនៅស្រុកខ្សាច់កណ្តាលវិញ ផ្ទះប្រជាពលរដ្ឋស្ថិតនៅក្នុងឃុំរការជន្លឹង រលំ និងខូចខាតទាំង ស្រុងចំនួន ២ខ្នង, ឃុំព្រែកតាម៉ាក់ ប៉ើងដំបូលចំនួន ២៤ខ្នង រលំចំនួន ៣ខ្នង, ឃុំពុកឬស្សី រលំទាំង ស្រុងចំនួន ១ខ្នង និងឃុំព្រែកអម្ពិល រលំចំនួន ២ខ្នង និងប៉ើងដំបូលចំនួន ១២ខ្នង។
គួរបញ្ជាក់ថា គ្រាន់តែរយៈពេលជិតមួយខែ នៃការធ្លាក់ភ្លៀងកក់ខែនេះ ឥទ្ធិពលខ្យល់បានធ្វើឲ្យផ្ទះរាប់ រយខ្នងនៅតាមបណ្តាខេត្តនានា នៅក្នុងប្រទេសកម្ពុជា បានរងនូវការខូចខាត ហើយបណ្តាលមនុស្ស ៣នាក់ស្លាប់ ដោយសារដើមឈើដួលរលំសង្កត់លើ នៅខេត្តកំពង់ធំ៕
No comments:
Post a Comment
yes