DAP-NEWS
ព្រះវិហារ ៖ យោងតាមសេចក្តីរាយការណ៍ ពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានឲ្យដឹងនៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែមេសាថា ទាហានឈុតខ្មៅថៃ ដែលឈរជើងទល់មុខ ព្រំប្រទល់អានសេះ នៃទឹកដីខ្មែរ កាលពីវេលាម៉ោង ១៧ ល្ងាចថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ២០១២ បានបាញ់ប្រជាពលរដ្ឋខ្មែរស្លាប់ ២នាក់ នៅចម្ងាយ៣គីឡូម៉ែត្រ ពីព្រំដែនក្នុងទឹកដីថៃ ចាប់ពលរដ្ឋខ្មែរ ៤នាក់ ព្រមទាំងបាញ់ឲ្យរបួស២នាក់ ប៉ុន្តែអ្នករងរបួស បានរត់ចូលមកក្នុងទឹកដីខ្មែរវិញ ហើយបន្តសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តសៀមរាប ខណៈពួកគេបាន ព្យាយាមឆ្លងដែនចូលដីថៃ ដោយខុសច្បាប់ ដែលសេចក្តីរាយការណ៍ មិនផ្លូវការថា ចូលកាប់ឈើគ្រញូងខុសច្បាប់ រីឯសេចក្តីរាយការណ៍ខ្លះថា ដើររកវល្លិ៍តាមព្រំដែន ។
ជាមួយគ្នានោះផងដែរ សេចក្តីរាយការណ៍ ក៏បានបន្តឲ្យដឹងទៀតថា អាជ្ញាធរស្រុកជាំក្សាន្ត បានឃាត់ពលរដ្ឋខ្មែរ ៧៤នាក់ កាលពីល្ងាចថ្ងៃសៅរ៍ ទី២១ ខែមេសា នៅច្រកអានសេះ ខណៈដែលពួកគេព្យាយាមឆ្លងដែនខុសច្បាប់ចូលដីថៃ ។ រីឯពលរដ្ឋខ្មែរ ៥៨នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួន ដោយកម្លាំងយោធា វរ៤០៥ នៅស្រុកជាំក្សាន្ត ខណៈដែលពួកគេព្យាយាមឆ្លងដែនចូលដីថៃទៀត នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែមេសា នេះ ។
សេចក្តីរាយការណ៍ពី ស្រុកជាំក្សាន្តបានឲ្យដឹងថា ពលរដ្ឋ ៧៤នាក់ បានអប់រំ ហើយឲ្យត្រឡប់ទៅផ្ទះវិញដែរ កាលពីល្ងាចថ្ងៃសៅរ៍ ទី២១ ខែមេសា រីឯពលរដ្ឋ ៥៨នាក់ ដែលទើបនឹងឃាត់ខ្លួនកំពុងអប់រំ និងរៀបចំឲ្យវិលត្រឡប់ទៅផ្ទះវិញ ។
នៅព្រឹកថ្ងៃអាទិត្យនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចសុំអត្ថាធិប្បាយពីលោក ស ថារី អភិបាលរងខេត្តព្រះវិហារ ដោយទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន ។
យោងតាមសេចក្តីរាយការណ៍ ដែលមិនអាចជាផ្លូវការពីច្រកអានសេះ ស្រុកជាំក្សាន្ត បានឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលដឹងថា ឥឡូវនេះក្រុមគ្រួសារជនរងគ្រោះ មានបំណងចូលទៅទឹកដីថៃ ដើម្បីសុំយកសាកសពមកធ្វើបុណ្យ ប៉ុន្តែអាជ្ញាធរព្រំដែនខ្មែរ មិនទាន់អនុញ្ញាតឲ្យចូល ដោយខ្លាចទាហានឈុតខ្មៅថៃបាញ់ទៀត ហើយទុកឲ្យអាជ្ញាធរខ្មែរ ទាក់ទងជាមួយអាជ្ញាធរថៃជាផ្លូវការវិញ ។ រីឯពលរដ្ឋខ្មែរ ៤នាក់ទៀត ដែលត្រូវបានចាប់ដែរនោះ មិនទាន់ទទួលព័ត៌មានផ្លូវការ ថាបញ្ជូនទៅណាទេ ។ ដោយឡែកពលរដ្ឋខ្មែរ២នាក់រងរបួសនោះ ត្រូវបានគេរាយការណ៍ថា ម្នាក់របួសចំដៃស្តាំ ហើយបានបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។ រីឯអ្នករងរបួសម្នាក់ទៀត ត្រូវទាហានថៃ បាញ់ចំកំប៉េះគូទ ដោយបៀមគ្រាប់ រួចហើយត្រូវក្រុមគ្រួសារ បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យ នាទីក្រុងភ្នំពេញ ។
សេចក្តីរាយការណ៍ពីច្រកអានសេះ ស្រុកជាំក្សាន្ត បានឲ្យដឹងថា នៅមានពលរដ្ឋខ្មែរជាច្រើនទៀត កំពុងរត់គេចខ្លួននៅក្នុងទឹកដីថៃ បន្ទាប់ពីមានឮសូរគ្រាប់កាំភ្លើង បាញ់ដោយទាហានឈុតខ្មៅថៃ ។
លោកឧត្តមសេនីយ៍ ម៉ៅ ពៅ ស្នងការនគរបាល ខេត្តព្រះវិហារ បានឆ្លើយប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែមេសា ឆ្នាំ២០១២ តាមទូរស័ព្ទថា លោកពុំទាន់ទទួលបានព័ត៌មាន ស្តីពីទាហានឈុតខ្មៅថៃ បាញ់ពលរដ្ឋខ្មែរនៅក្នុងទឹកដីថៃ ទល់មុខច្រកអានសេះ រវាងព្រំប្រទល់ទាំងពីរនៅឡើយទេ។
កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១២ ក្នុងឱកាសអញ្ជើញចូលរួម ជាអធិបតីសម្ពោធ ដាក់ឱ្យប្រើប្រាស់ ផ្លូវជាតិលេខ ៦៨ តភ្ជាប់ពីស្រុកក្រឡាញ់ ខេត្តសៀមរាប ដល់ស្រុកអូរស្មាច់ ខេត្តឧត្តរមានជ័យ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវអាជ្ញាធរ មានសមត្ថកិច្ច គ្រប់ជាន់ថា្នក់ នៅតាមបន្ទាត់ព្រំដែន ត្រូវហាមឃាត់ កុំឲ្យប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ព្រំដែន ទៅរកកាប់ឈើ នៅលើទឹកដីរបស់គេ ជាពិសេសប្រទេសថៃ និងឡាវ ពីព្រោះជាធម្មតា បើធ្វើដំណើរដល់ទឹកដីគេហើយ គឺមានតែចាប់ចង និងបាញ់ប្រហារ មកលើពលរដ្ឋខ្មែរតែប៉ុណ្ណោះ ។
សម្តេចបានលើកឡើងថា តើអស់លោក ដែលជាមេកងពល អាចធ្វើបានទេ ក្នុងការហាមមិនឲ្យពលរដ្ឋធ្វើដំណើរ ទៅប្រទេសគេ តើបញ្ហានេះអាចធ្វើបានអត់ ?
ក្នុងមួយឆ្នាំៗ ប្រជាពលរដ្ឋខ្មែរ រាប់ពាន់ម៉ឺននាក់ តែងតែផ្សងព្រេងទៅប្រទេសថៃ ដើម្បីស្វែងរកការងារធ្វើ ដោយគ្រោះថ្នាក់បំផុត ដោយសារតែជីវភាពក្រីក្រ ហើយមានពលរដ្ឋមិនតិចទេ ដែលត្រូវអាជ្ញាធរថៃ ចាប់ដាក់ក្នុងពន្ធនាគារ និងចាប់បញ្ជូន មកកម្ពុជាវិញ ជាពិសេសនោះ បានបាញ់សម្លាប់យ៉ាងព្រៃផ្សៃបំផុត រាប់រយនាក់ ។
ក្នុងមួយឆ្នាំៗ ប្រជាពលរដ្ឋខ្មែរ រាប់ពាន់ម៉ឺននាក់ តែងតែផ្សងព្រេងទៅប្រទេសថៃ ដើម្បីស្វែងរកការងារធ្វើ ដោយគ្រោះថ្នាក់បំផុត ដោយសារតែជីវភាពក្រីក្រ ហើយមានពលរដ្ឋមិនតិចទេ ដែលត្រូវអាជ្ញាធរថៃ ចាប់ដាក់ក្នុងពន្ធនាគារ និងចាប់បញ្ជូន មកកម្ពុជាវិញ ជាពិសេសនោះ បានបាញ់សម្លាប់យ៉ាងព្រៃផ្សៃបំផុត រាប់រយនាក់ ។
អ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានឲ្យដឹងថា នៅដើមឆ្នាំ២០១២ មានប្រជាពលរដ្ឋចំនួន ៧នាក់ហើយ ដែលបានបាត់បង់ជីវិត ដោយសារតែ អាជ្ញាធរថៃបាញ់សម្លាប់ និងជាច្រើននាក់ទៀត ត្រូវបានរងរបួស ៕
No comments:
Post a Comment
yes