ខេត្តកំពង់ឆ្នាំង៖ ផ្ទះ ៣៩ ខ្នងខូចខាតធ្ងន់ធ្ងរដោយសារខ្យល់ព្យុះ
ផ្ទះ និងដើមឈើហូបផ្លែ មានដូចជា ដើមត្នោតជាច្រើនដើម ត្រូវបានខ្យល់ព្យុះបក់បោកបាក់ រលំខូចខាត នៅឯភូមិចំនួន ៣ ស្ថិតក្នុងឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
អាជ្ញាធរដែនដីបានឲ្យដឹងថា ភូមិទាំង ៣ នេះ គឺជាភូមិក្រីក្រក្នុងចំណោមភូមិចំនួន ៦ នៅក្នុងឃុំអញ្ចាញរូងនេះ។
អ្នកភូមិបានអំពាវនាវសុំជំនួយសង្គ្រោះបន្ទាន់ ព្រោះពួកគាត់មានការខ្វះខាតខ្លាំងណាស់ ដោយរកទទួលទានបានមួយថ្ងៃសម្រាប់រស់នៅមួយថ្ងៃប៉ុណ្ណោះ។
ផ្ទះចំនួន ១១ ខ្នងត្រូវបានបាក់រលំខូចខាតទាំងស្រុង និង ២៨ ខ្នងទៀតខូចខាតធ្ងន់ធ្ងរ ដោយសារខ្យល់ ព្យុះបានបក់បោកមកលើឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ខ្យល់ព្យុះនេះក៏បានធ្វើឲ្យមនុស្ស ៥ នាក់រងរបួស មាន់ទារាប់សិបក្បាលបានងាប់ និងមានដើមឈើជាច្រើនដើមបានរបើកឫស និងបាក់រលំ។
ស្ត្រីអ្នកភូមិព្រៃព្រាលឈ្មោះ សួន ម៉ន អាយុ ៣០ ឆ្នាំ ផ្ទះគាត់ត្រូវបាក់រលំឯរបស់របរក្នុងផ្ទះក៏ខូចខាត ទាំងស្រុងដែរ។ គាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី ២២ មេសាថា នៅពេលដែលគាត់ដើរត្រឡប់មកពីស្រែមកដល់ផ្ទះវិញ ខ្យល់ក៏ចាប់ផ្ដើមបក់បោកកាន់តែខ្លាំងឡើង ហើយផ្ទះគាត់ចាប់ផ្ដើមញ័ររញ្ជួយ។ គាត់ក៏ប្រញាប់ប្រញាល់នាំកូនរត់ចេញពីផ្ទះ។ ភ្លាមនោះផ្ទះគាត់ក៏ត្រូវបានខ្យល់រុញឲ្យរលំតែម្ដង។
លោកស្រី សួន ម៉ន៖ «គ្រាន់តែរលឹមហើយផ្គរក្ដូងៗ ស្រាប់តែខ្យល់មកតែម្ដង។ គ្រិបៗ តែម្ដង។ អត់មានថា ដូចកន្លងមកមានខ្យល់បក់មកបន្តិចម្ដងៗ នោះទេ។ ឲ្យយើងដឹង ដើម្បីរៀបចំទុកដាក់អីនោះទេ។ នេះស្រាប់តែវិបមកខ្លាំងតែម្ដង ធ្វើឲ្យយើងមិនអាចធ្វើអីទាន់ទេ។ផ្ទះខ្ញុំខ្ទេចរាបដល់ដី។ ចានឆ្នាំងមាន់ទាអីងាប់គ្មានសល់ទេ»។
អនុប្រធានភូមិអណ្ដូងរវៀង អ្នកស្រី ពុធ សារ៉ាន់ បានឲ្យដឹងថា ខ្យល់ព្យុះបានបោកបក់យ៉ាងខ្លាំងមក លើភូមិអណ្ដូងរវៀង ដែលបណ្ដាលឲ្យផ្ទះ ៧ ខ្នងដួលរលំ និង ១៨ ខ្នងផ្សេងទៀតខ្លះរបើកដំបូល ខ្លះរបើកជញ្ជាំង។ មានដើមត្នោតជាច្រើនដើមក៏ត្រូវបាក់រលំដែរ។
អ្នកស្រី ពុធ សារ៉ាន់៖ «ខ្យល់ព្យុះនេះកាចតែម្ដងមកវិបៗ មានភ្លៀងតិចៗខ្ញុំចេញពីផ្ទះមកមើលឃើញផ្ទះជាច្រើនបានប៉ើងដំបូល និងខ្លះទៀតរលំតែម្ដង»។
មេឃុំអញ្ចាញរូង លោក អ៊ូច តាន់ បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ៤ និង ២០ នាទីល្ងាច ថ្ងៃទី ២១ មេសា ខ្យល់ព្យុះលាយឡំ និងភ្លៀងតិចៗ ផង បានបោកបក់មកលើភូមិចំនួន ៣ គឺភូមិអញ្ចាញរូង ភូមិព្រៃព្រាល និងភូមិអណ្ដូងរវៀង បណ្ដាលឲ្យផ្ទះចំនួន ៣៩ ខ្នងរងការខូចខាត។ ក្នុងនោះមានផ្ទះចំនួន ១១ ខ្នងបានបាក់រលំខូចខាតទាំងស្រុង និង ២៨ ខ្នងទៀត ខ្លះរបើកដំបូលខ្លះរបើកជញ្ជាំង។
លោកថា ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់ព្យុះទាំង ៣៩ គ្រួសារនេះ សុទ្ធតែជាអ្នកក្រីក្រ រកបាន ១ ថ្ងៃ សម្រាប់តែហូប ១ថ្ងៃ៖ «ម៉ោង ៤ និង ២០ នាទី ខ្យល់ចាប់ផ្ដើមបក់មកខ្លាំង ហើយបានចុះខ្សោយមកវិញនៅម៉ោង ៤ និង ៤០ នាទី។ គិតទៅតែ ២០ នាទីប៉ុណ្ណោះ តែធ្វើឲ្យអន្តរាយផ្ទះដល់ទៅ ៣៩ ខ្នង»។
អភិបាលរងស្រុកបរិបូណ៌ លោក ឃួន សៅរ៉ុម មានប្រសាសន៍ថា គ្រោះមហន្តរាយនេះ បានបង្កឲ្យសត្វចិញ្ចឹម មានមាន់ ទា រាប់សិបក្បាលបានងាប់ និងធ្វើឲ្យដើមឈើហូបផ្លែជាច្រើនដើម បានបាក់រលំ និងខ្លះទៀតផ្អៀងទ្រេត។ តែពុំបណ្ដាលឲ្យរងគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ។
លោក ឃួន សៅរ៉ុម៖ «ខ្យល់បក់ខ្លាំងមែនទែនតែម្ដង ធ្វើឲ្យបាក់ដើមឈើរលំផ្ទះអស់ ១១ ខ្នង និងរបើកជញ្ជាំងរបើកដំបូលអស់ ២៨ ខ្នងទៀត។ សាលាស្រុកបានធ្វើរបាយការណ៍ស្នើសុំជំនួយពីកាកបាទក្រហមហើយ អាចស្អែកអីមានការចុះចែកហើយ»។
លោកអភិបាលរងស្រុកបរិបូណ៌ បានឲ្យដឹងបន្ថែមថា សាលាស្រុកពុំទាន់បានវាយតម្លៃសរុបពីការខូចខាតដោយសារខ្យល់ព្យុះ នេះ ថាគិតជាទឹកប្រាក់អស់ប៉ុន្មាននៅឡើយទេ។
លោកថា អាជ្ញាធរស្រុកបានធ្វើរបាយការណ៍ផ្ញើជូនគណៈអភិបាលខេត្តរួចហើយ ចំពោះគ្រោះមហន្តរាយនេះ។ ទន្ទឹមគ្នានេះ លោកក៏សំណូមពរដល់អង្គការក្រៅរដ្ឋាភិបាល និងសប្បុរសជននានា រួមទាំងកាកបាទក្រហមខេត្ត ចុះជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះទាំងនោះ។ខ្យល់ព្យុះ នេះ ក៏បានបណ្ដាលឲ្យសាលាអនុវិទ្យាល័យរវៀងជុំរបើកដំបូល និងវត្តអណ្ដូងរវៀង រងការខូចខាតកុដិមួយចំនួនផងដែរ៕
No comments:
Post a Comment
yes