ការប្តេជ្ញាចិត្តដូចនេះរបស់សកម្មជនការពារព្រៃឈើ និងធនធានធម្មជាតិ បានកើតឡើងនៅក្នុងពិធីបញ្ចុះសព លោក ឈុត វុទ្ធី នៅឃុំវិហារសួរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលនៅថ្ងៃច័ន្ទនេះ។
ប្រជាពលរដ្ឋនៅតំបន់ព្រៃឡង់ក្នុងឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមកចួលរួមក្នុងពិធីបុណ្យសព លោក ឈុត វុទ្ធី ដែរនោះ ថ្លែងថា ប្រជាសហគមន៍ នៅតំបន់ព្រៃឡង់នៅតែបន្តចុះបង្ក្រាបការកាប់ព្រៃឈើខុសច្បាប់បន្តទៀត បើទោះជា លោក ឈុត វុទ្ធី ស្លាប់ហើយក្តី។អ្នកស្រី ខា ស្រស់ បញ្ជាក់ថា ព្រៃឈើទាំងនោះ គឺជាអាយុជីវិតរបស់ប្រជាពលរដ្ឋ ដែលពឹងតែផលប្រយោជន៍ពីតំបន់ព្រៃឡង់។
ជាមួយគ្នានេះ អ្នកស្រីអំនាវឲ្យសាងសង់រួបសំណាក លោក ឈុត វុទ្ធី នៅទីក្រុងភ្នំពេញ និងនៅក្នុងតំបន់ព្រៃឡង់ ដើម្បីរំលឹកគុណដល់វីរៈភាពរបស់សកម្មជនការពារបរិស្ថានរូបនេះ ៖ “ម៉្លេះហើយពួកខ្ញុំចង់បានកន្លែងនេះជាគ្រឹះ ដើម្បីពួកខ្ញុំគោរពបូជា ទៅថ្វាយបង្គំ ទៅរំលឹក ពេលណាពួកខ្ញុំដើរព្រៃ ដើរផ្សែងពួកខ្ញុំចូលអុជធូប អុជទៀន ដើម្បីឲ្យគាត់ជួយពួកខ្ញុំ ទៅរស់រានកន្លែងណាក្តី ទៅធ្វើកន្លែងណាក្តី ឲ្យគេអាណិតមេត្តា កុំឲ្យមានដូចកន្លងមកទៀត។”
មន្រ្តីគំរោងរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឈឹម សាវុធ ដែលតែងតែសហការជាមួយ លោក ឈុត វុទ្ធី ក្នុងការការពារធនធានធម្មជាតិ មានប្រសាសន៍នៅក្នុងពីធីបុណ្យសពលោក ឈុត វុទ្ធី នោះដែរថា បើទោះជាខ្មាន់កាំភ្លើងបានបាញ់សម្លាប់ លោក ឈុត វុទ្ធី ខណៈដែលលោកធ្វើសកម្មភាពការពារធនធានធម្មជាតិក្តី ក៏លោកនៅតែបន្តធ្វើសកម្មភាពបែបនេះ បន្តទៀត ព្រោះនេះជាសកម្មភាពបំរើដល់ផលប្រយោជន៍មនុស្សលោកទាំងមួល និងជាសកម្មភាពស្របច្បាប់ទៀតផង ៖ “ក្រោយពីលោក ឈុត វុទ្ធី ស្លាប់ទៅនឹង បណ្តាញសហគមន៍ទាំងអស់ ដែលនៅជុំវិញព្រៃឡង់នឹង គាត់មានទឹកចិត្តពុះកញ្ជ្រោលទ្វេឡើង ក្នុងពេលដែលគាត់ស្លាប់ភ្លាមនេះ មានបណ្តាញសហគមន៍បានតេមកខ្ញុំ ហើយមនុស្សរាប់រយនាក់ ដែលគាត់បានគំរោងមកសំដែងការឈឺចាប់ តែដោយសារគាត់ខ្វះមធ្យោបាយទើបពេលនេះមានមនុស្សប្រហែល ២០-៣០នាក់ គាត់មកចូលរួមធ្វើបុណ្យ សំដែងការឈឺចាប់ ពិសេសនូវឆន្ទៈរបស់គាត់បន្តទៀត រហូតដល់គាត់អះអាងថា អស់ពីលោក វុទ្ធី ទៅនឹងមានលោក វុទ្ធី រាប់រយរាប់ពាន់ទៀត ការពារធនធានធម្មជាតិ។”
ប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី ត្រូវបានបាញ់សម្លាប់នៅវាលបីក្នុងស្រុកថ្មបាំង ខេត្តកោះកុង វេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់ ខណៈដែលចុះទៅពិនិត្យមើលបទល្មើសកាប់ឈើជាមួយនឹងអ្នកសារព័ត៌មានពីររួបទៀត។ ក្នុងការបាញ់សម្លាប់នោះមន្រ្តីកងរាជអាវុធហត្ថម្នាក់ឈ្មោះ អ៊ិន រតនា ក៏ស្លាប់ផងដែរ៕
No comments:
Post a Comment
yes