ភ្នំពេញ ៖ សមត្ថកិច្ច ដែលកំពុងយាមការពារ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ដើម្បីបើកផ្លូវឱ្យព្រះទីនាំង របស់ព្រះមហាក្សត្រ យាងទៅកាន់ព្រលានយន្ដហោះ អន្ដរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១២នេះ បាន ឃាត់រថយន្ដមួយគ្រឿង រួមទាំងអ្នកបើកបរ ដែលបើករថយន្ដកាត់មុខក្បួនព្រះទីនាំង របស់ព្រះ មហាក្សត្រ បើទោះបីមាន ការរារាំងពីកម្លាំងសមត្ថកិច្ចក៏ដោយនោះ។
អភិបាលខណ្ឌពោធិ៍សែនជ័យ លោក គិត សុផា បានថ្លែងឱ្យដឹងថា កម្លាំងសមត្ថកិច្ច បានឃាត់រថយន្ដមួយគ្រឿង ហើយ បញ្ជូនទៅសាលារាជធានីភ្នំពេញ និងស្នើឱ្យអ្នកបើករថយន្ដ បង្ហាញពីឯកសារផ្លូវច្បាប់ ក្នុងការបើកបរ នៅពេលដែលរូបគេ បានបើករថយន្ដ កាត់មុខក្បួនព្រះទីនាំងព្រះមហាក្សត្រ។
យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ការឃាត់ខ្លួនរថយន្ដបើកកាត់ក្បួនព្រះទីនាំង ព្រះមហាក្សត្រ ខាងលើនេះ បានធ្វើឡើងកាលពី វេលា ម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១២ ស្ថិតនៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ត្រង់ចំណុចភ្លើងស្ដុប ២០០៤ ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបន្ដថា អ្នកបើករថយន្ដឈ្មោះ ហ៊ុន វណ្ណៈ អាយុជាង ២០ឆ្នាំ ដែលមានស្រុកកំណើត នៅក្រុងច្បារមន ខេត្ដ កំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងរថយន្ដរបស់គេ ម៉ាក Actros ពណ៌លឿង ។
យោងតាមសមត្ថកិច្ច ខណៈដែលកម្លាំងសមត្ថកិច្ចជាច្រើននាក់ កំពុងឈរការពារសុវត្ថិភាព ក្បួនព្រះមហាក្សត្រ ព្រមទាំងការ ឈរតម្រៀបជួរអបអរសាទរ ពីសំណាក់ ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅតាមដងផ្លូវនោះ រថយន្ដបង្កហេតុ បានជ្រួលទៅមុខ បើទោះបីសមត្ថកិច្ចឃាត់ ប៉ុន្ដែនៅបន្ដបើករហូតដល់មុខ ព្រលានយន្ដហោះ អន្ដរជាតិភ្នំពេញ ទើបសមត្ថកិច្ច ឃាត់បាន។ ក្រោយការឃាត់រថយន្ដ និងម្ចាស់រថយន្ដ សមត្ថកិច្ចបានបញ្ជូនទៅសាលារាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
DAP-NEWS
No comments:
Post a Comment
yes