ភ្នំពេញៈប្រធានគណបក្ស នរោត្តម រណឫិទ្ធ បានអំពាវនាវឲ្យគណបក្សប្រឆាំង និងគណបក្សហ៊្វុនស៊ិនប៉ិចដែលអះអាងថា ជាអ្នករាជានិយមឲ្យមករស់ក្រោមឆត្ររាជានិយមទាំងអស់គ្នា ដោយទ្រង់អះអាងថា គណបក្សព្រះអង្គមានគោលនយោបាយដូចមេដឹកនាំគណបក្សប្រឆាំងនៅមីយ៉ាន់ម៉ា។
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រធានគណបក្សនរោត្តម រណឫទិ្ធ បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងកិច្ចប្រជុំជាមួយនឹងប្រធានគណបក្សប្រចាំខេត្តនានា នៅទីស្នាក់ការបក្សក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញថា ព្រះអង្គបានត្រៀមខ្លួនធ្វើជាតំណាងរាស្រ្តដូចលោកស្រី អ៊ុងសាន ស៊ូជី ប្រធានគណបក្សប្រឆាំងមីយ៉ាន់ម៉ា ដោយទ្រង់បានប្រៀបថា គោលនយោបាយគណបក្សទ្រង់ដូចគោលនយោបាយគណបក្សលោកស្រី ស៊ូជី ។
ព្រះអង្គមានបន្ទូលថា៖ «ខ្ញុំមិនដឹងថា អ្នកណាតាមអ្នកណាទេ។ ខ្ញុំមិនដឹងថា លោកជំទាវ អ៊ុងសាន ស៊ូជី តាមខ្ញុំ ឬខ្ញុំតាមលោកជំទាវ ស៊ូជី នោះទេ។ ថ្មីៗនេះ លោកជំទាវ អ៊ុងសាន ស៊ូជីបានថ្លែងថា ការបោះឆ្នោតមិនយុតិ្តធម៌ ប៉ុន្តែ លោកជំទាវគ្មានជម្រើសទេក្រៅពីចូលរួមក្នុងប្រព័ន្ធដែលរដ្ឋាភិបាលភូមាបានរៀបចំឡើយ»។
ព្រះអង្គមានបន្ទូលបន្តថា៖ «លោកជំទាវបាននិយាយម្តងទៀតថា បើលោកជំទាវចង់ជួយជាតិ លោកជំទាវគ្មានជម្រើសអ្វីទេ ក្រៅពីធ្វើជាតំណាងរាស្រ្ត។ លោកជំទាវថ្លែងបែបនេះ ប្រៀបដូចអ្វី ដែលខ្ញុំនិយាយដែរ»។
ព្រះអង្គបានបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា ខ្ញុំនឹងជាប់ឆ្នោត ហើយ[បេក្ខជន]ក្នុងខេត្តដទៃទៀតមួយចំនួនក៏នឹងជាប់ឆ្នោតដែរ។ ដូចលោកជំទាវ អ៊ុងសាន ស៊ូជី ខ្ញុំចង់អង្គុយក្នុងសភាក្នុងឋានៈខ្ញុំជាតំណាងរាស្រ្ត។ បើ ប្រសិនគណបក្សសមរង្ស៊ី លោក កឹម សុខា ដែលធ្លាប់ជួយខ្ញុំ ពីឆ្នាំ១៩៩៣ វិលត្រឡប់មកជួយខ្ញុំ ជាការល្អប្រសើរ»។
ព្រះអង្គមានបន្ទូលថា៖ «ខ្ញុំត្រៀមខ្លួន ដូចលោកជំទាវ អ៊ុងសាន ស៊ូជី ខ្ញុំមិនមែនជាគណបក្សប្រឆាំង ទេ ប៉ុន្តែ ខ្ញុំស្នើសុំរាជរដ្ឋាភិបាលពន្យល់ឲ្យច្បាស់ថាមូលហេតុអ្វីរាជរដ្ឋាភិបាលចង់ឲ្យគាំទ្រអ្វីដែលរាជរដ្ឋាភិបាលបានស្នើឡើង»។
ទន្ទឹមនឹងនេះ ព្រះអង្គម្ចាស់ នរោត្តម រណឫទិ្ធ បានអះអាងថា ការអភិវឌ្ឍជាតិ ឥឡូវនេះ ខុសពីការអភិវឌ្ឍក្នុងសម័យព្រះមហាវីរក្សត្រ នរោត្តម សីហនុ ដែលកាន់អំណាចនៅពេលនោះ ដោយព្រះអង្គកត់សម្គាល់ថា ការអភិវឌ្ឍនៅសម័យសម្តេចព្រះ សីហនុ ផ្អែកលើភាពរីករាយ និងថ្កុំថ្កើនរបស់ប្រជារាស្រ្ត។
ព្រះអង្គបន្តថា៖ «នៅសម័យសម្តេចឪ គ្មានអ្នកមានចាប់យកដីធ្លីប្រជាជនក្រីក្រទេ។ ការអភិវឌ្ឍជាតិ ដោយប្រើវិធី អ្វីដែលហៅថា ខ្មែរជួយខ្មែរ»។
ប៉ុន្តែ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ី ដែលបានប្រឆាំងនឹង ព្រះអង្គ នរោត្តម រណឫទិ្ធ ថ្លែងថា គេមិនអាចបញ្ចុះបញ្ចូលសមាជិកគណបក្សឯទៀតឲ្យចូលរួមជាមួយនឹងព្រះអង្គម្ចាស់ រណឫទ្ធិបានទេ ហើយគណបក្ស នរោត្តម រណឫទិ្ធ មិនអាចប្រៀបជាមួយនឹងគណបក្សលោកស្រី អ៊ុងសាន ស៊ូជី ដែលគាំទ្រដោយប្រជាជនជាច្រើនឈ្នះបាន៤៥ អាសនៈនោះទេ ប៉ុន្តែគណបក្ស នរោត្តម រណឫទ្ធិ មានតែ ២ អាសនៈប៉ុណ្ណោះ។
លោកបន្តថា៖ «ខ្ញុំមិនជឿថា សមាជិកបក្សដទៃទៀតនឹងចូលរួមជាមួយគណបក្ស នរោត្តម រណឫទិ្ធ នោះទេ ពួកគេនឹងមកចូលរួមគណបក្សសមរង្ស៊ី។ គោលនយោបាយរបស់លោកស្រី អ៊ុងសាន ស៊ូជី មិនចូលរួមនឹងគណបក្សកាន់អំណាចប្រព្រឹត្តអំពើពុករលួយ និងលក់ទ្រព្យសម្បតិ្តជាតិនោះទេ»។
លោក ជាម យៀប តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការប្រៀបគណបក្សរបស់ទ្រង់រណឫទិ្ធ ទៅនឹងលោកស្រី ស៊ូជី ជាសិទិ្ធរបស់ទ្រង់ ប៉ុន្តែការប្រៀបការអភិវឌ្ឍបច្ចុប្បន្ន ទៅនឹងការអភិវឌ្ឍសម័យសម្តេចឪ មិនអាចប្រៀបបានទេ ព្រោះស្ថានភាពវាខុសគ្នា យើងកសាងប្រទេសពីក្រោមសូន្យ តែសម័យសម្តេចឪមានសល់កេរពីអាណានិគមបារាំងមកអភិវឌ្ឍ ៕
ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes