សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, April 19, 2012

អ្នក​ភូមិ​នៅ​តាម​ព្រំ​ដែន​ក្នុង​ឃុំ​ដូង​នៅ​តែ​មិន​ទាន់​អស់​ចិត្ត​ចំពោះ​ការ​បាត់​បង់​ដី​កេរ​ទៅ​វៀតណាម

Wednesday, 18 April 2012 12:03
សូ វិសាល
The Phnom Penh Post

ដូង/ស្វាយរៀងៈ អ្នក​ស្រី​ ម៉ៅ សយ​ មាន​ភាព​ស្រងូត​ស្រងាត់​ និង​មើល​ទៅ ហាក់​បី​ដូច​ជា​កំពុង​មាន​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង ខណៈ​អ្នក​ស្រី​កំពុង​សំឡឹង​ទៅ​កាន់​ចំការ​អំពៅ​ និង​ចំការ​ដំឡូងមី ដ៏​ធំ​ល្វឹងល្វើយ របស់​វៀតណាម ដែល​ត្រូវ​បាន​ដាំ​ នៅ​លើ​អតីត​ដី​ស្រែ​របស់​អ្នក​ស្រី នៅ​ខាង​កើត​ឈៀង​ខាង​ជើង វត្ត​ភូមិ​ដូង​ចាស់ ក្នុង​ឃុំ ដូង ស្រុក​រមាស​ហែក។

អ្នក​ស្រី សយ ដែល​មាន​អាយុ ៥៥ ឆ្នាំ បាន​ធ្វើ​ចំណាក​ស្រុក ទៅ​រស់​នៅ​ក្នុង​ភូមិ​តាំង​ទីលំនៅ​ថ្មី​មួយ នៅ​ជាប់​ព្រំដែន​ខ្មែរ​-ថៃ ក្នុង​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ កាល​ពី​អំឡុង​ឆ្នាំ​២០០០ គឺ​បន្ទាប់​ពី​ដី​ស្រែ​របស់​អ្នក​ស្រី ត្រូវ​បាន​គ្រឿង​ចក្រ​របស់​វៀតណាម ចូល​មក​ឈូស​ឆាយ​ដំណាំ​អំពៅ និង​ដំឡូង​មី​កាល​ពី​​ឆ្នាំ ១៩៩១។

ប្រទេស​វៀតណាម បាន​ប្រើ​គ្រឿង​ចក្រ ចូល​មក​ឈូស​ឆាយ​ដី​ព្រៃ និង​ដី​ស្រែ នៅ​តាម​ព្រំ​ដែន​ក្នុង​ឃុំ​ដូង ដែល​ត្រូវ​បាន​អះអាង​ថា ជា​ដី​របស់​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ក្នុង​ឆ្នាំ ១៩៩១-៩២-៩៣ និង​ ៩៤ បើ​ទោះ​បី​ជា​មាន​ការ​ប្រឆាំង​ជំទាស់​យ៉ាង​ខ្លាំង​ក្លា ពី​ប្រជា​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ស្រែ​ក៏​ដោយ។


នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ ១៩៩៣ ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ដែល​កាល​ណោះ ជា​នាយក​រដ្ឋ​មន្ត្រី​ទី ១ ក៏​បាន​បញ្ចេញ​ប្រតិកម្ម យ៉ាង​ខ្លាំងក្លា​ផង​ដែរ ចំពោះ​សកម្ម​ភាព​ឈូស​ឆាយ​ដី​ស្រែ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ នៅ​តាម​ព្រំដែន ក្នុង​ឃុំ​ដូង​នេះ។

លោក​ ហូរ សុខ ដែល​កាល​ណោះ ជា​បេសកជន​ពិសេស របស់​ព្រះ​អង្គ​ម្ចាស់​នរោត្តម​ រណឫទ្ធិ និង​ជា​រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​ផង​នោះ ​បាន​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ព្រំដែន ​នៅ​ក្នុង​ឃុំ​ដូង​ជា​ញឹកញាប់ ដោយ​បាន​នាំ​យក​អង្ករ​ និង​អំណោយ​ផ្សេង​ៗ ទៅ​ចែក​ជូន​ប្រជា​ពលរដ្ឋ​រងគ្រោះ ជាមួយ​និង​ការ​ផ្តល់​កម្លាំង​ចិត្ត កុំ​ឲ្យ​ប្រជា​ពលរដ្ឋ ដក​ថយ​ចេញ​ពី​ដី​ស្រែ​របស់​ខ្លួន។ ប៉ុន្តែ​ ជា​អកុសល លោក ហូរ សុខ ត្រូវ​បាន​គេ​បាញ់​សម្លាប់​ នៅ​ក្នុង​ក្រសួង​មហាផ្ទៃ នៅ​ក្រោយ​ព្រឹត្តិការណ៍​វាយ​ប្រយុទ្ធ​គ្នា​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី ៥-៦ កក្កដា ឆ្នាំ ១៩៩៧។ ចាប់​តាំង​ពី​ពេល​នោះ​មក គេ​មិន​ឃើញ​មាន​មន្ត្រី​រដា្ឋភិបាល​ណា​ផ្សេង​ទៀត យក​ចិត្ត​ទុក​ដាក់ ចំពោះ​ទុក្ខវេទនា​របស់​ពលរដ្ឋ​នៅ​ឃុំ​ដូង​ទៀត​ឡើយ។

អ្នក​ស្រី ម៉ៅ សយ ខាន​មក​លេង​ស្រុក​កំណើត អស់​រយៈ​ពេល ប្រមាណ​១២ ឆ្នាំ​មក​ហើយ ដោយ​សារ​តែ​អ្នក​ស្រី ​មាន​ការ​មមាញឹក​យ៉ាង​ខ្លាំង ក្នុង​ការ​រុករាន​ដី និង​កសាង​ភូមិដ្ឋាន​ នៅ​កន្លែង​តាំង​ទីលំនៅ​ថ្មី ​ក្នុង​ស្រុក​ម៉ាឡៃ ដោយ​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​ខាង​ជីវភាព​។ នៅ​ក្នុង​ឱកាស វិល​ត្រឡប់​មក​លេង​ស្រុក​កំណើត​ជា​លើក​ដំបូង នៅ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ឆ្នាំ ២០១២ នេះ បន្ទាប់​ពី​បាន​បង្ខំ​ចិត្ត​ ឃ្លាត​ចាក​ឆ្ងាយ​ពី​ស្រុក​កំណើត ប្រមាណ​ជិត​១២ ឆ្នាំ​មក​នោះ អ្នក​ស្រី សយ បាន​ចំណាយ​ពេល​ទៅ​គយគន់​មើល អតីត​ដី​ស្រែ​របស់​អ្នក​ស្រី កាល​ពី​ថ្ងៃ​សៅរ៍ ដែល​ជា​ថ្ងៃ​ទី២ នៃ​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​។


ក្នុង​សភាព អាឡោះ​អាល័យ និង​ស្តាយ​ស្រណោះ ​ទឹក​ដី​យ៉ាង​ខ្លាំង​នោះ ​អ្នក​ស្រី ​សយ ដែល​ទទូរ​ក្រមា បិទ​បាំង​សក់​កន្ទើង​រ៉ើង​របស់​ខ្លួន បាន​និយាយ​ថា៖«មើល​ចុះ​ដី​ខ្មែរ​យើង​ត្រូវ​យួន​យក​អស់​ហើយ ​ប្រហែល​ជា​គ្មាន​សង្ឃឹម​នឹង​អាច​យក​បាន​មក​វិញ​ទេ»។ អ្នក​ស្រី​សយ បាន​លើក​ដៃ​ចង្អុល និង​និយាយ​រៀប​រាប់​ឲ្យ​ដឹង​ថា នៅ​ហួស​ដី​ស្រែ​របស់​អ្នក​ស្រី​ប្រមាណ​ជា​ជិត ២ គីឡូ​ម៉ែត្រ កាល​ពី​មុន (ក្រោយ​ឆ្នាំ ១៩៧៩) គឺជា​ព្រៃ​ក្រាស់ និង​ព្រៃ​ឫស្សី​ លាត​សន្ធឹង​ល្វឹងល្វើយ ដែល​ខ្មែរ​ហៅ​ថា ជា​ព្រៃ​បទ​ឈ្ងោគ ព្រៃ​ត្រពាំង​ប្រាសាទ និង​ព្រៃ​ញ៉ាវង់ ដែល​ខ្មែរ​តែង​តែ​ទៅ​កាប់​ឈើ​យក​មក​សង់​ផ្ទះ ​ធ្វើ​អុស រុក​រក​អនុផល​ព្រៃ​ឈើ ជីក​ត្រពាំង ដើម្បី​បម្រើ​សេចក្តី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ​ព្រៃ​ឈើ​ទាំង​នោះ ត្រូវ​បាន​វៀតណាម​ប្រើ​គ្រឿង​ចក្រ ឈូស​ឆាយ ឲ្យ​អន្តរាយ​ទាំង​ស្រុង​ក្នុង​អំឡុង​ឆ្នាំ ១៩៩៤។ អ្នក​ស្រី​បាន​បញ្ជាក់​ទៀត​ថា​៖​«​នៅ​ក្នុង​ព្រៃ​ត្រពាំង​ប្រាសាទ មាន​ប្រាសាទ​បុរាណ​ខ្មែរ​តូច​ៗ​ជា​ច្រើន​កន្លែង ប៉ុន្តែ​ឥឡូវ​នេះ ត្រូវ​យួន​ឈូស​រាប​អស់​ហើយ ដោយ​ពុំ​ឃើញ​មាន​អាជ្ញាធរ​ខ្មែរ​ណា​ អើពើ​ឡើយ គួរ​ឲ្យ​សោក​ស្តាយ​ខ្លាំង​ណាស់​»។

ចំណែក​អ្នក​ស្រី ព្រំ ណាន អាយុ ៥០ ឆ្នាំ ដែល​បាត់បង់​ដី​ស្រែ​សរុប ប្រមាណ​ជា ៤ ហិកតា​កន្លះ ក្នុង​ចំណោម​ដី​ស្រែ​ទាំង​អស់​ ៥ ហិកតា បាន​ក្រាញ​ននៀល មិន​ព្រម​ធ្វើ​ចំណាក​ស្រុក ទៅ​កាន់​ខេត្ត​ផ្សេង ដូច​អ្នក​ស្រី​ ព្រំ សយ ឡើយ​។ អ្នក​ស្រី​ ព្រំ​ ណាន ​បាន​និយាយ​ថា​៖ «ដី​កេរ​ឪ ម៉ែ​ខ្ញុំ ចែក​ឲ្យ ៣ ហិកតា និង​ដី​ខាង​ប្តី​ខ្ញុំ ២ ហិកតា​ទៀត ត្រូវ​យួន​យក​អស់​សព្វ​ថ្ងៃ​នៅ​សល់​តែ​ស្រែ​មួយ​ចំហៀង កន្លះ​ហិកតា​ប៉ុណ្ណោះ​ គឺ​ខ្ញុំ​ធ្វើ​មួយ​ចំហៀង យួន​ភ្ជួរ​ដាំ​អំពៅ មួយ​ចំហៀង​»។ ចាប់​តាំង​ពី​បាត់​បង់​ដី​ស្រែ​ស្ទើរ​តែ​ទាំង​ស្រុង នៅ​ក្នុង​ឆ្នាំ ១៩៩៤ មក អ្នក​ស្រី​ព្រំ ណាន បាន​ពង្រីក​ការ​ចិញ្ចឹម​ជ្រូក ហើយ​ប្តី​របស់​អ្នក​ស្រី បាន​ចាប់​យក​មុខ​របរ​ឡើង​ត្នោត ដើម្បី​ទប់​ទល់​ជីវ​ភាព ដែល​ត្រូវ​ចិញ្ចឹម​កូន​ក្នុង​បន្ទុក​ដល់​ទៅ ៦ នាក់​។ អ្នក​ស្រី​បាន​បញ្ជាក់​ពី​គោលជំហរ របស់​អ្នក​ស្រី​ថា​៖«​បើ​ទោះ​បី​ជា​ខ្ញុំ​មាន​ការ​លំបាក​យ៉ាង​ណា​ក៏​ដោយ ក៏​ខ្ញុំ​មិន​ព្រម​ធ្វើ​ចំណាក​ស្រុក​ ទៅ​កាន់​ខេត្ត​ផ្សេង ចោល​ទឹក​ដី​ដូនតា​របស់​ខ្ញុំ​ឡើយ​។ ខ្ញុំ​ទន្ទឹង​រង់​ចាំ​ ដូច​កូន​រង់​ចាំ​ម្តាយ​មក​ពី​ផ្សារ គឺ​សង្ឃឹម​ថា ថ្ងៃ​ណា​មួយ​ ខ្ញុំ​នឹង​បាន​ដី​របស់​ខ្ញុំ​ត្រឡប់​មក​វិញ​»។

បើ​តាម​អ្នក​ភូមិ​ដូង វត្ត​ខ្មែរ​ចំនួន ២ មួយ​មាន​ឈ្មោះ​ វត្ត​ឆ្កោ ​នៅ​ប៉ែក​ខាង​កើត ភូមិ​តាសួស និង​វត្ត​ឈើ​ទាល​ចាស់ នៅ​ប៉ែក​ខាង​កើត​ នៃ​ភូមិ​ឈើ​ទាល ក៏​ត្រូវ​បាន​វៀតណាម​ឈូស​វាទ​យក​អស់​ដែរ​។ ​អ្នក​ភូមិ​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ឆ្នាំ ១៩៩១ អាជ្ញាធរ​ខ្មែរ និង​អាជ្ញាធរ​វៀតណាម បាន​ហាម​ប្រជាពលរដ្ឋ​ខ្មែរ មិន​ឲ្យ​ធ្វើ​ស្រែ​នៅ​តាម​ព្រំដែន​ឡើយ ដោយ​សម្អាង​ថា ដី​ស្រែ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ​ដែល​ធ្លាប់​ធ្វើ​ស្រែ​តាំង​ពី​ជី​ដូន​ជីតា​មក​នោះ ស្ថិត​នៅ​ក្នុង​តំបន់​ស (​តំបន់​ដែល​មិន​ទាន់​កំណត់​ច្បាស់​ថា​ ជា​ដី​របស់​ខ្មែរ​ ឬ​វៀតណាម)។ ប៉ុន្តែ​ស្រប​ពេល​ជាមួយ​គ្នា​នោះ​ វៀតណាម​បែ​រជា​អាច​ចូល​មក​ឈូស​ឆាយ​ដាំ​ដំឡូង អំពៅ កៅស៊ូ និង​ដំណាំ​ផ្សេង​ៗ​ទៀត​នៅ​លើ​ដី​ស្រែ​ទាំង​នោះ ទៅ​តាម​អំពើ​ចិត្ត ដោយ​គ្មាន​ការ​ហាម​ឃាត់​ទៅ​វិញ។

ដោយ​សារ​តែ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា-វៀតណាម ជា​បញ្ហា​រសើប​ខ្លាំង ហើយ​ជា​ញឹកញាប់​ តែង​តែ​មាន​ការ​ចាប់​ឃុំ​ខ្លួន​ ទៅ​លើ​អ្នក​ដែល​ហ៊ាន​និយាយ​ពី​បញ្ហា​នេះ អ្នក​ភូមិ​នៅ​ឃុំ​ដូង បច្ចុប្បន្ន មិន​សូវ​ហ៊ាន​និយាយ​ពី​បញ្ហា​នេះ​ជា​ចំហ​នោះ​ទេ​។ នៅ​ក្រោម​ផ្ទះ​ឈើ​ប្រក់​សង្ក័សី​មួយ​ខ្នង នៅ​ក្បែរ​វត្ត​ភូមិ​ដូង​ថ្មី​ អ្នក​ភូមិ​មួយ​ក្រុម ដែល​ទើប​មក​ពី​ធ្វើ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ឯ​វត្ត កាល​ពី​ថ្ងៃ​សៅរ៍​ បាន​ជជែក​គ្នា​ដោយ​ប្រុង​ប្រយ័ត្ន​ ពី​បញ្ហា​ព្រំ​ដែន និង​ដំណើរ​ការ​បោះឆ្នោត។

បុរស​ចំណាស់​ម្នាក់ ដែល​មាន​វ័យ​ប្រមាណ​ជា ៦០​ ឆ្នាំ ដោយ​គ្រាន់​តែ​ប្រាប់​ថា ឈ្មោះ​ ឯម ចង់​ឲ្យ​ដំណើរ​ការ​បោះ​បង្គោល​ព្រំ​ដែន​កម្ពុជា-វៀតណាម​ ត្រូវ​បាន​បោះ​បញ្ចប់​ឲ្យ​បាន​ឆាប់​ ក្រែង​លោ​បាន​ដី​ស្រែ​របស់​លោក​ខ្លះ​មក​វិញ​។ លោក​បន្ត​ថា​៖«​នៅ​ម្តុំ​ស្រែ​របស់​ខ្ញុំ​មិន​ទាន់​មាន​គេ​បោះ​បង្គោល​ព្រំដែន​ទេ។ ​ប្រសិន​បើ​បង្គោល​ព្រំ​ដែន​ត្រូវ​បាន​គេ​បោះ ខ្ញុំ​ប្រហែល​ជា​អាច​បាន​ដី​ខ្លះ​មក​វិញ​»។​ ប៉ុន្តែ​អ្នក​ភូមិ​ផ្សេង​ទៀត​បាន​ជំទាស់ ដោយ​លើក​ឡើង​ថា «ឯម អើយ​សូម​កុំ​សង្ឃឹម​ឲ្យ​សោះ​ កុំ​ឲ្យ​តែ​យួន​ វាត​ចូល​មក​បន្ថែម​ទៀត​ទៅ​បាន​ហើយ»។ លោក ឯម ​បាន​បាត់​បង់​ដី​ស្រែ ប្រមាណ​ជា ៣ ហិក​តា ជា​ដី​ដែល​លោក​​អះអាង​ថា ជា​ដី​កេរ ដែល​ឪ​ពុក ម្តាយ​បង្កើត និង​ឪ​ពុក​ម្តាយ​ក្មេក​របស់​លោក​ចែក​ឲ្យ។

​មិន​មែន​អ្នក​ភូមិ​ទាំង​អស់ សុទ្ធ​តែ​អស់​សង្ឃឹម​នោះ​ទេ​។ ស្ត្រី​វ័យ​កណ្តាល​ម្នាក់ ដែល​មាន​អាយុ ប្រមាណ ៣៥ ឆ្នាំ បាន​និយាយ​កាត់​ក្រុម​អ្នក​ភូមិ​ថា បញ្ហា​ព្រំដែន អាច​មាន​ការ​កែ​ប្រែ បើ​មាន​ការ​ផ្លាស់​ប្តូរ​មេ​ដឹក​នាំ នៅ​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​។ ស្ត្រី​ ដែល​ប្រាប់​ថា ឈ្មោះ​ យ៉ែម វ៉ាន រូប​នេះ និយាយ​ថា ៖«ការ​បោះ​បង្គោល​ព្រំ​ដែន ជាមួយ​និង​យួន វា​មាន​ការ​មិន​ចុះ​សម្រុង​គ្នា​រួច​ទៅ​ហើយ រវាង​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង។ ដូច្នេះ​វា​ត្រូវ​តែ​មាន​ការ​សើរើ​ឡើង​វិញ ប្រសិន​បើ​គណបក្ស​ផ្សេង​ជាប់​ឆ្នោត​»។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី ២ ក្នុង​ឆ្នាំ ២០០៧ គណបក្ស​សមរង្ស៊ី ទទួល​បាន​អាសនៈ ៥ ក្នុង​ចំណោម​អាសនៈ​ចំនួន ១១ នៅ​ក្នុង​ឃុំ​ដូង​។ ប៉ុន្តែ​គណបក្ស​ប្រឆាំង​ ពុំ​ទទួល​បាន​អាសនៈ​មួយ​ទេ ក្នុង​ខេត្ត​ស្វាយរៀង នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី ៤ ​ឆ្នាំ ២០០៨។

មិន​អាច​ទាក់ទង លោក នាង​សាមាន​ មេ​ឃុំ ដូង ​ដើម្បី​សុំ​សេចក្តី​អធិប្បាយ​បាន​ទេ​។ ប៉ុន្តែ​លោក ប្រាក់​ ស៊ុត ដែល​ជា​អតីត​មេ​ឃុំ​ដូង ហើយ​បច្ចុប្បន្ន​ជា​ជំទប់​ទី ១ ឃុំ​ដូង បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ​ ដោយ​ថ្លែង​ថា​៖ «ខ្ញុំ​មិន​អាច​មាន​យោបល់​អី​បាន​ទេ ពី​ព្រោះ​ខ្ញុំ​ធ្លាប់​មាន​បញ្ហា​ម្តង​រួច​មក​ហើយ នៅ​ពេល​ដែល​ខ្ញុំ​និយាយ​ពី​បញ្ហា​ព្រំ​ដែន​នេះ​»។​ បើ​តាម​លោក​ប្រាក់​ ស៊ុត ក្នុង​មួយ​ថ្ងៃ​ មាន​ពល​រដ្ឋ​ខ្មែរ ​ប្រមាណ​ជាង ១០០ នាក់ បាន​ទៅ​ស៊ី​ឈ្នួល​ធ្វើ​ស្មៅ​អំពៅ ដំឡូង ឲ្យ​វៀតណាម ដែល​ដាំ​នៅ​លើ​អតីត​ដី​ស្រែ​របស់​រដ្ឋ​ខ្មែរ​ដោយ​ទទួល​បាន​ប្រាក់​កម្រៃ ​ពី​ ១៥០០០ ទៅ​២០០០០ រៀល​ក្នុង​មួយ​ថ្ងៃ។

លោក ជាង អំ អភិបាល​ខេត្ត​ស្វាយរៀង មិន​អាច​ទាក់ទង​ដើម្បី​សុំ​សេចក្តី​អធិប្បាយ​បាន​ទេ​ ពី​ម្សិលមិញ ដោយ​ទូរស័ព្ទ​របស់​លោក បាន​រោទិ៍​ជា​ច្រើន​លើក តែ​ពុំ​មាន​អ្នក​ទទួល​។ តាម​គម្រោង រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម នឹង​បញ្ចប់​ដំណើរ​ការ​បោះ​បង្គោល​ព្រំ​ដែន​ដែល​មាន​ភាព​ចម្រូង​ចម្រាស នេះ​នៅ​ត្រឹម​បំណាច់​ឆ្នាំ ២០១២​។

លោក វ៉ា គឹមហុង ទេស​រដ្ឋ​មន្ត្រី ទទួល​បន្ទុក​កិច្ចការ​ព្រំ​ដែន របស់​រដ្ឋាភិបាល ក៏​មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​បាន​ដែរ។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ធ្លាប់​បាន​ថ្លែង​ថា ក្រោម​ការ​ដឹក​នាំ​របស់​លោក មិន​បាន​ធ្វើ​ឲ្យ​បាត់​បង់​ដី​ខ្មែរ​ នៅ​តាម​ព្រំដែន សូម្បី​តែ​មួយ​ចំអាម​នោះ​ឡើយ​។ ប៉ុន្តែ​ ក្រុម​អ្នក​ភូមិ​ នៅ​ឃុំ​ដូង ​បាន​អះអាង​ថា ​វា​ប្រាកដ​ហើយ ដី​ខ្មែរ​នៅ​តាម​ព្រំ​ដែន មិន​បាន​បាត់​ត្រឹម​ ១ ចំអាម​នោះ​ទេ ប៉ុន្តែ​វា​បាន​បាត់​បង់​ ដល់​ទៅ​ជាង​ ២ ​គីឡូម៉ែត្រ គ្រាន់​តែ​នៅ​ក្នុង​ឃុំ​ដូង​៕

No comments:

Post a Comment

yes