សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, June 26, 2012

ឈ្មួញ​អនាធិបតេយ្យ​សម្រុក​ដឹកជញ្ជូន​ឈើ​ទៅ​លក់​ឲ្យ​លោក ប៊ី ជី​វ័​ន្ត​ដា​រ៉ា ទាំងយប់​ទាំង​ថ្ងៃ​


រតនគិរី ៖ បើទោះបីជា​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្តរតនគិរី បាន​ទទួលស្គាល់ថា​ទីតាំង​ស្តុក​ឈើ​ធំៗ​ចំនួន ២​កន្លែង​ស្ថិត​ក្នុង​ស្រុក​​វ៉ឺ​ន​សៃ និង​ស្រុក​អណ្តូង​មាស មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួងកសិកម្ម​ក្នុង​ការប្រមូលទិញ និង​ស្តុក​ឈើ​ក៏ដោយ​ប៉ុន្តែ​ដោយ​សារ​​មានការ​ឃុបឃិត​គ្នារវាង​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​គេសង្កេត​ឃើញ​​ភាព​អនាធិបតេយ្យ​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ​ក៏ដូចជា​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​បន្ត​កើតមាន​ក្នុង​ខេត្តរតនគិរី ផ្ទុយ​ពីបទ​បញ្ជា​​របស់​រាជ​រ​ដ្ឋា​ភិ​បាល​។​
​សេចក្តីរាយការណ៍​ពី​ខេត្តរតនគិរីបាន​ឲ្យ​ដឹងថា ទីតាំង​ស្តុក​ឈើធំៗ​ទាំងពីរ​កន្លែង​នោះទី១ ស្ថិតនៅចំណុច​ភូមិ​ម៉ាលិចក្នុងស្រុក​អណ្តូង​​មាស និង​ទី​២ ស្ថិតនៅភូមិ​កាចូ​ន ក្នុងស្រុក​វ៉ឺ​ន​សៃ ស្ថិតក្រោម​ការគ្រប់គ្រង ​និង​ចាត់ចែង​ដោយ​លោក ប៊ី ជី​វ័​ន្ត​ដា​រ៉ា ជាប្រធាន​ការិយា​ល័យ​ភូមិបាល ក្រុង​បាន​លុង​។ គេ​ទទួលស្គាល់ថា​ទីតាំង​ស្តុក​ឈើ​ធំៗ​ទាំងពីរ​កន្លែង​នេះ​មានច្បាប់​អនុញ្ញាត​ពី​ក្រសួង​កសិកម្ម​​ប៉ុន្តែ​គ្មាន​ការត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ចំពោះ​សកម្មភាព​ប្រមូល​ទិញ​ឈើ​យ៉ាង​អនាធិបតេយ្យ​យកទៅ​ស្តុក​ទុក​ក្នុង​ឃ្លាំង​ទាំងពីរ​កន្លែង​នោះ​ឲ្យ​ស្របតាម​គោលការណ៍​របស់​ថ្នាក់លើ​នោះទេ​។​

​គេសង្កេតឃើញ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ចូលក្នុង​ឃ្លាំង​ទាំងពីរ​កន្លែង​នេះ​ធ្វើឡើង​ទាំងយប់​ទាំង​ថ្ងៃ​ពោលគឺ​លោក ប៊ី ជី​វ័​ន្ត​ដា​រ៉ា បាន​ចេញមុខ​ប្រមូល​ទិញ​ឈើ​ផ្តាច់មុខ​ក្នុង​ខេត្តរតនគិរី ពី​ក្រុម​ឈ្មួញ​ដទៃ​សម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម​។ កន្លងមក​មាន​​សកម្ម​ភាព​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​ហើយ​ក្រុម​ឈ្មួញ​តូចធំ​ប្រកួតប្រជែង​គ្នា​នាំ​ចេញទៅ​លក់​នៅ​ប្រទេស​វៀត​ណាម​​តាម​ច្រករបៀង​តាមរយៈ​ការឃុបឃិត​គ្នា​បែងចែក​ផលប្រយោជន៍​ឲ្យ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប៉ុន្តែ​ពេលនេះ​ក្រុម​ឈ្មួញ​ទាំងអស់​ត្រូវតែ​ប្រមូល​ឈើ​យកទៅលក់​ឲ្យ​លោក ប៊ី ជី​វ័​ន្ត​ដា​រ៉ា ។​
​ដើម្បី​ទប់ស្កាត់​ភាពអនាធិបតេយ្យ​នៃ​បទល្មើស​ព្រៃឈើ​ឲ្យ​ស្របតាម​បទបញ្ជា​លេខ ០១​របស់​រាជរដ្ឋាភិបាល​ក្រសួងកសិកម្ម​ក៏ដូចជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ​គួរ​ពិនិត្យឡើងវិញ​ពី​សកម្មភាព​ប្រមូល​ទិញ​ឈើយកទៅស្តុក​ទុក​ក្នុង​ឃ្លាំង​ធំៗ​នៅក្នុង​ស្រុក​វ៉ឺ​ន​សៃ និង​ស្រុក​អណ្តូង​​មាសរបស់លោក ប៊ី ជី​វ័​ន្ត​ដា​រ៉ា ដែល​គេសង្ស័យថា មាន​ករណី​ឃុបឃិត​គ្នាជាមួយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដូចជា​មាន​ការ​លួច​បង្កប់​ឈើ​អនាធិបតេយ្យ​ព្រោះសូម្បីតែលោក ប៊ី ជី​វ័​ន្ត​ដារ៉ា ជាប្រធានការិយាល័យ​ភូមិបាលក្រុង​បាន​លុង ក៏​សុខចិត្ត​លះ​បង់​​ចោលការ​ងារ​មកឈរ​ជើង​ចាំ​ប្រមូល​ទិញ​ឈើ​ពី​ក្រុម​ឈ្មួញ​អនាធិបតេយ្យ​ផងដែរ ព្រោះតែប្រយោជន៍​សេដ្ឋកិច្ច​ពី​ខាងក្រៅមាន​ច្រើន​ជាង​ប្រាក់ខែ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​របស់គាត់​ ។​
​បើតាម​ការអះអាង​រប​ស់លោក វង សុក​សេរី ជានាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើខេត្តរតនគិរី បាន​ឲ្យ​ដឹងថាទីតាំង​ស្តុក​ឈើធំៗ​ទាំងពីរ​កន្លែង​​នេះ​មានច្បាប់​ត្រឹមត្រូវ​ហើយ​មានការ​បង់ពន្ធ​ជូន​រដ្ឋ​ព្រោះ​កន្លងមក​មានការ​ចេញ​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ដោយ​ក្រុម​​ឈ្មួញ​អនាធិបតេយ្យ​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​ពន្ធ​។ គេមិន​ច្បាស់​ទេថាតើអាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មាន​ចំណាត់ការ​ត្រួត​ពិនិត្យ និង​គ្រប់គ្រង​សកម្មភាព​ប្រមូល​ទិញ​ឈើ​របស់លោក ប៊ី ជី​វ័​ន្ត​ដា​រ៉ា​យកទៅ​ស្តុក​ទុក​ក្នុង​ឃ្លាំង​ឈើ​ធំៗ​ទាំងពីរ​កន្លែង​នោះ​ក្នុង​កម្រិតណា​នោះទេ​ទើប​ភាពអនាធិបតេយ្យ​បន្ត​កើតមាន​ឥតឈប់ឈរ​។​
​លោក ប៊ី ជី​វ័​ន្ត​ដា​រ៉ា មិនទាន់​អាច​ទំនាក់ទំនង​ធ្វើការ​បំភ្លឺ​បានទេ​ប៉ុន្តែ​បើ​យោងតាម​ប្រសាសន៍​របស់លោក ប៉ាវ ហមផាន ជា​អភិបាល​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា សកម្មភាព​ដឹកជញ្ជូន​ឈើ​ដែលមាន​ច្បាប់ទម្លាប់​ត្រូវធ្វើឡើង​នៅពេល​ថ្ងៃ​។ មានការ​រម្លឹក​ផងដែរ​ថា មាន​រថយន្ត​តូចធំ​បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​យកទៅលក់​ឲ្យ​ក្រុមហ៊ុន​ដែលមាន​ទីតាំង​ស្តុក​ឈើ​ធំៗ​ទាំងពីរ​កន្លែង​នោះ​ទាំងយប់​ទាំង​ថ្ងៃ​ហើយ​គេ​គិតថា​លោក ប៊ី ជី​វ័​ន្ត​ដា​រ៉ា ដែល​ស៊ី​ឈ្មួញ​មើល​ការខុសត្រូវ​ឲ្យ​ក្រុមហ៊ុន​នោះ​កំពុង​ប្រមូលបាន​ផលចំណេញ​មិនធម្មតា​ទេ​៕

No comments:

Post a Comment

yes