សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, June 26, 2012

សម្ដេច​ក្រុម​ព្រះ​គ្រោង​វិល​ត្រឡប់​ដឹកនាំ​បក្ស​ហ៊្វុនស៊ិនប៉ិច​ដោយ​គ្មាន ញឹក ប៊ុនឆៃ


សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១២ បាន​ជួប​សំណេះ​សំណាល​ជាមួយ​សមាជិក​បក្ស នៃ​ក្រុម​ប្រឹក្សា​ស្រុក និង​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ខេត្ត នៅ​ឯ​ទី​ស្នាក់​ការ​គណបក្ស នរោត្តម រណឫទ្ធិ នៅ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។
RFA/Sok Serey
សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ ជួប​សំណេះ​សំណាល​ជាមួយ​សកម្មជន និង​ជំទប់​ឃុំ ដែល​ជាប់​ឆ្នោត​ថ្មី នា​ទី​ស្នាក់​ការ​បក្ស​ខណ្ឌ​ទួលគោក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១២។
ស្រប​ពេល​នេះ​ដែរ ព្រះអង្គ​ក៏​បាន​ជួប​សំណេះ​សំណាល​ជាមួយ​ជំទប់​ទី​២ របស់​គណបក្ស នរោត្តម រណឫទ្ធិ ដែល​បាន​ជាប់​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី​៣ កាល​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ។
សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១២ បាន​ប្រកាស​ថា ព្រះអង្គ​គ្រោង​វិល​ត្រឡប់​ទៅ​ដឹកនាំ​គណបក្ស ហ៊្វុនស៊ិនប៉ិច (Funcinpec) វិញ នៅ​មុន​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ដោយ​គ្មាន​វត្តមាន​របស់​អគ្គលេខាធិការ​គណបក្ស ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ។
ដើម្បី​សម្រេច​ផែនការ​នេះ សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ គ្រោង​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​ដ៏​រឹងមាំ និង​កាន់​អំណាច ដើម្បី​ពិភាក្សា​រឿង​នេះ។

សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ បាន​មាន​បន្ទូល​ប្រាប់​អ្នក​កាសែត​ថា មាន​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​នៅ​គណបក្ស ហ៊្វុនស៊ិនប៉ិច ត្រៀម​ដើរ​ចេញ​ពី​គណបក្ស​នេះ ដើម្បី​ទុក​ឲ្យ​ព្រះអង្គ​ចូល​ដឹកនាំ​គណបក្ស ហ៊្វុនស៊ិនប៉ិច៖ «យើង​ពុំ​អាច​វិល​ត្រឡប់​ទៅ​រក ហ៊្វុនស៊ិនប៉ិច រុងរឿង​ថ្កុំថ្កើង​បាន​ទេ ល្គឹកណា​មាន​លោក ញឹក ប៊ុនឆៃ ជា​ប្រធាន​នៃ​គណបក្ស​នេះ។ ខ្ញុំ​ដក​ឧទាហរណ៍​មួយ​ទៀត ការ​ចុះ​ហត្ថលេខា​គណបក្ស ហ៊្វុនស៊ិនប៉ិច គ្រាន់​តែ​តំណាង​ខាង​លោក កែវ ពុទ្ធរស្មី ហ្នឹង ក៏​គ្មាន​ផង ដូច​ជា​គណបក្ស​បែក​បាក់​គ្នា។ ម្ល៉េះ​ហើយ ខ្ញុំ​យល់​ថា ខ្ញុំ​ចង់​ណាស់ ចង់​វិល​ត្រឡប់​ទៅ​ដឹកនាំ​គណបក្ស ហ៊្វុនស៊ិនប៉ិច របស់​សម្ដេច​តា សម្ដេច​តា​ទួត​ឡើង​វិញ។ ចង់​ប្រមែ​ប្រមូល​អ្នក​រាជា​និយម»
ព្រះអង្គ​ក៏​បាន​បញ្ជាក់​ថា ព្រះអង្គ​នៅ​តែ​បន្ត​សម្ព័ន្ធភាព រវាង​គណបក្ស ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ។
ផ្ទុយ​ពី​ការ​អះអាង​នេះ អគ្គលេខាធិការ​គណបក្ស ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ បាន​មាន​ប្រសាសន៍​ថា សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ កំពុង​តែ​យល់សប្ត​ហើយ៖ «រក​គ្រប់​វិធី ដើម្បី​កំចាត់ ដើម្បី​ឲ្យ​ខ្ញុំ​ចេញ​ពី​គណបក្ស​ហ្នឹង​យូរ​ហើយ មិន​មែន​ទើប​ឥឡូវ​ទេ តាំង​ពី​យូរ​ណាស់​មក​ហើយ។ ប៉ុន្តែ​មិន​អាច​ទៅ​រួច ដោយ​សារ​អ្វី​ដែល​ខ្ញុំ​មាន គឺ​អំពើ​ល្អ ដែល​ខ្ញុំ​បាន​ធ្វើ ទី​២ សមាជិក​សមាជិកា​អ្នក​គាំទ្រ​ច្រើន​លើស​លប់​ណាស់ ដែល​ទាក់​ទិន​នៅ​មូលដ្ឋាន ជា​អតីត​អ្នក​តស៊ូ តែង​តែ​ផ្តល់​យុត្តិធម៌​ឲ្យ​ខ្ញុំ គឺ​គេ​ជួយ​គាំទ្រ​ខ្ញុំ»
អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច បាន​មាន​ប្រសាសន៍​ថា នយោបាយ​បង្រួប​បង្រួម គឺ​ត្រូវ​ការ​រួប​រួម​គ្នា គឺ​មិន​មែន​កំចាត់​គ្នា​នោះ​ទេ៖ «មក​កាន់ ហ៊្វុនស៊ិនប៉ិច វិញ វា​ទាល់​តែ​ធ្វើ​រដ្ឋ​ប្រហារ​មួយ​សារ​ទៀត នៃ​គណបក្ស ហ៊្វុនស៊ិនប៉ិច ហ្នឹង។ រដ្ឋ​ប្រហារ​បាន​ន័យ​ថា សមាជិក​ទាំង​អស់​លែង​គាំទ្រ​អគ្គលេខាធិការ ហើយ​ដើរ​ចូល​សម្ដេច​ក្រុម​ព្រះ អាហ្នឹង​បាន​ទៅ​រួច។ តែ​បើ​សិន​ជា​សមាជិក​ទាំង​អស់ នៅ​មាន​ការ​គាំទ្រ​ពី​រាជ​រដ្ឋាភិបាល ផ្តល់​តំណែង​ឲ្យ​តិច​តួច។ យើង​ដឹង​ហើយ​ថា ហ៊្វុនស៊ិនប៉ិច បែក​បាក់ កើត​ចេញ​មក​ពី​ផល​ប្រយោជន៍​ពីរ ទី​១ អំណាច ទី​២ ផល​ប្រយោជន៍»
ការ​ប្រកាស​ជា​ចំហ ដោយ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ នៅ​ពេល​នេះ គឺ​នៅ​គ្រា​ដែល​កិច្ច​ព្រម​ព្រៀង​បង្រួប​បង្រួម រវាង​គណបក្ស នរោត្តម រណឫទ្ធិ និង​គណបក្ស ហ៊្វុនស៊ិនប៉ិច បាន​ចុះ​ហត្ថលេខា​រួប​រួម​គ្នា កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ នៅ​ឯ​វិមាន​សន្តិភាព បាន​ឈាន​ដល់​ការ​បែក​បាក់​គ្នា៕

No comments:

Post a Comment

yes