សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, June 30, 2012

កូន​ប្រុស​លោក ឈុត វុទ្ធី កំពុង​ស្វែង​រក​មេធាវី​ជួយ​ពន្លឿន​រឿង​ក្តី​ឃាត​កម្ម​ឪពុក​

លោក​ ​ឈុត​​ វុទ្ធី​​
កូន​ប្រុស​ច្បង​របស់​សព​លោក​ ​ឈុត​​ វុទ្ធី​​ កំ​ពុង​​​ស្វែង​​​រក​​​មេ​ធាវី​​ដើម្បី​​​​ជួយពន្លឿន​​​ឲ្យ​​​សាលា​​​ដំបូង​​​​ខេត្ត​​​​​កោះ​​កុ​ង ដំណើរ​ការ​សំណុំ​រឿង​ ការបាញ់សម្លាប់លើ​ឪពុករបស់គេ ឲ្យ​បាន​ឆាប់ ពី​ព្រោះ​​ឃាត​កម្ម​​នោះ​​បានកើតឡើងជាងពីរខែមកហើយ។          
កូនប្រុសអតីត​ប្រធាន​អង្គ​​​ការ​​​ការ​​ពារ​​ធនធាន​ធម្ម​ជាតិ លោក ឈុត វុទ្ធី​ គឺ​ លោក​ ឧត្តម​រស្មី ថ្លែងប្រាប់ នៅ​ថ្ងៃ​សុក្រ​​ថា​ លោ​ក​​កំពុង​​ស្វែង​រក​​មេ​ធាវី មក​ពី​​អង្គ​ការ​​សិទ្ធិ​មនុស្ស ឲ្យជួយការ​ពារ​រឿងក្តី​​ឪពុក​​របស់​​លោក​​ ដើម្បី​ឲ្យ​តុលាការសើរើ​សំណុំរឿងនោះ​ឡើងវិញ ៖ "​បាទ​!​ខ្ញុំ​រក​មេធាវី​ទៅ​ទើប​​ដឹង​ថា សំនុំ​រឿង​ដល់ណា​ដល់ណា ទើប​ខ្ញុំ​ដឹង​មុន ​ខ្ញុំ​​អត់​បាន​តាម​ដាន​ជាប់ ខ្ញុំ​រវល់​​​ការងារ​ខ្ញុំ ខ្ញុំ​រក​មេធាវី​​ទៅ​​គេ​​ដក​​សំនុំ​​រឿង​​​មក ​​ថា​រឿង​ហ្នឹង​វា​ដល់​ណា ​សាក្សី​ឆ្លើយ​ថា​ម៉េច​ៗ​ខ្ញុំ​អាច​ដឹង​”។
មន្ត្រី​សម្រប​ស​ម្រួល​​​នៅ​​​សមាគម​​ការពារ​សិទ្ធិ​​​​មនុស្ស​​លី​កា​ដូ​​​ ប្រចាំ​ខេត្ត​​កោះ​កុង​ លោក ​អ៊ិន គង់​​ជិត ​បាន​​ឲ្យ​ដឹង​​ថា ​រហូត​មក​ដល់​​ថ្ងៃ​សុក្រ​​នេះ មន្ត្រី​តុលាការ​​មិន​​បញ្ចេញ​​ឲ្យ​ដឹង​ពី​ការ​​វិវត្តន៍​នៃ​​សំនុំ​​ឃាត​កម្ម​​​ដ៏​រសើប​នោះ​​ទេ។​ លោក​​បន្ត​​ថា​​ ការ​​ស៊ើប​​អង្កេត​​បឋម ​មាន​​សាក្សី​​ខ្លះ​​ចង្អុល​​បង្ហាញ​​​លើ​អ្នក​​​ផ្សេង​​ទៀត ហេតុ​នេះ​​តុលាការ​កោះ​​ហៅ​សាក្សីសួរ​បន្ត​ទៀត​ធ្វើ​ឲ្យ​នី​តិ​វិ​ធី​យូរ​។ តែ​លោក​​ថា កន្លង​មក​សាក្សី​​ដែលបាន​ចូល​បំ​ភ្លឺ​មាន​ចំនួន​​៥នាក់​ហើយ។ ​ប៉ុន្តែ​​ឥឡូវ​​នេះ​មិន​​ទាន់​​ឃើញ​​តុលាការ​កោះ​​ហៅ​​សាក្សី​​​ទី៦​ និងទី​​៧​នៅ​ឡើយ​​ទេ​។​​​ លោ​ក អ៊ិន គង់​ជិត​ នៅ​តែ​មាន​​ការ​ព្រួយ​បារម្ភ​ពី​ការយឺត​យ៉ាវ​​របស់​​តុលា​ការ​ក្នុង​​​ការ​​បញ្ជូន​​ដី​កា​​ទៅ​​សាក្សី ៖ "តែ​ខ្ញុំ​ជឿថា នៅ​តុលាការ​កោះ​កុង​នេះ គាត់​ខំ​ប្រឹង​ប្រែង​ធ្វើ​ ប៉ុន្តែ​ខ្លាច​​​ល​ការ​បញ្ជូន​ដីកា​អត់​មាន​ទៅ​ដល់​បុគ្គល​ដែល​ត្រូវ​ទទួល​” ។

ព្រះ​​រាជ​​អា​​ជ្ញា​​អម​​សា​​លា​​​​ដំបូង​​​​​ខេត្ត​​កោះ​​​​កុង​ ​​លោក ស្រី ​ម៉ាកនី​ មាន​ប្រ​សាសន៍ថា សំណុំ​រឿង​នេះ តុលាការ​​កំពុង​​ធ្វើ​​ការ​​ស៊ើប​​សួរ។ ប៉ុន្តែ​​នៅ​​ពេល​​សន្ទនា​ជា​មួយ​​អ្នក​​យក​​ព័ត៌​មាន​​តាម​​ទូរស័ព្ទ​បាន​​មួយ​​សន្ទុះ ​លោក​ព្រះ​​រាជ​​អាជ្ញា​​​និយាយ​ថា​​ទូរ​ស័ព្ទ​​​របស់​​លោ​ក​ មិន​​អាច​​ស្តាប់​​បា​ន រួច​​លោក​​ក៏​ផ្តាច់​​​ភ្លាម​ ៖” ខ្ញុំ​​កំពុង​​តែ​​ស៊ើប​​អង្កេត​ ​អាឡូ ​អាឡូ” ​។
គួររំលឹកថា ប្រធាន​អង្គ​​​ការ​​​ការ​​ពារ​​ធនធាន​ធម្ម​ជាតិ លោក ឈុត វុទ្ធី ត្រូវ​គេ​បាញ់​សម្លាប់​នៅ​ស្រុក​​មណ្ឌល​​សីមា​ ខេត្ត​​​កោះ​​​កុង កាល​ពីថ្ងៃ​​ទី​២៦ ខែ​​មេសា​ ​ឆ្នាំ​២០១២​ ខណៈ​​ពេល​ដែល​​​លោក​​​ព្យា​​​​​​​​​យាម​ថត​គំនរ​ឈើ​​ ដែលស្តុក​ទុក​នៅ​ក្នុងក្រុមហ៊ុន ​Timbergreen​ ។ មក​ដល់​​​ពេល​​​​នេះ​​​​​​​ តុ​​លា​​​ការ​​ខេត្ត​​កោះ​កុង ​ទើប​តែ​​ចាប់​​ខ្លួន​ជន​សង្ស័យ​ម្នាក់​គត់​ ជា​បុគ្គ​លិក​ក្រុម​ហ៊ុន​នេះ ​​​​​ឈ្មោះ​ រ៉ាន់ បូរ័ត្ន​ ឃុំខ្លួន​បណ្តោះ​អាសន្ន ដោយ​​ចោទ​​ពី​បទ​​មនុស្សឃាត​ដោយ​អចេតនា។​ ចំណែក​អង្គ​ការ​ស​​​ង្គម​​​​​ស៊ី​​វិល​​​​​​​​​​​ ជំ​រុញ​​​ឲ្យ​​តុលា​​​ការ​ មួយ​​នេះ ​​ស៊ើប​​អ​​ង្កេត​​វែក​មុខ​រក​អ្នក​ពាក់​ព័ន្ធ​ និ​ងអ្នក​នៅ​​​​ពី​ក្រោយ​ខ្នង​នៃ​​​ឃាត​​​​​កម្ម​​​​នេះ​​​​​​​ មក​​ផ្តន្ទា​​​ទោស​បន្ថែម​​​ទៀត​ ​ដើម្បី​​ផ្តល់​យុត្តិ​ធម៌​ជន​គ្រួសារ​សព​ជនរង​គ្រោះ​​ទាំង​ពីរ​​នាក់​ គឺលោក ឈុត វុទ្ធី និងមន្រ្តីប៉េអឹម លោក អ៊ិន រតនា៕

No comments:

Post a Comment

yes