សេត គឹមសឿន ភ្នំពេញប៉ុស្តិ៏
ភ្នំពេញៈ ក្រោយបាត់ខ្លួនសូន្យឈឹងក្រោមពាក្យរត់ចោលប្រពន្ធតាមជំទាវជាង មួយខែធ្វើឲ្យប្រពន្ធ និងគ្រួសារតាមរកវក់វីនោះ អ៊ឹង ប៊ុនលាភ បានធ្វើរឿងមិននឹកស្មានមួយគឺដាក់ពាក្យបណ្តឹងប្រពន្ធទៅសាលា ដំបូងរាជធានីភ្នំពេញ បំណងដើម្បីផ្តាច់ទំនាក់ទំនងជាមួយប្រពន្ធ និងឈប់ឲ្យនាងមកតាមរំខានទៀត។ មុននេះអ្នកស្រី ម៉ុក ភក្តី បានរៀបចំឯកសារប្តឹងបកវិញ តែមកទល់នឹងម្សិលមិញ សំណុំរឿងនេះហាក់ដូចជានៅទ្រឹង ខណៈអ្នកស្រីនិយាយទាំងស្ទាក់ស្ទើរថា រង់ចាំមេរបស់លោក អ៊ឹង ប៊ុនលាភ ដោះស្រាយសិន។
ភាពឆោឡោបាត់លោក អ៊ឹង ប៊ុនលាភ នេះ ត្រូវបានបែកធ្លាយក្រោយពេលអ្នកស្រី ម៉ុក ភក្តី ជាភរិយា ទម្លាយ និងធ្វើការប្រកាសជាសាធារណៈតាមរយៈស្ថានីយទូរទស្សន៍ស៊ីធីអិន ក្រោយពេលដែលលោក អ៊ឹង ប៊ុនលាភ ចាកចេញពីផ្ទះដោយគ្មានដំណឹងសូន្យឈឹង សូម្បីតម្រុយបន្តិចក៏គ្មាននោះ។ តាមរកប្តីបាត់ខ្លួនសឹងដាច់ខ្យល់ បែរជាចុងក្រោយអ្នកស្រី ម៉ុក ភក្តី ទទួលបានដីកាកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញ តាមរយៈពាក្យបណ្តឹងរបស់លោក អ៊ឹង ប៊ុនលាភ ជាស្វាមីទៅវិញ។
លោក អ៊ឹង ប៊ុនលាភ បានចូលខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១២ ដើម្បីដាក់ពាក្យបណ្តឹងបង្កជាសំណុំរឿងរក្សាការពារ ហាមឃាត់មិនឲ្យអ្នកស្រី ម៉ុក ភក្តី ជាភរិយា មកបង្កការរំខានដល់ជីវិតរស់នៅ និងជីវភាពឯកជនរបស់លោកជាស្វាមីចាប់ពីថ្ងៃនេះតទៅ។ តែភ្លាមនោះអ្នកស្រី ម៉ុក ភក្តី ក៏បានដាក់ពាក្យបណ្តឹងប្តឹងបកឲ្យលោក អ៊ឹង ប៊ុនលាភ សងទ្រព្យសម្បត្តិពាក់កណ្តាលមកវិញ។
ទោះបីជាបង្ហាញចង្កូមដាក់គ្នា តែមកទល់នឹងពេលនេះ សំណុំរឿងហាក់ស្ថិតនៅទ្រឹងមួយកន្លែង ខណៈអ្នកស្រី ម៉ុក ភក្តី មានភាពស្ទាក់ស្ទើរហាក់មានអាថ៌កំបាំងអ្វីនៅពីក្រោយនោះ។
អ្នកស្រី ម៉ុក ភក្តី និយាយដោយខ្លីថា៖ «រឿងហ្នឹងពិបាកណាស់ឥឡូវ មិនអាចនិយាយបានទេ គឺចាំមេគាត់[មេ អ៊ឹង ប៊ុនលាភ ] ដោះស្រាយសិន»៕
No comments:
Post a Comment
yes