សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 22, 2012

ចៅ​ក្រម​និល ណុន គំរាម​ប្តឹង​មេធាវី នួន ជា

120622_03
លោក Michiel Pestman ជាតិ​ហូឡង់ ៖ «ខ្ញុំ​មាន​ជំនឿ​ទុក​ចិត្ត​តិច​បំផុត​លើ​គណៈ​មេធាវី​កម្ពុជា...»។
 រូបថត ហុង មិនា
ភ្នំពេញៈ «ការ​ប្រតិ​បត្តិ​ខុស​ឆ្គង​ជា​បន្ត​បន្ទាប់»​របស់​មេធាវី​ការ​ពារ​ក្តី​លោក នួន ជា បង​ធំទី ២ នឹង​ត្រូវ​បញ្ជូន​ទៅ​គណៈ​មេធាវី​កម្ពុជា ដើម្បី​ដាក់​ពិន័យ។ នេះ​បើ​យោង​តាម​លោក និល ណុន ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ពេល​បញ្ចប់​ចម្លើយ​ជា​សក្ខី​កម្ម នៅ​សាលា​ក្តី​ខ្មែរ​ក្រហម កាល​ពី​ម្សិល​មិញ។
លោក និល ណុន បាន​ថ្លែង​ថា៖ «ការ​ប្រតិ​បតិ្ត​ខុស​ឆ្គង​នេះ​រាប់​បញ្ចូល​ដោយ​គ្មាន​កម្រិត​នូវ​ការ​រំលោភ​ដោយ​ចេតនា និង​ការ​បញ្ចេញ​ប្រាប់​សារ​ព័ត៌​មាន​នូវ​ព័ត៌​មាន​សម្ងាត់ ហើយ​និង​ឯកសារ​សម្ងាត់​បំផុត»។
ប្រហែល ១៥ នាទី​ក្រោយ​មក ក្រុម​មេធាវី​ការ​ពារ​លោក នួន ជា បាន​ចេញ​ផ្សាយ​សេចក្តី​ប្រកាស​ព័ត៌​មាន​មួយ ដែល​អម​ជាមួយ​នឹង​ច្បាប់​ចម្លង​នៃ​ដីកា​សម្ងាត់​របស់​លោក Laurent Kasper-Ansermet សហ​ចៅ​ក្រម​ស៊ើប​អង្កេត​បម្រុង​អន្តរ​ជាតិ ដែល​បាន​លា​លែង​ពី​តំណែង។ សេចក្តី​ប្រកាស​នោះ​បាន​ឲ្យ​ដឹង​ថា ដីកា​នោះ​ពាក់​ព័ន្ធ​នឹង​អ្នក​នយោ​បាយ​ជាន់​ខ្ពស់​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់​អំណាច ក្នុង​ឧក្រិដ្ឋ​កម្ម​សម័យ​ខ្មែរ​ក្រហម។

មេធាវី​អន្តរ​ជាតិ​ការ​ពារ​លោក នួន ជា សរសេរ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​ថា៖ «ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​នៃ​សវនា​ការ ក្រុម​មេធាវី​ការ​ពារ​ក្តី​បាន​ខិត​ខំ​ស្វែង​រក ពី​តួនាទី​និង​ការ​ទទួល​ខុស​ត្រូវ​ព្រហ្ម​ទណ្ឌ​ដែល​អាច​មាន​របស់​លោក ហ៊ុន សែន លោក ហេង សំរិន លោក ជា ស៊ីម និង​មន្រ្តី​ក្នុង​ជួរ​កង​យោធពល​ខេមរ​ភូមិន្ទ​ដទៃ​ទៀត»។
លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន លោក​ប្រធាន​ព្រឹទ្ធ​សភា ជា ស៊ីម និង​លោក​ប្រធាន​រដ្ឋសភា ហេង សំរិន ស្ថិត​ក្នុង​ចំណោម​មន្រ្តី​រដ្ឋាភិបាល​៦នាក់ ដែល​មិន​គោរព​តាម​ដីកា​តុលាការ​ផ្លូវ​ការ ចេញ​ដោយ​អ្នក​ស៊ើប​អង្កេត​ក្នុង​សំណុំ​រឿង ០០២។
កន្លង​មក ក្រុម​មេធាវី​ការ​ពារ​លោក នួន ជា បាន​ស្នើ​សុំ​ចម្លើយ​កសិណ​របស់​ពួក​គេ ហើយ​បាន​ធ្វើ​ការ​ស្នើ​សុំ​ម្តង​ហើយ​ម្តង​ទៀត និង​ថែម​ទាំង​ដាក់​ពាក្យ​បណ្តឹង​ព្រហ្ម​ទណ្ឌ ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ អំពី​ការ​ជ្រៀត​ជ្រែក​របស់​រដ្ឋាភិបាល​ក្នុង​នីតិ​វិធី​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​នេះ​ទៀត​ផង។
លោក Michiel Pestman មេធាវី​ការពារ​ក្តី​ជាន់​ខ្ពស់ បាន​ថ្លែង​ថា នេះ​ជា​លើក​ទី៣​ហើយ​ដែល​ចៅ​ក្រម​បាន​គំរាម​ដាក់​ពាក្យ​ប្តឹង​ទៅ​គណៈ​មេធាវី ប៉ុន្តែ​មិន​ដែល​ធ្វើ​ដូច​ការ​គំរាម​ទេ ពី​មុន​មក។
លោក​មេធាវី​ជន​ជាតិ​ហូ​ឡង់​ម្នាក់​នេះ​បាន​ថ្លែង​ថា៖ «យើង​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ដាក់​ពាក្យ​បណ្តឹង។ ខ្ញុំ​គិត​ថា ស្ថាប័ន​វិជ្ជា​ជីវៈ គួរ​ពិនិត្យ​លើ​បញ្ហានេះ»។
លោក​បាន​បន្ត​ថា៖ «ខ្ញុំ​មិន​ច្បាស់​ថា​តើ​គណៈ​មេធាវី​កម្ពុជា​សម​ស្រប​នោះ ។ ខ្ញុំ​មាន​ជំនឿ​ទុក​ចិត្ត​តិច​បំផុត​លើ​គណៈ​មេធាវី​កម្ពុជា។ ខ្ញុំ​សង្ឃឹម​ថា គេ​នឹង​ដាក់​ពាក្យ​បណ្តឹង​ជាមួយ​នឹង​ស្ថាប័ន​វិជ្ជា​ជីវៈ​សម​ស្រប ដែល​មាន​បទ​ពិសោធ​ដោះ​ស្រាយ​បញ្ហា​នេះ ហើយ​ស្ថាប័ន​នោះ​គឺ​គណៈ​មេធាវី​ហូ​ឡង់»។
លោក សួន វិសាល អគ្គលេខា​ធិការ នៅ​គណៈ​មេធាវី​កម្ពុជា មិន​អាច​សុំ​ការ​បញ្ជាក់​បាន​ទេ ពី​ម្សិល​មិញ៕

ភ្នំពេញប៉ុស្តិ័

No comments:

Post a Comment

yes