ពិភពល្បែងនិងបនស្រីនៅសង្កាត់ស្រះចកខណ្ឌដូនពេញ
ភ្នំពេញ៖ បើទោះបីជាសារព័ត៌មានវិទ្យាសាស្ត្រខ្មែរបានចុះផ្សាយជម្រាបជូនអស់លោកដែលជាអាជ្ញាធរខណ្ឌដូនពេញ ជាពិសេសលោកអភិបាលខណ្ឌ សុខ សម្បត្តិ អំពីពិភពល្បែង និងបនស្រីស្ថិតនៅតាមបណ្ដាយផ្លូវលេខ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលស្ថិតក្រោមស្លាកយីហោលក់កាហ្វេ ប៉ុន្តែមានបម្រើសេវាផ្លូវភេទយ៉ាងពេញទំហឹង និងបើកល្បែងហ្គេមស៊ីសងដែលមានថៅកែឈ្មោះគីន។
ប្រភពព័ត៌មានបានឱ្យដឹងថា ផ្ទះលក់កាហ្វេប្រហែលជា ៦ទៅ៧ផ្ទះ នៅទល់មុខគ្នាអមសងខាងផ្លូវលេខ ៨០នេះ បានបើកអាជីវកម្មផ្លូវភេទអស់រយៈកាលរាប់សិបឆ្នាំមកហើយ ប៉ុន្តែគេពុំដែលឃើញសមត្ថកិច្ចណាម្នាក់ចុះមកបង្ក្រាបរឺធ្វើសេចក្ដីណែនាំណាមួយឡើយ បែរជាគេឃើញអស់លោកចុះមកលុយជារៀងរាល់ថ្ងៃ និងរៀងរាល់ខែទៅវិញ។ ការធ្វើបែបនេះគេអាចសន្និដ្ឋានថាសមត្ថកិច្ចពិតជាបានសហការឃុបឃិតជាមួយក្រុមប្រព្រឹត្តបទល្មើសជាថ្នូរទៅនឹងប្រាក់ដើម្បីជួយលាក់បាំងបំភ័ន្តភ្នែកពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ។
ជាមួយគ្នានេះដែរគេក៏បានឃើញមានទីតាំងហ្គេមប្រភេទល្បែងស៊ីសងវាយពង់បៀរ និងប្រណាំងសេះក៏ស្ថិតនៅចន្លោះតំបន់បនស្រីនោះដែរ ដោយប្រភពបានអះអាងថាទីតាំងខាងលើនេះក្រៅពីពង្វក់សិស្សានុសិស្សឱ្យគេចសាលា និងចេះលួចទ្រព្យសម្បត្តិឪពុកម្ដាយហើយនោះ វាក៏ជាប្រភពបង្កក្មេងៗមួយចំនួនបានក្លាយទៅជាចោរឆក់ ចោរលួច និងប្លន់ជាពិសេសបានក្លាយទៅជាទីតាំងប្រកបរបរលក់គ្រឿងញៀន ព្រោះដោយសារទីតាំងនោះបើកអាជីវកម្ម១យប់ទល់ភ្លឺ។
ប្រភពបានបន្តថា ថៅកែឈ្មោះគីន ក្រៅពីទីតាំងខាងលើនេះក៏នៅមានទីតាំង៣ផ្សេងៗទៀតដែលស្ថិត នៅក្បែរបាចតុមុខក្នុងសង្កាត់ស្រះចកដូចគ្នា។ ទាំងនេះធ្វើឱ្យមជ្ឈដ្ឋានជាច្រើនមិនយល់ថាលោកមេប៉ុស្តិ៍កាន់ វណ្ណៈ ហៅ ផាន់ ណា និងលោក ឆៃ ណារិទ្ធ ចៅសង្កាត់ ដែលទើបទទួលបានសម្លេងឆ្នោតបណ្ដោះ អាសន្នឈ្នះដោយការឃោសនាក្នុងមូលដ្ឋានរបស់ខ្លួនពុំមានបទល្មើសគ្រប់ប្រភេទ ហើយនិងបានខិតខំបំពេញគោលការណ៍ទាំង៥ចំណុចភូមិឃុំ-សង្កាត់មានសុវត្ថិភាពនោះជាពាក្យពិតឬក៏វាគ្រាន់តែជាពាក្យកុហក។
សូមបញ្ជាក់ផងដែរ កាលពីពេលថ្មីៗកន្លងទៅនេះលោកស្នងការ ទូច ណារ៉ុថ ក៏បានកោះប្រជុំមន្ត្រីជំនា ញក្រោមឱវាទជាបន្ទាន់ផងដែរ ទៅលើបញ្ហាភាពអសកម្មរបស់មន្ត្រីមួយចំនួន និងបទល្មើសចោរឆក់ ប្លន់ និងកាច់ករម៉ូតូ ហាក់បីជាមានការកើនឡើងយ៉ាងគំហុក។ ហើយលោកស្នងការសំណូមពរឱ្យអស់លោកជំនាញមូលដ្ឋានដែនដីទាំងជួយស្វែងរកពីមូលហេតុថាតើ បញ្ហាទាំងនេះកើតមានឡើងដោយសារអ្វី? ឬក៏មកពីគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាពនោះមានមន្ត្រីមួយចំនួនមិនព្រមអនុវត្តតាម៕
No comments:
Post a Comment
yes