ភ្នំពេញៈ មន្រ្តីរដ្ឋាភិបាល បាននិយាយថា មិនមែនមានតែភូមិពីរ នៅក្នុងស្រុកពញាក្រែកនោះទេ ដែលនឹងត្រូវដោះដូរជាមួយវៀតណាម ប៉ុន្តែដីស្រែខ្មែរផ្សេងទៀត ក៏នឹងត្រូវកាត់ដោះដូរជាមួយវៀតណាមផងដែរ។
លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការព្រំដែនរបស់រដ្ឋាភិបាល ថ្លែងកាលម្សិលមិញថា ការដោះដូរដីជាមួយនឹងវៀតណាម កម្ពុជា នឹងកាត់ដីស្រែរបស់ខ្លួន នៅខេត្តកំពង់ចាម ទៅឲ្យវៀតណាម នៅពេលដែលភាគីទាំងពីរ បានរកឃើញថា តំបន់ដីស្រែណាខ្លះរបស់វៀតណាម ចូលក្នុងទឹកដីខ្មែរ។
លោកបានថ្លែងបន្តថា៖ «វាមិនមែនត្រឹមតែភូមិថ្លុកត្រាច និងភូមិអន្លង់ជ្រៃប៉ុណ្ណោះទេ មានទីកន្លែងច្រើនថែមទៀតដែលដីស្រែរបស់យើង ចូលក្នុងទឹកដីវៀតណាម ជាទីដែលយើង កំពុងតែកាន់កាប់ យើងនឹងទុកវាឲ្យពលរដ្ឋរបស់យើង ដើម្បីបន្តធ្វើស្រែចម្ការ។ តែយើងត្រូវតែរក ដីស្រែណា ហើយយើងនឹងចរចា ប្រសិនបើពួកគេត្រូវការដីហ្នឹង ឬកន្លែងណាមួយ យើងដូរគ្នាក្នុងខេត្តជាមួយគ្នា»។
ប៉ុន្តែលោក វ៉ា គឹមហុង បានបញ្ជាក់ថា ការដោះដូរនេះ អាចធ្វើបានទាល់តែយើងមានកិច្ចព្រមព្រៀងជាមុនសិន និងការចរចាសមស្របរវាងប្រទេសទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ ក៏លោក មិនបានប្រាប់អំពីកាលបរិច្ឆេទជាក់លាក់ នៃការដោះដូរភូមិ និងដីស្រែនេះទេ ហើយលោក ក៏មិនបានបញ្ជាក់ពីតំបន់ដីស្រែណាមួយ ដែលនឹងត្រូវប្រគល់ឲ្យទៅវៀតណាមដែរ ដោយលោក គ្រាន់តែនិយាយថា តំបន់ទាំងនោះស្ថិតនៅក្នុងខេត្តកំពង់ចាមដូចគ្នាតែប៉ុណ្ណោះ។
សម្រាប់ការដោះដូរនេះ បក្សប្រឆាំង និងក្រុមសង្គមស៊ីវិល បានអំពាវនាវឲ្យរដ្ឋាភិបាលផ្អាកការសម្រេចចិត្តនេះ ដោយអះអាងថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា សម្រេចដូរតំបន់ណាមួយជាមួយវៀតណាម ភាគីទាំងពីរ ត្រូវពឹងលើផែនទី ដែលគេដាក់តម្កល់នៅ អ.ស.ប. មិនមែនផ្អែកទៅលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ នោះទេ ហើយត្រូវតែមានការចូលរួមពីគណបក្សនយោបាយ ក្រុមសង្គមស៊ីវិលនិងសហគមន៍អន្តរជាតិ។
សមាជិកសភា និងជាអ្នកនាំពាក្យគណបក្សសម រង្ស៊ី លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា៖«គណបក្សសម រង្ស៊ី សូមជំទាស់ដាច់ខាតចំពោះការសម្រេចណាមួយដែលកាត់ដីខ្មែរឲ្យទៅ វៀតណាម។ ព្រោះដីទាំងអស់ ជាដីខ្មែរ ហើយដីដែលឲ្យទៅវៀតណាម ក៏ជាដីខ្មែរ វៀតណាមឲ្យដីខ្មែរវិញ ក៏ជាដីខ្មែរទាំងអស់»។ លោកបន្ថែមទៀតថា សន្ធិសញ្ញាបន្ថែម ដែលបានអនុម័តដោយសភាជាតិនៅឆ្នាំ២០០៥ និងសន្ធិសញ្ញាទសវត្សរ៍ឆ្នាំ១៩៨០ គណបក្សសម រង្ស៊ី មិនដែលគាំទទួលស្គាល់ទេ។
លោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានហៅគម្រោងនៃការដោះដូរដីភូមិ និងដីស្រែនៅតាមព្រំដែននេះថា ជាការយកដីខ្មែរ និងដីខ្មែរ ដូរឲ្យទៅវៀតណាម តែតាមពិត សុទ្ធតែជាដីខ្មែរទាំងអស់៕ NR
No comments:
Post a Comment
yes