ដោយ សេក បណ្ឌិត
ជម្លោះព្រំដែនខ្មែរ ថៃ នៅតំបន់ប្រាសាទព្រះវិហារខ្មែរនៅតែស្ថិតក្នុងភាពស្មុគស្មាញនៅឡើយ បើទោះជាប្រទេសថៃ បានផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីថ្មី ដែលជាមនុស្សស្និទ្ធនឹងប្រមុខរដ្ឋាភិបាលខ្មែរយ៉ាងណាក៏ដោយ។
ថ្មីៗនេះ ទាហានឈុតខ្មៅថៃ នៅតែបង្កសកម្មភាពដែលងាយឲ្យមានជម្លោះនៅតំបន់ព្រំដែននៃប្រទេសទាំងពីរជាបន្តបន្ទាប់។ មន្ត្រីជាន់ខ្ពស់កម្ពុជា បានហៅសកម្មភាពរបស់ទាហានឈុតខ្មៅថៃនៅតំបន់ព្រំដែននោះថា ជាទង្វើផ្ទុយនឹងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិក្រុងឡាអេ (ICJ)។
ក្រសួងការបរទេសកម្ពុជាផ្ញើលិខិតជាផ្លូវការទៅតុលាការអន្តរជាតិក្រុងឡាអេ និងស្ថានទូតថៃប្រចាំនៅកម្ពុជា នៅថ្ងៃពុធ ទី០៤ កក្កដា ស្តីពីការរំលោភបំពានរបស់កងទ័ពថៃទៅលើតំបន់ដែលកំណត់ថា គ្មានកងទ័ពនៅក្បែរប្រាសាទព្រះវិហារ។
តំបន់ដែលគ្មានកងទ័ពនោះ កំណត់ដោយតុលាការអន្តរជាតិក្រុងឡាអេ កាលពីថ្ងៃទី១៨ កក្កដា ឆ្នាំ២០១១ កន្លងទៅ ដោយមានកិច្ចព្រមព្រៀងពីភាគីទាំងពីរផង។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងមន្ត្រីអ្នកនាំពាក្យ នៃក្រសួងការបរទេស លោក កុយ គួង ដើម្បីសុំការបញ្ជាក់បន្ថែមលើខ្លឹមសារលិខិតនេះបានទេ នៅថ្ងៃពុធទី០៤ កក្កដា។
ប៉ុន្តែ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យ លោកមានប្រសាសន៍ពន្យល់ថា ការផ្ញើលិខិតដែលបង្ហាញពីការរំលោភបំពានរបស់ភាគីថៃ មកលើតំបន់ដែលគ្មានកងទ័ពនោះ ជាការបង្ហាញនូវភាពអត់ធ្មត់របស់កម្ពុជា ដែលមិនតបតជាមួយភាគីថៃ ដោយប្រដាប់អាវុធ ដោយគោរពទៅតាមច្បាប់អន្តជាតិ និងដើម្បីរង់ចាំការបកស្រាយសាលដីការបស់តុលាការអន្តរជាតិក្រុងឡាអេ លើករណីប្រាសាទព្រះវិហារ។
សារលិខិតរបស់ក្រសួងការបរទេសកម្ពុជា បានបង្ហាញសកម្មភាពរំលោភបំពានរបស់ទាហានឈុតខ្មៅថៃ ចំនួន៥ចំណុច។ ទីមួយ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១២ ទាហានឈុតខ្មៅថៃបានព្យាយាមដាក់ខ្សែលួសបន្លាបន្ថែមទៀត នៅតំបន់ហាមឃាត់ នៅត្រង់ចំណុចខ្សែបន្ទាត់កូអរដោនេ (Coordinate) VA៦៥៩-៩១៨ ស្ថិតនៅខាងជើងច្រកចូលប្រាសាទព្រះវិហារ។
លើកទីពីរ នៅថ្ងៃទី២៤ មិថុនា ទាហានឈុតខ្មៅថៃដដែល បានដឹកបន្លាលួសមួយឡានមកទៀត មកដាក់នៅចំណុច កូអរដោនេ VA៦៦៤-៩១៧ បន្តទៀត។
ទីបី នៅថ្ងៃទី២៥ មិថុនា ទាហានថៃបានទម្លាក់ខ្សែលួសបន្លាចំនួន ៤ ទៅ ៥ដុំ នៅចំណុចខ្សែកូអរដោនេ VA៦៥៩-៩១៨ ស្ថិតនៅខាងជើងច្រកចូលប្រាសាទព្រះវិហារម្តងទៀត។
ទីបួន នៅថ្ងៃទី២៦ មិថុនា មានករណីផ្ទុះគ្រាប់កាំភ្លើងមួយគ្រាប់ ចេញពីបន្ទាយទាហានថៃ នៅម្តុំខ្សែបន្ទាត់ កូអរដោនេ VA៦៣៤-៩២៥ ក្រោយការផ្ទុះអាវុធលើកទីមួយបានប្រមាណ៥នាទី មានការផ្ទុះអាវុធម្តងទៀត នៅម្តុំខ្សែបន្ទាត់ កូអរដោនេ VA៦៣០-៩២៦ ម្តងទៀត។
ទីប្រាំ នៅថ្ងៃទី៣០ មិថុនា ទាហានឈុតខ្មៅថៃដដែល នៅតែបន្តរាយខ្សែលួសបន្ថែមទៀត នៅត្រង់ខ្សែបន្ទាត់ កូអរដោនេ VA៦៥៩-៩១៨ បន្តទៀត។
លោក បណ្ឌិត សុខទូច អ្នកវិភាគឯករាជ្យ បានគាំទ្រចំពោះរដ្ឋាភិបាលកម្ពុជា ដែលបានផ្ញើសារបង្ហាញទៅដល់ពិភពលោក ជាពិសេស តុលាការអន្តរជាតិក្រុងឡាអេ ដើម្បីឲ្យគេបានដឹងពីពុតត្បុតរបស់ថៃ ដែលមិនគោរពច្បាប់ មិនទទួលខុសត្រូវនូវអ្វីដែលបានធ្វើ ឬបានព្រមព្រៀងកន្លងមក។
ខ្លឹមសារនៅក្នុងលិខិតដែលក្រសួងការបរទេសកម្ពុជាផ្ញើទៅតុលាការអន្តរជាតិក្រុងឡាអេ បញ្ជាក់ដែរថា សកម្មភាពរបស់ថៃទាំងនោះ កម្ពុជាតែងតែមានប្រតិកម្មជំទាស់រហូត ដោយសកម្មភាពនោះ បានប្រព្រឹត្តិផ្ទុយនឹងស្មារតីរបស់តុលាការអន្តរជាតិក្រុងឡាអេ ដែលបានចេញបទបញ្ជាកាលពីថៃទី១៨ ខែកក្កដា ឆ្នាំ២០១១ តាមសំណើរបស់ភាគីកម្ពុជា ដែលសុំឲ្យបញ្ឈប់សកម្មភាពទាំងឡាយណា ដែលនាំឲ្យបង្កជម្លោះជាបន្ទាន់ ដើម្បីកុំឲ្យមានជម្លោះតានតឹងដាក់គ្នាបន្តទៀត និងនាំឲ្យប៉ះពាល់ដល់បរិយាកាសក្នុងការអនុវត្តតាមបទបញ្ជាតុលាការអន្តរជាតិ៕
No comments:
Post a Comment
yes