ដោយ អ៊ុក សាវបូរីាច
ប្រជាពលរដ្ឋជិត១០០គ្រួសារ មកពីស្រុកអង្គរជ័យ និងស្រុកបន្ទាយមាស ខេត្តកំពត លើកគ្នាទៅសុំឲ្យក្រុមយុវជនស្ម័គ្រចិត្ត ដែលរដ្ឋាភិបាលបញ្ជូនឲ្យចុះវាស់ដីធ្វើប័ណ្ណកម្មសិទ្ធិ នៅខេត្តកំពត សុំជួយវាស់ដីពួកគាត់នៅក្បែរភ្នំសែនហាន ឲ្យពួកគាត់បានទទួលកម្មសិទ្ធិផង។
អ្នកភូមិត្រាំសសរ ឃុំសំរោងលើ ស្រុកបន្ទាយមាស ឈ្មោះ សួស ដុក អះអាងថា ពួកគាត់មកសុំឲ្យក្រុមយុវជនស្ម័គ្រចិត្តជាង១០នាក់ ដែលចុះមកវាស់វែងដីធ្លីនៅក្នុងឃុំដំបូកខ្ពស់ ជួយវាស់ដីគាត់នៅក្បែរភ្នំសែនហាន ដែលអាជ្ញាធរបានដកហូតពីឆ្នាំ២០០៨ និង២០០៩ ទុកជាដីរ៉ែ និងដីបរិស្ថាន ឲ្យពួកគាត់ទទួលប័ណ្ណកាន់កាប់វិញ៖ «ដល់ឭសូរសម្ដេចតេជោលោកមានប្រសាសន៍ថា កូនចៅដែលធ្លាប់ធ្វើកន្លែងណា ឲ្យទៅយកកន្លែងហ្នឹងវិញ បានជាយើងខ្ញុំទាំងអស់គ្នាហ្នឹង រួមគ្នាមកចាប់ផ្តើមយកកន្លែងហ្នឹងវិញ»។
ស្ត្រីវ័យអាយុ ៦៧ឆ្នាំ នៅស្រុកបន្ទាយមាស ឈ្មោះ សិន ម៉ោង អះអាងថា ដីក្បែរភ្នំសែនហាន នេះ កូនគាត់បានស្លាប់ដោយផ្ទុះមីន ពេលកំពុងកាប់ដីដាំពោត និងដាំឪឡឹកនៅឆ្នាំ១៩៩០។ ស្រាប់តែបីបួនឆ្នាំចុងក្រោយនេះ អាជ្ញាធរប្រកាសចាប់ពលរដ្ឋដាក់គុក៦ខែ និងឲ្យបង់ប្រាក់៤លានរៀល បើហ៊ានចូលដាំដំណាំលើដីធ្លាប់កាន់កាប់នោះទៀត។
ពលរដ្ឋខានដាំដំណាំ ខ្លាចជាប់គុក និងគ្មានប្រាក់បង់ពិន័យ។ ដល់ឭថារដ្ឋាភិបាលបញ្ជូនយុវជនស្ម័គ្រចិត្តជួយចុះបញ្ជីដី គាត់មកសុំប័ណ្ណដីដែលធ្លាប់កាន់កាប់ នៅភ្នំសែនហាន នេះ តាំងពីឆ្នាំ១៩៩០ មកនោះ៖ «៤ឆ្នាំហ្នឹង គាត់អត់ឲ្យធ្វើទេ ព្រោះតែអ្នកណាហ៊ានធ្វើចាប់ដាក់គុក ហើយបង់៤លានទៀត ជាប់គុក៦ខែ បានអត់ហ៊ានធ្វើ ខ្លាចជាប់គុក»។
ស្ត្រីនៅភូមិដំណាក់ចំបក់ ឃុំសំរោងលើ អះអាងថា ដីឪពុកគាត់ដាំពោតក្បែរភ្នំសែនហាន តាំងពីឆ្នាំ១៩៨២។ នៅឆ្នាំ២០០៨ អាជ្ញាធរមកដកដីគាត់ទំហំជិត ២ហិកតារ ថាទុកឲ្យបរិស្ថានគ្រប់គ្រងវិញ។ ពលរដ្ឋម្ចាស់ដីចម្ការខាងត្បូងភ្នំសែនហាន ជាង៣០គ្រួសារ ផ្អាកធ្វើចម្ការគ្រប់គ្នា។
នៅថ្ងៃ២៦ ខែមិថុនា គាត់ឭបណ្ដាញផ្សព្វផ្សាយ ប្រសាសន៍លោក ហ៊ុន សែន ឲ្យពលរដ្ឋរងគ្រោះដីធ្លី មានសិទ្ធិទទួលប័ណ្ណកម្មសិទ្ធិលើដីជម្លោះ ទើបគាត់មកសុំឲ្យយុវជនជួយវាស់ដី នៅក្បែរភ្នំសែនហាន នោះ ចុះបញ្ជីកម្មសិទ្ធិឡើងវិញ៖ «២០១២ហ្នឹង សម្ដេចគាត់ថា ចេញប្លង់ឲ្យ។ ប្រជាពលរដ្ឋហ្នឹងក៏ឡើងមកតវ៉ាថា សុំយកដីនេះវិញ។ ដល់ឥឡូវ គេថាយកដីហ្នឹងដាក់សហគមន៍»។
ពលរដ្ឋនៅភូមិត្រពាំងរុន ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ សុំមិនប្រាប់ឈ្មោះឲ្យដឹងថា ដីគាត់ដាំពោត ស្វាយចន្ទី អំពៅ ជាដើម តាំងពីឆ្នាំ១៩៩២ មក។ ប៉ុន្តែនៅឆ្នាំ២០០៩ មន្ត្រីបរិស្ថាន និងអាជ្ញាធរហាមដាដុះ។ ក្រោយមក អាជ្ញាធរកាយយកអាចម៍ដីចម្ការគាត់ នៅខាងលិចភ្នំសែនហាន លក់រហូតមកដល់បច្ចុប្បន្ន។ ឥឡូវដីគាត់នោះ មេឃុំថាមិនអាចចុះបញ្ជីកម្មសិទ្ធិដីបានទេ។ ប៉ុន្តែដីដែលមិនទាន់កាយយកអាចម៍ដីនៅក្បែរភ្នំសែនហាន ដែរនោះ សម្រេចចេញប័ណ្ណកាន់កាប់ដីដោយរដ្ឋាភិបាល។
បុរសរូបនោះបន្តថា យុវជនដែលមកធ្វើការចុះបញ្ជីដីនៅក្នុងឃុំដំបូកខ្ពស់ នេះ បានស្នាក់នៅផ្ទះមេឃុំ គាត់គិតថា ការវាស់ដីប្រាកដជាមិនឯករាជ្យទេ៖ «គេគ្រាន់តែចុះឈ្មោះ អ្នកខ្លះបានចុះ អ្នកខ្លះក៏មិនបានចុះ។ ខ្ញុំបានចុះដែរ ប៉ុន្តែខ្ញុំចុះនៅក្នុងដីគេថារ៉ែហ្នឹង។ ប៉ុន្តែគេថាដីហ្នឹង ពីណាចុះឈ្មោះឲ្យ ពីណា ពីហ្នឹង អ្នកទទួលខុសត្រូវខ្លួនឯង»។
មេឃុំដំបូកខ្ពស់ លោក កឹម ភី ថ្លែងថា គាត់និងអាជ្ញាធរស្រុក នាំក្រុមយុវជនស្ម័គ្រចិត្តដែលចុះមកធ្វើការនៅឃុំដំបូកខ្ពស់ ទៅមើលដីដែលនឹងចុះបញ្ជីកម្មសិទ្ធិ នៅជុំវិញភ្នំសែនហាន។ លោកបន្តថា ចំពោះការសម្រេចផ្តល់កម្មសិទ្ធិដី នៅជុំវិញភ្នំសែនហាន ជារឿងរបស់រដ្ឋាភិបាល៖ «តាមការពិត មិនទាន់ដឹងថាកាត់ជាក់ស្ដែងក៏នៅដែរ ព្រោះគ្រាន់តែខាងរដ្ឋបាលព្រៃឈើ គេកំណត់ថា កាលមុន ដីនេះនៅបន្ទាយមាស ប៉ុន្តែបច្ចុប្បន្នមកនៅអង្គរជ័យ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០១២ ថ្លែងថា ក្រុមយុវជនស្ម័គ្រចិត្តជាង១ពាន់នាក់ នឹងចុះវាស់វែងដីប្រគល់កម្មសិទ្ធិជូនពលរដ្ឋ ដែលមានបញ្ហាដីក្នុងលក្ខខណ្ឌបីប្រភេទ គឺដីសម្បទានសេដ្ឋកិច្ច ដីព្រៃសម្បទាន និងដីរដ្ឋកាន់កាប់ដោយខុសច្បាប់ គឺពលរដ្ឋដែលរស់នៅក្នុងតំបន់ទាំងបីលក្ខខណ្ឌនេះ ត្រូវតែមានសិទ្ធិទទួលបានប័ណ្ណកម្មសិទ្ធិ។
ពលរដ្ឋស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ ដែលកំពុងសុំសិទ្ធិកាន់កាប់ដី នៅក្បែរភ្នំសែនហាន ឲ្យដឹងថា ដីជុំវិញភ្នំសែនហាន ជាង២០០ហិកតារ ពាក់ព័ន្ធពលរដ្ឋជិត១០០គ្រួសារ រស់នៅ២ស្រុក ចាប់ផ្ដើមបង្កជម្លោះជាមួយអាជ្ញាធរចាប់ពីរដ្ឋាភិបាលបែងចែកព្រំប្រទល់ដី របស់ស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ៕
No comments:
Post a Comment
yes