សមត្ថកិច្ចទប់ក្រុមសកម្មជនដែលរុកល្បាតការពារព្រៃឡង់កាលពីពេលកន្លងមក
ភ្នំពេញៈ ក្រុមស្រ្តីជាសកម្មជនមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាបណ្តាញសហគមន៍ព្រៃឡង់ប្រចាំស្រុកជ័យសែន បានអះអាងថា អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានបានគំរាមដាក់ខ្នោះពួកគាត់ នៅមុនពេលប្រារឰវេទិកាសាធារណៈមួយ ដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលអាជ្ញាធរខេត្តព្រះវិហារ បដិសេធមិនទទួលយកលិខិតជូនដំណឹងពីការធ្វើវេទិកានេះ។
អ្នកស្រី ព្រេង អាត អាយុ ៣៥ឆ្នាំដែលជាសកម្មជនមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅក្នុងឃុំ ស្អាងស្រុកជ័យសែន បានអះអាងកាលពីម្សិលមិញថា ប៉ូលិសស្រុកជ័យសែនបានគំរាមដាក់ខ្នោះពួកគាត់។
អ្នកស្រីបន្តថា៖«គេរកតែមុខអ្នករៀបចំទេ ហើយគេត្រៀមខ្នោះសម្រាប់អ្នករៀបចំអស់ហើយ»។អ្នកស្រីបន្ថែមថា កន្លងមកទាំងអាជ្ញាធរ និងប៉ូលិសមូលដ្ឋាន មិនពេញចិត្តនឹងអ្នកស្រី ដែលធ្វើការជាសកម្មជនសិទ្ធិមនុស្ស និងសហគមន៍ព្រៃឡង់នោះឡើយដោយពួកអាជ្ញាធរ និងប៉ូលិសបានអង្កេតតាមដានសកម្មភាពរបស់អ្នកស្រី ក៏ដូចជា សកម្មជនផ្សេងៗទៀត។ អ្នកស្រីបានត្អូញត្អែរថា៖ «រស់នៅក្នុងមូលដ្ឋានយើងខ្ញុំ មានការបារម្ភពីសុវត្ថិភាពយើងណាស់ព្រោះតែយើងជាសកម្មជនសិទ្ធិ មនុស្សធ្វើការការពារដីធ្លីព្រៃឈើយើងកុំឲ្យបាត់បង់។ រាល់ថ្ងៃនេះមានការកាប់ឈើ និងដឹកឈើ អនាធិបតេយ្យណាស់»។
អ្នកស្រី ឈឹម សុខា អាយុ ៤០ឆ្នាំ ដែលជាសកម្មជនសិទ្ធិមនុស្សម្នាក់ទៀតក៏បានអះអាងផងដែរថា ពិតជាមានការគំរាមដាក់ខ្នោះពីសំណាក់ប៉ូលិសមូលដ្ឋាននោះមែន។ ការគំរាមបែបនេះ គឺមិនចង់ឲ្យអ្នកស្រី និងប្រជាពលរដ្ឋផ្សេងទៀត ចូលរួមវេទិការបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
អ្នកស្រីថ្លែងថា៖«ខ្ញុំមិនខ្លាចទេ ធ្វើការដើម្បីការពារប្រយោជន៍រួមដូចនេះ។ បើគេចាប់ខ្ញុំដាក់គុកក៏ចាប់ទៅចុះ។ ខ្ញុំស្ម័គ្រចិត្តធ្វើដោយខ្លួនឯងគ្មានបានប្រាក់ខែអីទេ»។
លោក សាត់ យ៉ន អធិការនគរបាលស្រុកជ័យសែន បានបដិសេធថា មិនមានការគំរាមកំហែងណាមួយពីអាជ្ញាធរ និងនគរបាលមូលដ្ឋាន ដល់សកម្មជនសិទ្ធិមនុស្សទាំងនោះទេ។ លោកបានលើកឡើងថា ប្រជាពលរដ្ឋចេះតែយល់ច្រឡំថា គេគំរាមកំហែងនៅពេលដែលអាជ្ញាធរ ឬប៉ូលិសទៅសួរនាំ។ លោកថ្លែងថា៖«មិនមានការគំរាមដាក់ខ្នោះច្រវាក់អីនោះទេ។ គ្រាន់តែកន្លងមក យើងទៅសួរនាំ នៅពេលមានអ្នកប្លែកមុខចូលស្រុក។ យើងត្រូវការធ្វើបែបនេះ ព្រោះដើម្បីការពារសន្តិសុខឬសុវត្ថិភាពជូនប្រជាពលរដ្ឋក្រែងលោ វាមានជនបោកប្រាស់»។
លោក សាត់ យ៉នបានបន្ថែមថាអាជ្ញាធរមូលដ្ឋាន មិនដែលរំខានដល់វេទិកាសាធារណៈណាមួយនោះទេ ឲ្យតែវេទិកានោះមានការអនុញ្ញាតត្រឹមត្រូវ។ លោកបន្តថាលោកគ្រោងនឹងបញ្ជូនកម្លាំងប៉ូលិស ៤ ឬ ៥ នាក់ឲ្យទៅការពារសន្តិសុខនៅពេលប្រារឰវេទិកាសាធារណៈនៅថ្ងៃ នេះ។
សាលាខេត្តព្រះវិហារ កាលពីថ្ងៃទី ៣ ខែកក្កដា បានប្រាប់ទៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាតាមរយៈលិខិតមួយច្បាប់ ថា៖«ដោយគ្រាន់តែធ្វើលិខិតជូនដំណឹងជូនអភិបាលខេត្ត អាជ្ញាធរខេត្តពុំអាចទទួលយកបានទេ គឺត្រូវធ្វើសំណើវិញ ទើបយើងខ្ញុំអាចយកសំណើនោះមកពិនិត្យពិចារណាបាន»។
លោកឈឹម សាវុធមន្ត្រីសម្របសម្រួលគម្រោងបណ្តុះបណ្តាលនិងវេទិកាសាធារណៈ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ការបដិសេធរបស់អាជ្ញាធរខេត្តព្រះវិហារនេះ គឺយោងតាមស.ជ.ណមួយ របស់ក្រសួងមហាផ្ទៃចុះថ្ងៃទី០៦ ខែកក្កដាឆ្នាំ១៩៩៤ ដោយ ស.ជ.ណ នេះបានតម្រូវឲ្យសមាគមណាដែលគ្មានស្នាក់ការ នៅក្នុងខេត្តដែលចង់ធ្វើវេទិកាផ្សេងៗ ត្រូវធ្វើសំណើទៅអាជ្ញាធរខេត្ត។ ប៉ុន្តែសមាគមណា ដែលមានស្នាក់ការនៅក្នុងខេត្តនោះ គឺគ្រាន់តែធ្វើលិខិតជូនដំណឹងតែប៉ុណ្ណោះ។ ប៉ុន្តែលោកឈឹម សាវុធ អះអាងថា ស.ជ.ណ នោះ ត្រូវបាននិរាករណ៍ចោលទៅហើយ បន្ទាប់ពីច្បាប់ស្តីពីការធ្វើបាតុកម្ម បានចូលជាធរមានកាលពីឆ្នាំ ២០០៩។ លោកបានបញ្ជាក់ថា៖«ទោះបីជាអាជ្ញាធរមូលដ្ឋាន និងខេត្ត មិនឲ្យធ្វើយ៉ាងណាក្តី ក៏យើងនៅតែធ្វើដែរ ព្រោះប្រជាពលរដ្ឋស្រេកឃ្លានចំណេះដឹងផ្នែកច្បាប់នេះខ្លាំងណាស់ ហើយកន្លងមក អាជ្ញាធរបានគាបសង្កត់ពួកគាត់ ដោយយល់ថាពលរដ្ឋមិនចេះច្បាប់»។ បើតាមលោក សាវុធប្រជាពលរដ្ឋពី ២០០ ទៅ ៣០០នាក់នឹងចូលរួមវេទិកានេះ ដែលរួមទាំងប្រជាពលរដ្ឋ ជាបណ្តាញសហគមព្រៃឡង់ មកពីខេត្តផ្សេងៗផងដែរ។ ពួកគាត់បានធ្វើដំណើរកាត់ព្រៃស្ទើរពេញមួយថ្ងៃ ដើម្បីតែចូលរួមវេទិកាដ៏មានសារប្រយោជន៍នេះ។
លោកខូយ ឃុនហ័រ នាយករដ្ឋបាល សាលាខេត្តព្រះវិហារ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ៕
No comments:
Post a Comment
yes