Thursday, July 12, 2012

អ្នក​បុរី​កីឡា​មក​ជំរុញ​ឲ្យ​ក្រុង​ដោះ​ស្រាយ​ផ្ទះ

120712_10
តំណាង​អ្នកបុរីកីឡាលើកគ្នា​​មក​ជំរុញ​សាលារាជធានី​​ ឲ្យ​ដោះ​ស្រាយ​ផ្ទះ​ឲ្យ​គាត់​​​បាន​ឆាប់​​
ភ្នំពេញៈ ក្រោយ​ពី​រង់ចាំ​ជា​ច្រើន​ខែ​តែនៅ​មិន​អាច​ទទួល​បាន​ដំណោះ​ស្រាយ​ពី​ អាជ្ញាធរ​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​បុរី​កីឡា ជាង​៦០​នាក់ តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ​១១៧​គ្រួសារ ដែល​បាន​បដិសេធ​ការ​ទទួល​យក​ដី និង​ផ្ទះ​នៅ​ជាយ​ក្រុង និង​ខេត្ត​កណ្ដាល ជាថ្នូរ​នឹង​ការ​ចាក​ចេញ​ពី​លំនៅដ្ឋាន​ក្នុង​តំបន់​បុរី​កីឡា បាន​នាំ​គ្នា​ទៅ​សាលា​រាជធានី​ភ្នំពេញ​កាល​ពី​ម្សិល​មិញ​ដើម្បី ជំរុញ​និង​ទាម​ទារ​ឲ្យ​អាជ្ញាធរ​ដោះ​ស្រាយ​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់ ។
អ្នកស្រី ឆាយ គឹម​ហ៊ន ​អាយុ​៣២​ឆ្នាំ តំណាង​ពលរដ្ឋ​សហ​គមន៍​បុរី​កីឡា និយាយ​ថា ជាង​៧​ខែ​ហើយ ដែល​ពួក​គាត់​រស់​នៅ​ក្រោម​ដំបូល​តង់​ធ្លុះ​ធ្លាយ ក្រោម​សំយាប និង​កាំជណ្ដើរ​អគារ ក្បែរ​គំនរ​សំរាម​ដ៏​ស្អុយ​រលួយ ដើម្បី​រង់​ចាំ​ដំណោះ​ស្រាយ​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ មកទល់​ពេល​នេះ មិន​ទាន់​ទទួល​បាន​ការ​អះអាង​ឲ្យ​ជាក់​លាក់​ណា​មួយ​ពី អាជ្ញាធរ​អំពី​ការ​ផ្តល់​ដំណោះ​ស្រាយ​ជូន​ពួក​គាត់​នៅ​ឡើយ។
អ្នកស្រី​បន្តថា៖ ​«យើង​នាំ​គ្នា​មក​សាក​សួរ និង​ជំរុញ​ឲ្យ​មាន​ការ ផ្ដល់​ដំណោះ​ស្រាយ​ឲ្យ​បាន​ឆាប់​ដល់​ពួក​ខ្ញុំ ប៉ុន្តែ​គ្រប់​ពេល​យើង​ទទួល​បាន​ចម្លើយ​ត្រឹម​តែ​ថា ​ឲ្យ​រង់ចាំ​ទៅ​ថ្ងៃ​នេះ ឬ ថ្ងៃ​នោះ ម្ដង​ហើយ​ម្ដង​ទៀត»។

កាលពី​ថ្ងៃ​ទី​៣ មករា ២០១២ ក្រុម​ហ៊ុន​ផាន​អ៊ីម៊ិច​បាន​ប្រើ​កម្មករ ដែល​ជួល​ពី​តំបន់​ផ្សេង និង​ក្រុម​សន្តិសុខ ដោយ​មាន​ការ​គាំទ្រ​ពី​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​សាលា​រាជធានី បាន​ធ្វើការ​វាយ​កម្ទេច និង​ឈូស​លំនៅ​ដ្ឋាន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​បុរី​កីឡា អស់​ជាង​២០០​ខ្នង​ផ្ទះ។ ក្នុង​ព្រឹត្តិការណ៍​ដ៏​ហិង្សា​នោះ​បាន​បង្កឲ្យ​មនុស្ស​ជា​ច្រើន​នាក់​រង របួស​ធ្ងន់​និង​ស្រាល ក្នុង​នោះ​ក៏មាន​មន្ត្រី​នគរ​បាល​រាជធានី​ផង​ដែរ ហើយ​ពលរដ្ឋ​ជាង​១០នាក់ ក៏​ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ។
នៅថ្ងៃនោះ​ពលរដ្ឋ​ជាង​១០០​គ្រួសារ ត្រូវ​គេ​ជម្លៀស​ចេញ​ទៅ​តំបន់​ភូមិស្រះ​ពោធិ ឃុំផ្សារ​ឆ្នាំង ស្រុក​ពញាឮ ខេត្ត​កណ្ដាល និង​ទៅ​កាន់​ភូមិ​ទួល​សំបួរ សង្កាត់​ចោម​ចៅ ខណ្ឌដង្កោ រាជ​ធានី​ភ្នំពេញ ខណៈ​ពលរដ្ឋ​ជាង​១០០​គ្រួសារ​ទៀត នៅ​ក្រាញ​នាំគ្នា​តវ៉ា​ទាម​ទាររក​ដំណោះ​ស្រាយ។
អ្នកស្រី ​ម៉ៅ សឿន​ អាយុ​៤៥​ឆ្នាំ ដែល​អស់​ផ្ទះ​និង​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ បាន​ប្រាប់​ថា ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ជីវភាព​គាត់​ធ្លាក់​មក​ក្រោម​កម្រិត​សូន្យ គឺ​រស់​នៅក្នុង​ភាព​ស្រេក​ឃ្លាន ខ្វះមុខ​ខ្វះ​ក្រោយ ប្រឈម​ទៅ​នឹង​ការ​ឆ្លង​រោគ​ផ្សេងៗ​។
អ្នកស្រី​ថា ៖ «​បច្ចុប្បន្ន ខ្ញុំ​កំពុង​បារម្ភ​ខ្លាច​កូនៗ​ខ្ញុំ កើត​ជំងឺ​ចម្លែក​ដែល​ក្រសួង​សុខា​ភិបាល​ទើប​តែ​ប្រកាស​ឲ្យ​ប្រុង ប្រយ័ត្ន»​។
អ្នក​ស្រី​បន្ត​ថា ៖«ខ្ញុំចង់​ឲ្យ​អាជ្ញាធរ​ចុះ​មក​ពិនិត្យ​មើល​ពី​ស្ថាន​ភាព​រស់​នៅ ពួក​យើង​ដោយ​ផ្ទាល់ ដើម្បី​ស្វែង​យល់​ពីការ​រស់​នៅដ៏​លំបាក​នេះ ដើម្បី​យក​ទៅធ្វើ​ការ​សម្រេច​ចិត្ត​ថា តើ​គួរ​ដោះ​ស្រាយ​​បញ្ហា​ពួក​ខ្ញុំយ៉ាង​ដូចម្ដេច?​»។
អ្នក​ស្រី ឆាយ គឹមហ៊ន ​បាន​ប្រាប់​ថា មន្ត្រី​សាលា​ក្រុង​បាន​ឲ្យ​តំណាង​ពួក​យើង​៥ នាក់​ចូល​ជួប​នៅក្នុង​ការ​តវ៉ា​ពីម្សិល​។ លោក​ស្រី​ថា៖ ​«លោក ហុក ហួ​លីម មន្ត្រី​ទី​ចាត់​ការ​កិច្ច​ការ​ច្បាប់​និង​សិទ្ធិ​មនុស្ស បាន​ប្រាប់​តំណាង​ទាំង​៥នាក់​ថា សាលា​រាជធានី​បាន​បង្កើត​គណៈ​កម្មការ​ដោះ​ស្រាយ​បញ្ហា​ជូន​បង​ប្អូន​ហើយ ហើយ​ដោយ​សារ​តែ​ជាប់​ប្រជុំ​កំពូល​អាស៊ាន សូម​បងប្អូន​រង់ចាំ​ប្រជុំ​រួច​សិន​»។
លោក ហុក ហួ​លីម​ មិន​អាច​ទាក់​ទង​បាន​ទេពី ម្សិល​មិញ៕​

No comments:

Post a Comment

yes