Thursday, July 12, 2012

ភរិយា​ជន​ជាប់​ចោទ​នៃ​ចលនា​ក្បាល​ខ្លា​ស្នើ​ទូត​អាមេរិក​ជួយ

120712_08
លោក សំ ឯក មេ​ដឹក​នាំ​ចល​នា​ក្បាល​ខ្លា និង​សមា​ជិក​ដទៃ​ទៀត​
ពេល​នាំ​មក​តុលាការ​កន្លង​មក
ភ្នំពេញៈ ភរិយា​ជន​ជាប់​ចោទ ដែល​បាន​រង​នូវ​ការ​ចោទ​ប្រកាន់ ពី​បទ​ភេរវកម្ម នៅ​ក្នុង​សំណុំ​រឿង​ចលនា​ក្បាល​ខ្លា ប្រឆាំង និង​រដ្ឋាភិបាល បាន​ដាក់​លិខិត​ស្នើ​សុំ​ការ​ជួយ​អន្តរាគមន៍ ទៅ​ស្ថាន​ទូត​អាមេរិក ប្រចាំ​កម្ពុជា ដើម្បី​ជួយ​រក​យុត្តិធម៌ ជូន​ប្តី​របស់​ពួក​គេ និង​ដោះលែង​ឲ្យ​មាន​សេរី​ភាព​វិញ នៅ​ខណៈ​ដែល​លោក​ស្រី​ហ៊ីល​ឡា​រី គ្លីន​តុន មក​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា បន្ទាប់​ពី​ពួក​គេ បាន​ដាក់​ពាក្យ​ប្តឹង ៣ ឆ្នាំ​មក​ហើយ តែ​ពុំ​ឃើញ​មាន​ចំណាត់​ការ​អ្វី​សោះ​។
នៅ​ក្នុង​លិខិត​ស្នើសុំ​ជួយ​អន្តរាគមន៍​នេះ អ្នក​ស្រី​សោម សុជា ភរិយា​ជន​ជាប់​ចោទ ជា គឹម​យ៉ាន និង​អ្នក​ស្រី​ប្លុង លីវណ្ណ ភរិយា​របស់​ជន​ជាប់​ចោទ ពៅ​ វណ្ណារ៉ា បាន​ស្នើ​ឲ្យ​ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក មេត្តា​ជួយ​អន្តរាគមន៍ សូម​ឲ្យ​ដោះ​លែង​ប្តី​របស់​ពួក​គាត់ ដែល​កំពុង​ជាប់​ពន្ធនាគារ​ប៉េស្ស៊ី (PJ)​ឲ្យ​មាន​សេរី​ភាព​ឡើង​វិញ​។
ពួក​គាត់​កើត​ទុក​មិន​សុខ​ចិត្ត ចំពោះ​ការ​សំរេច​សេចក្តី របស់​តុលា​ការ​ក្រុង​ភ្នំពេញ រួម​ទាំង​ភ្នាក់​ងារ​សមត្ថកិច្ច​របស់​រាជ​រដ្ឋា​ភិបាល ដែល​បាន​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន ប្តី​របស់​ពួក​គាត់ ទាំង​កម្រោល និង​ពោរ​ពេញ​ទៅ​ដោយ​អំពើ​អយុត្តិធម៌​បំផុត។

អ្នកស្រី​សោម សុជា អាយុ ៤៥ ឆ្នាំ បាន​ថ្លែង​ឲ្យ​ដឹង​ថា តុលាការ បាន​ចោទ​ប្រកាន់​ប្តី​របស់​អ្នកស្រី ពី​បទ​ភារវកម្ម ដោយ​ផ្តន្ទា​ទោស​គាត់ ឲ្យ​ជាប់​ពន្ធ​នា​គារ​ចំនួន ២០ ឆ្នាំ ខណៈ​ដែល​ប្តី​របស់​គាត់ ពុំ​ដែល​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទាល់​តែ​សោះ​។ អ្នក​ស្រី​និយាយ​ថា​៖ «ប្តី​របស់​ខ្ញុំ គឺ​ជា​មនុស្ស​ស្លូត​ត្រង់​ គាត់​ពុំ​មាន​អ្វី​ពាក់​ព័ន្ធ ជាមួយ​និង​ក្រុម​ភារវកម្ម​នោះ​ទេ​»។ ​អ្នកស្រី​បាន​បញ្ជាក់​ទៀត​ថា​៖ «តុលាការ​ក្រុង​ភ្នំពេញ ពុំ​មាន​ភស្តុតាង ដើម្បី​ដាក់​បន្ទុក​លើ​ប្តី​របស់​ខ្ញុំ​ទេ តែ​គេ​នៅ​តែ​សម្រេច​ផ្តន្ទាទោស​ប្តី​របស់​ខ្ញុំ​រហូត​ដល់​២០​ឆ្នាំ​ទៀត វា​អយុត្តិធម៌​ខ្លាំង​ណាស់​សម្រាប់​ប្តី​របស់​ខ្ញុំ​»​។
អ្នក​ស្រី​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​តុលាការ​សម្រេច​ផ្តន្ទា​ទោស​ប្តី​របស់​អ្នក​ស្រី​ អ្នកស្រី បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ឧទ្ទរណ៍ តែ​រហូត​មក​ដល់​ពេល​នេះ មាន​រយៈ​ពេល​ជិត ៤ ឆ្នាំ​ទៅ​ហើយ ពុំ​ឃើញ​សាលា​ឧទ្ធរណ៍​អើពើ ចាត់​វិធាន​ការណ៍​នោះ​ទេ។ អ្នកស្រី​និយាយ​ថា​៖«​ខ្ញុំ​ឈឺ​ចិត្ត​ខ្លាំង​ណាស់ បន្ទាប់​ពី​ឃើញ​សម្ថកិច្ច​របស់​រដ្ឋាភិបាល និង​តុលារ​ការ បាន​ប្រឌិត​រឿង​រ៉ាវ​យ៉ាង​ដូច្នេះ​ឡើង ពួក​គេ​ចាប់​មនុស្ស​យក​ទៅដាក់​គុក​តាម​ទំនើង​ចិត្ត ដោយ​គ្មាន​បើក​ការ​ស៊ើប​អង្កេត»។
អ្នកស្រី ផ្លុង លីវណ្ណ ភរិយា​ជន​ជាប់​ចោទ ពៅ វណ្ណារ៉ា បាន​ថ្លែង​ថា មូល​ហេតុ​ដែល​អ្នក​ស្រី ដាក់​ពាក្យ​សុំ​ជួយ​អន្តរាគមន៍​ពី​សំណាក់​ស្ថាន​ទូត​អាមេរិក គឺ​ជា​ជម្រើស​ចុង​ក្រោយ ពី​ព្រោះ​អ្នកស្រី បាន​ស្វែង​រកការ​អន្តរាគមន៍ ពី​សំណាក់​អាជ្ញាធរ​គ្រប់​ស្ថាប័ន​អស់​ហើយ តែ​ពុំ​ដែល​ឃើញ​មាន​ចំណាត់​ការ ឬក៏​ការ​ឆ្លើយតប​នោះ​ទេ​។ អ្នកស្រី​និយាយ​ថា​៖«​គ្រាន់​តែ​ប្តី​របស់​ខ្ញុំ​ជូន​លោក​សោម ឯក ទៅ​ទិញ​ម៉ាស៊ីន​កិន​ថ្ម ហើយ​គេ​ឲ្យ​លុយ ១៥០ ដុល្លារ​។ តុលាការ​បាន​សម្រេច​ផ្តន្ទា​ទោស​ប្តី​របស់​ខ្ញុំ​ឲ្យ​ជាប់​គុក​ដល់​ទៅ ២០ ឆ្នាំ​ ដោយ​ពុំ​មាន​ភស្តុតាង​អ្វី​ទាំង​អស់ វា​អយុត្តិ​ធម៌​ខ្លាំង​ណាស់​»។​
បើ​តាម​អ្នក​ស្រីផ្លុង លីវណ្ណ ស្ថាត​ទូត​អាមេរិក​បាន​ទទួល​ពាក្យ​បណ្តឹង​របស់​អ្នក​ស្រី​ហើយ ហើយ​គេ​បាន​ប្រាប់​ថា និង​ធ្វើ​ការ​ទំនាក់​ទំនង​នៅ​ពេល​ក្រោយ។ ​
លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់ នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក បាន​អំពាវនាវ​ដល់​ប្រព័ន្ធ​តុលាការ សូម​ជួយ​រក​យុត្តិធម៌ ជូន​លោក ជា គឹមយ៉ាន និង ពៅ វណ្ណារ៉ា ដែល​ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​កាត់​ទោស​ពួក​គេ​ម្នាក់ៗ ២០ ឆ្នាំ ដោយ​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​នោះ ហើយ​សាលា​ឧទ្ទរណ៍ គួរ​តែ​រូត​រះ​បើក​សវនាការ ទាក់​ទង​ទៅ​នឹង​ករណី​នេះ​។ លោក​បាន​បន្ត​ថា៖​«អ្វី​ដែល​សាលា​ដំបូង​រាជ​ធានី បាន​កាត់​ទោស​ពួក​គេ គឺ​អយុត្តិធម៌​ខ្លាំង​ណាស់។ តុលាការ​មិន​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ស៊ី​ជម្រៅ​នោះ​ទេ តុលាការ​គួរ​តែ​ស៊ើប​អង្កេត​ឲ្យ​បាន​ស៊ី​ជម្រៅ​ជាង​នេះ​»​។
កាល​ពី​ខែ​មករា ឆ្នាំ ២០០៩ មនុស្ស ៦ នាក់ ត្រូវ​បាន​ចាប់​ខ្លួន ​ពី​បទ​ប៉ុន​ប៉ង​បង្កៃ​បំផ្ទុះ​គ្រាប់​បែក មិន​បាន​សម្រេច នៅទី​កន្លែង​សាធារណៈ ជ្រើស​រើស និង​ហ្វឹក​ហាត់​ភេរវករ។ ពួក​គេ​រួម​មាន​ឈ្មោះ សម ឯក ត្រូវ​បាន​ចោទ​ថា ជា​មេដឹក​នាំ​នៃ​ចលនា​ប្រឆាំង​រដ្ឋាភិបាល ដែល​គេ​ហៅ​ថា ចល​នា​ក្បាល​ខ្លា ឈ្មោះ ឡឹក ប៊ុន​ហ៊ាន ភី សា​វឿង ពៅ វណ្ណារ៉ា រាជ សំណាង និង ជា គឹម​យ៉ាន​។
តាម​ដឹង​ជន​ជាប់​ចោទ​ពីរ​រូប គឺ​ពៅ វណ្ណារ៉ា និង ជា គឹមយ៉ាន ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ចំនួន​២០ ឆ្នាំ។​
មិន​អាច​ទំនាក់​ទំនង​មន្ត្រី​ស្ថាន​ទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​ការអត្ថា​ធិប្បាយ​បាន​ទេ​កាល​ពី​ថ្ងៃ​ម្សិលមិញ៕

No comments:

Post a Comment

yes