តំណាងអ្នកបុរីកីឡាលើកគ្នាមកជំរុញសាលារាជធានី ឲ្យដោះស្រាយផ្ទះឲ្យគាត់បានឆាប់
ភ្នំពេញៈ ក្រោយពីរង់ចាំជាច្រើនខែតែនៅមិនអាចទទួលបានដំណោះស្រាយពី អាជ្ញាធរប្រជាពលរដ្ឋក្នុងសហគមន៍បុរីកីឡា ជាង៦០នាក់ តំណាងឲ្យប្រជាពលរដ្ឋ១១៧គ្រួសារ ដែលបានបដិសេធការទទួលយកដី និងផ្ទះនៅជាយក្រុង និងខេត្តកណ្ដាល ជាថ្នូរនឹងការចាកចេញពីលំនៅដ្ឋានក្នុងតំបន់បុរីកីឡា បាននាំគ្នាទៅសាលារាជធានីភ្នំពេញកាលពីម្សិលមិញដើម្បី ជំរុញនិងទាមទារឲ្យអាជ្ញាធរដោះស្រាយជូនពួកគាត់ឲ្យបានឆាប់ ។
អ្នកស្រី ឆាយ គឹមហ៊ន អាយុ៣២ឆ្នាំ តំណាងពលរដ្ឋសហគមន៍បុរីកីឡា និយាយថា ជាង៧ខែហើយ ដែលពួកគាត់រស់នៅក្រោមដំបូលតង់ធ្លុះធ្លាយ ក្រោមសំយាប និងកាំជណ្ដើរអគារ ក្បែរគំនរសំរាមដ៏ស្អុយរលួយ ដើម្បីរង់ចាំដំណោះស្រាយពីអាជ្ញាធររាជធានីភ្នំពេញ។ ប៉ុន្តែ មកទល់ពេលនេះ មិនទាន់ទទួលបានការអះអាងឲ្យជាក់លាក់ណាមួយពី អាជ្ញាធរអំពីការផ្តល់ដំណោះស្រាយជូនពួកគាត់នៅឡើយ។
អ្នកស្រីបន្តថា៖ «យើងនាំគ្នាមកសាកសួរ និងជំរុញឲ្យមានការ ផ្ដល់ដំណោះស្រាយឲ្យបានឆាប់ដល់ពួកខ្ញុំ ប៉ុន្តែគ្រប់ពេលយើងទទួលបានចម្លើយត្រឹមតែថា ឲ្យរង់ចាំទៅថ្ងៃនេះ ឬ ថ្ងៃនោះ ម្ដងហើយម្ដងទៀត»។
កាលពីថ្ងៃទី៣ មករា ២០១២ ក្រុមហ៊ុនផានអ៊ីម៊ិចបានប្រើកម្មករ ដែលជួលពីតំបន់ផ្សេង និងក្រុមសន្តិសុខ ដោយមានការគាំទ្រពីកម្លាំងប្រដាប់អាវុធចម្រុះសាលារាជធានី បានធ្វើការវាយកម្ទេច និងឈូសលំនៅដ្ឋានប្រជាពលរដ្ឋក្នុងសហគមន៍បុរីកីឡា អស់ជាង២០០ខ្នងផ្ទះ។ ក្នុងព្រឹត្តិការណ៍ដ៏ហិង្សានោះបានបង្កឲ្យមនុស្សជាច្រើននាក់រង របួសធ្ងន់និងស្រាល ក្នុងនោះក៏មានមន្ត្រីនគរបាលរាជធានីផងដែរ ហើយពលរដ្ឋជាង១០នាក់ ក៏ត្រូវបានគេចាប់ដាក់ពន្ធនាគារ។
នៅថ្ងៃនោះពលរដ្ឋជាង១០០គ្រួសារ ត្រូវគេជម្លៀសចេញទៅតំបន់ភូមិស្រះពោធិ ឃុំផ្សារឆ្នាំង ស្រុកពញាឮ ខេត្តកណ្ដាល និងទៅកាន់ភូមិទួលសំបួរ សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈពលរដ្ឋជាង១០០គ្រួសារទៀត នៅក្រាញនាំគ្នាតវ៉ាទាមទាររកដំណោះស្រាយ។
អ្នកស្រី ម៉ៅ សឿន អាយុ៤៥ឆ្នាំ ដែលអស់ផ្ទះនិងទ្រព្យសម្បត្តិនៅក្នុងព្រឹត្តិការណ៍នេះ បានប្រាប់ថា ចាប់តាំងពីថ្ងៃនោះមក ជីវភាពគាត់ធ្លាក់មកក្រោមកម្រិតសូន្យ គឺរស់នៅក្នុងភាពស្រេកឃ្លាន ខ្វះមុខខ្វះក្រោយ ប្រឈមទៅនឹងការឆ្លងរោគផ្សេងៗ។
អ្នកស្រីថា ៖ «បច្ចុប្បន្ន ខ្ញុំកំពុងបារម្ភខ្លាចកូនៗខ្ញុំ កើតជំងឺចម្លែកដែលក្រសួងសុខាភិបាលទើបតែប្រកាសឲ្យប្រុង ប្រយ័ត្ន»។
អ្នកស្រីបន្តថា ៖«ខ្ញុំចង់ឲ្យអាជ្ញាធរចុះមកពិនិត្យមើលពីស្ថានភាពរស់នៅ ពួកយើងដោយផ្ទាល់ ដើម្បីស្វែងយល់ពីការរស់នៅដ៏លំបាកនេះ ដើម្បីយកទៅធ្វើការសម្រេចចិត្តថា តើគួរដោះស្រាយបញ្ហាពួកខ្ញុំយ៉ាងដូចម្ដេច?»។
អ្នកស្រី ឆាយ គឹមហ៊ន បានប្រាប់ថា មន្ត្រីសាលាក្រុងបានឲ្យតំណាងពួកយើង៥ នាក់ចូលជួបនៅក្នុងការតវ៉ាពីម្សិល។ លោកស្រីថា៖ «លោក ហុក ហួលីម មន្ត្រីទីចាត់ការកិច្ចការច្បាប់និងសិទ្ធិមនុស្ស បានប្រាប់តំណាងទាំង៥នាក់ថា សាលារាជធានីបានបង្កើតគណៈកម្មការដោះស្រាយបញ្ហាជូនបងប្អូនហើយ ហើយដោយសារតែជាប់ប្រជុំកំពូលអាស៊ាន សូមបងប្អូនរង់ចាំប្រជុំរួចសិន»។
លោក ហុក ហួលីម មិនអាចទាក់ទងបានទេពី ម្សិលមិញ៕
No comments:
Post a Comment
yes