សេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១២ បង្ហាញថា បច្ចុប្បន្ននេះ យើងឃើញថា សេរីភាពសហជីព លក្ខខណ្ឌការងាររបស់កម្មករ នៅមិនទាន់ល្អនៅឡើយ ជាពិសេសប្រាក់ឈ្នួលកម្មករ មិនអាចធានាការរស់នៅសមរម្យឡើយ ធ្វើឲ្យកម្មករមួយចំនួនធ្វើការរហូតដល់សន្លប់ និងពិបាករស់នៅក្នុងជីវភាពប្រចាំថ្ងៃ។
សេចក្តីប្រកាសលើកឡើងថា សម្ព័ន្ធសហជីព ស៊ីខៅឌូ បានដាក់សំណើពីរដងទៅសមាគមនិយោជក GMAC ដើម្បីស្នើសុំអត្ថប្រយោជន៍មួយចំនួនជូនកម្មករ ប៉ុន្តែមិនទាន់បានទទួលលទ្ធផលនៅឡើយ។ យើងក៏ឃើញកម្មករមួយចំនួនបានតវ៉ានៅតាមបណ្តាក្រុមហ៊ុនមួយចំនួន ហើយក្រុមហ៊ុនជាង ១០ ក៏បានផ្តល់នូវអត្ថប្រយោជន៍ទាំងនេះជូនកម្មករផងដែរ រហូតដល់រាជរដ្ឋាភិបាលបានស្នើឲ្យមានការចរចានៅថ្ងៃទី១១កក្កដា ឆ្នាំ២០១២។
សេចក្តីប្រកាសលើកឡើងថា ថ្មីៗនេះសហជីពសេរីកម្មករ បានប្រកាសថា នឹងដឹកនាំធ្វើកូដកម្មទូទាំងប្រទេស ប្រសិនបើការដោះស្រាយថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២ ខាងមុខនេះ មិនទទួលបានលទ្ធផលប្រសើរ។ សម្ព័ន្ធសហជីព ស៊ីខៅឌូ របស់លោក អាត់ធន់ បានប្រកាសជាសាធារណៈថា យើងនឹងចូលរួមធ្វើកូដកម្ម ប្រសិនបើសហជីពសេរីកម្មករដឹកនាំធ្វើកូដកម្ម ដើម្បីទាមទារប្រាក់អត្ថប្រយោជន៍នាពេលខាងមុខនេះ។
សម្ព័ន្ធសហជីព ស៊ីខៅឌូ បានជំរុញឲ្យតំណាងរដ្ឋាភិបាល តំណាងក្រុមហ៊ុន និងតំណាងសហជីព ត្រូវមានការចរចាឲ្យបានជោគជ័យ នាថ្ងៃទី១១កក្កដា ឆ្នាំ២០១២ ក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាការងារ ដែលជាយន្តការត្រីភាគី រួមមាន៖ ភាគីថៅកែរោងចក្រកាត់ដេរ, ភាគីសហជីពតំណាងកម្មករ និងភាគីរដ្ឋាភិបាល តាមរយៈក្រសួងការងារ។
សូមរម្លឹកថា ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី ដែលតំណាងឲ្យកម្មករកាត់ដេរជាង ១០ម៉ឺននាក់ ក្នុងចំណោមកម្មករកាត់ដេរសរុប ៤៧០.០០០ នាក់ បានប្រកាសពីគម្រោងធ្វើមហាកូដកម្មអហិង្សាដ៏ធំមួយ នៅខែសីហាខាងមុខ បើសិនជាការចរចាដំឡើងប្រាក់អត្ថប្រយោជន៍ ប្រាក់បន្ទាប់បន្សំដល់កម្មករ ដូចជា ថ្លៃឈ្នួលឡាន និងថ្លៃស្នាក់នៅ ។ល។ និង។ល។ នៅថ្ងៃទី១១កក្កដាខាងមុខ មិនត្រូវរ៉ូវគ្នា។
លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ការសម្រេចចិត្តរបស់សហជីពសេរីកម្មករ ក្នុងការដឹកនាំធ្វើកូដកម្មទ្រង់ទ្រាយធំ នៅខែសីហា បានធ្វើឡើងបន្ទាប់ពីសហជីពធ្វើលិខិតជាច្រើន ចាប់តាំងពីឆ្នាំ២០១១ ដាក់ទៅកាន់សមាគមរោងចក្រកាត់ដេរ និងដាក់ទៅកាន់សម្តេចនាយករដ្ឋមន្ត្រី មិនមានការឆ្លើយតប។ នោះគឺការស្នើសុំដំឡើងប្រាក់បន្ទាប់បន្សំដល់កម្មករកាត់ដេរ ដូចជា ប្រាក់ធ្វើដំណើរ និងថ្លៃឈ្នួលផ្ទះ ចំនួន ១០ដុល្លារ ព្រមទាំងប្រាក់រង្វាន់ការងារទៀងទាត់ចំនួន ១០ដុល្លារ ក្នុងមួយខែ សម្រាប់កម្មករកាត់ដេរ ជាដើម។
សំណើទាំងនេះ ក៏នឹងត្រូវលើកឡើងក្នុងកិច្ចប្រជុំរបស់គណៈកម្មការប្រឹក្សាការងារ ដែលជាយន្តការដោះស្រាយទំនាស់ត្រីភាគី នឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកក្កដា ខាងមុខ។
កម្មករកាត់ដេរ នៅកម្ពុជា បច្ចុប្បន្នមានជាង ៤៧ ម៉ឺននាក់។ ចំណែកប្រាក់ខែគោល របស់កម្មករកាត់ដេរម្នាក់ ទទួលបាន ៦១ ដុល្លារ។ ប្រាក់ខែរបស់កម្មករកាត់ដេរ ដែលភាគច្រើនជាស្ត្រី មិនអាចចំណាយគ្រប់គ្រាន់ ក្នុងជីវភាពប្រចាំថ្ងៃឡើយ។
មន្ត្រីក្រសួងការងារ និងភាគីថៅកែរោងចក្រកាត់ដេរ នៅតែរក្សាការស្ងៀមស្ងាត់ជុំវិញសេចក្តីព្រមានរបស់សហជីពកម្មករ ធ្វើកូដកម្ម នៅមុនថ្ងៃចូលរួមតុប្រជុំចរចា នាថ្ងៃទី១១កក្កដាសប្តាហ៍ក្រោយ៕
No comments:
Post a Comment
yes