ក្រុមអ្នកការពារសិទ្ធិមនុស្ស អះអាងថា តុលាការមិនចាត់ការករណីបាញ់កម្មករនៅខេត្តស្វាយរៀង ពាក់ព័ន្ធអតីតអភិបាលក្រុងបាវិត ទៅតាមនីតិវិធីច្បាប់ទេ ដោយសាររងឥទ្ធិពលពីអ្នកមានអំណាចទៅលើតុលាការ ដែលអាចធ្វើឲ្យជនរងគ្រោះមិនបានទទួលយុត្តិធម៌។
ការលើកឡើងរបស់អ្នកការពារសិទ្ធិមនុស្ស បន្ទាប់ពីហេតុការណ៍បាញ់រះលើកម្មករ កន្លងទៅជាង៦ខែហើយ តែជនសង្ស័យនៅមានសេរីភាពដូចជនដទៃទៀត ខណៈសង្គមស៊ីវិលលើកឡើងថា មានភស្តុតាងនិងសាក្សីគ្រប់គ្រាន់ដែលបញ្ជាក់ថា លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតបានបាញ់កម្មករបីនាក់ ឲ្យរងបួសដោយចេតនា។
មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន មានប្រសាសន៍ថា ការពន្យារពេល ឬ ចាត់ការយឺតនេះ ធ្វើឲ្យជនរងគ្រោះ និងសាក្សីភ័យខ្លាច ៖”ដំណើរការក្ដីគាត់ធ្វើឲ្យសាក្សីរឹតតែភ័យខ្លាចទៅទៀត។ ភ័យខ្លាចទុកឱកាសឲ្យភាគីម្ខាងទៀត គេធ្វើការចរចា យូរទៅ សាក្សីហ្នឹងខ្លាចឯងម៉ង លែងមានហ៊ានរកសាក្សីណាទៀតក៏លែងបានដែរ”។
កាលពីថ្ងៃទី២០ ខែឧសភា តុលាការខេត្តស្វាយរៀង កោះហៅសាក្សីពីររូបឲ្យបំភ្លឺក្នុងករណីនេះ តែសាក្សីមិនចូលតាមដីកា។ បើតាមនីតិវិធី ដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ បើសាក្សីមិនចូលតាមដីកា យ៉ាងយូរមួយខែតុលាការត្រូវចេញដីកាថ្មីទៀត។ បើតាមឲ្យដឹងពីសង្គមស៊ីវិលដែលតាមដានករណីនេះថា រយៈពេលជាង១ខែហើយ តុលាការមិនទាន់ចេញដីកាជាថ្មីទេ។
ប្រធានសភាពការងារកម្ពុជា លោក អាត់ ធន់ ដែលធ្លាប់ព្រមានធ្វើកូដកម្ម ដើម្បីទាមទារឲ្យតុលាការផ្តល់យុត្តិធម៌ដល់កម្មការិនីទាំងបីនាក់ មានប្រសាសន៍ថា តុលាការហាក់មានសំពាធពីអ្នកមានអំណាច ៖”ក្រោយពីការចោទប្រកាន់ ដែលមហាជនយើងឃើញថា វាមិនធ្ងន់ធ្ងរហ្នឹង គឺយើងដឹងថា ខាងតុលាការមានការព្រួយបារម្ភមានការកោះហៅ ដើម្បីសាកសួរ ដើម្បីរកភស្តុតាងបន្ថែមទៀត។ ហើយរុញទៅចៅក្រមអង្កេតយើងដឹងហើយថា ដល់ប្រធានតុលាការ រឿងហ្នឹងមានការប្រយ័ត្នប្រយែងមានទែនហើយ” ។
ប្រធានផ្នែកសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា មានប្រសាសន៍ថា លោក ឈូក បណ្ឌិត ជាមន្ត្រីមានអំណាចខុសស្រឡះពីករណីប្រជាពលរដ្ឋនៅបឹងកក់ ដែលតុលាការហាក់ដូចជាចាត់ការបានរហ័ស ៖”អ្នកបឹងកក់គ្រាន់តែទៅទាមទារ អត់មានអីផងអត់មានកាំភ្លើងអីផង អត់មានកាំបិតអីផងទៅជាជាប់ពន្ធនាគាររហូតដល់មួយខែជាង។ ចំណែក ឈូក បណ្ឌិត ដកកាំភ្លើងបាញ់កម្មករ រហូតដល់របួសបីនាក់ប្រសិនជា កុំចេះទៅ សង្គ្រោះទាន់គាត់ស្លាប់មួយនាក់បាត់ហើយ ជាពិសេសកញ្ញា ពន់ ចិន្តា ។ អញ្ចឹងហើយនីតិវិធីកន្លងមកក៏យើងឃើញយូរអូសបន្លាយ រហូតមកដល់ពេលឥឡូវហ្នឹង” ។
VOD មិនអាចទាក់ទងប្រធានតុលាការខេត្តស្វាយរៀង លោក ប៉ិច ឈឿត ដែលកំពុងស៊ើបអង្កេតលើករណីនេះបាននៅឡើយទេ ព្រោះទូរស័ព្ទទាំងពីរខ្សែរបស់លោកហៅមិនចូល។
តែលោក ជិត លីដា មេធាវីការពារកម្មការិនីជាជនរងគ្រោះ បានឲ្យដឹងថា លោកមិនទាន់ទទួលព័ត៌មានអ្វីថ្មី ពីតុលាការជុំវិញករណីនេះទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកុម្ភៈ មានករណីបាញ់ប្រហារលើកម្មករដែលកំពុងតវ៉ា នៅក្រុងបាវិត ខេត្តស្វាយរៀង របួសបីនាក់ គឺ ពីរនាក់រងរបួសធ្ងន់ និងម្នាក់របួសស្រាល។ កន្លងទៅលោក ឈូក បណ្ឌិត បានចូលសារភាពនៅតុលាការថា ខ្លួនបានបាញ់ទៅលើកម្មករទាំងនោះដោយអចេតនា ៕
No comments:
Post a Comment
yes