ភ្នំពេញៈ យ៉ាងហោចណាស់ មានយុវជនស្ម័គ្រចិត្តជាង ៤០០ នាក់បន្ថែមទៀត ត្រូវបានបញ្ជូនទៅតាមបណ្តាខេត្ត កាលពីម្សិលមិញ ដើម្បីវាស់ដីជម្លោះ ចែកជូនប្រជាជន ទៅតាមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈដែលក្រុមយុវជន កំពុងបំពេញការងារ នៅខេត្តបន្ទាយមានជ័យ ត្រូវគេរាយការណ៍ថា បានធ្វើការវាស់វែងដីទៅតាមតែការចង្អុលរបស់ក្រុមហ៊ុន។
ការចេញដំណើរនេះ គឺជាលើកទីបីហើយ ចាប់តាំងពីថ្ងៃទី២៨ ខែមិថុនាមក ដែលក្រុមយុវជនស្ម័គ្រចិត្ត ស្លៀកពាក់ឯកសណ្ឋានទាហានប៉ារ៉ា ប៉ុន្តែមានស្លាកសញ្ញាក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានចុះទៅខេត្តចំនួន ១៣ ដូចជា ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម កំពង់ធំ ក្រចេះ ព្រះវិហារ កំពង់ស្ពឺ កំពត រតនគិរី មណ្ឌលគិរី និងខេត្តស្ទឹងត្រែងដែលយុវជនសរុបចំនួន១១៧៨នាក់។
លោក អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានថ្លែងនៅក្នុងពិធីជូនដំណើរក្រុមយុវជនស្ម័គ្រចិត្ត នៅឯមណ្ឈមណ្ឌលកម្សាន្តកោះពេជ្រថា យុទ្ធនាការវាស់វែងដីនេះ អាចចំណាយពេល ចាប់ពី ៦ ទៅ ៨ ខែ នៅលើផ្ទៃដីដែលត្រូវវាស់វែងចំនួន១ លាន ២ សែនហិកតានៅទូទាំងប្រទេស។ លោកមានប្រសាសន៍ថា៖ «ក្រោយការវាស់វែង យើងនឹងចែកជូនប័ណ្ណកម្មសិទ្ធិ ដល់ប្រជាពលរដ្ឋ ដោយពុំមានបង់ប្រាក់ឡើយ»។
លោកឲ្យដឹងថា តាមគម្រោងរបស់រដ្ឋាភិបាល ត្រូវបញ្ជូនក្រុមយុវជនស្ម័គ្រចិត្ត សរុបចំនួន ១៦៨ ក្រុម ស្មើនឹងជាង ២០០០ នាក់ ដើម្បីចុះទៅធ្វើការវាស់វែងដី ចែកជូនដល់ប្រជាពលរដ្ឋ ដែលមានចំនួន ៣៥ ម៉ឺនគ្រួសារ។ មកដល់ពេលនេះក្រសួងរៀបចំដែនដី ទើបតែបញ្ជូនយុវជន ចុះទៅមូលដ្ឋានបានចំនួន ១២៦ ក្រុម ដែលក្នុងមួយក្រុម មានគ្នាចំនួន ១២ នាក់ រួមជាមួយនឹងឧបករណ៍ជំនាញដូចជា GPS កុំព្យូទ័រ និងសម្ភារជាច្រើនទៀត ដើម្បីសហការជាមួយនឹងមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋាន។
កាលពីថ្ងៃទី ២ ខែកក្កដា នៅក្នុងពិធីបិទសន្និបាតរបស់ក្រសួងទេសចរណ៍នៅសាលសន្និសីទចតុមុខ លោកហ៊ុន សែន បានមានប្រសាសន៍ថា កម្លាំងយុវជនស្ម័គ្រចិត្ត ក្នុងបេសកកម្មវាស់វែងដីធ្លីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ ដែលបានបញ្ជូនទៅ បានកើនដល់ ជាង ១២០០ នាក់ហើយ គិតទាំងការបញ្ជូននៅថ្ងៃទី ៥ កក្កដានេះ ហើយកម្លាំងទាំងនោះ មិនទាន់គ្រប់គ្រាន់នៅឡើយទេ ត្រូវរៀបចំក្រុមយុវជនស្ម័គ្រចិត្តចំនួន ៣៥ ក្រុមបន្ថែមទៀត ដែលស្មើនឹងមនុស្សជាង ៤០០ នាក់ ដើម្បីបំពេញទៅតាមតម្រូវការ។
លោក បេង ហុង សុជាតិខេមរ៉ូ អ្នកនាំពាក្យក្រសួងរៀបចំដែនដី បានថ្លែងថា យុវជនស្ម័គ្រចិត្តទាំងនោះ មុននឹងចុះទៅធ្វើការវាស់វែងដីតាមខេត្ត គឺត្រូវសិក្សារយៈពេល ២ ថ្ងៃ នៅឯក្រសួង។ លោកថ្លែងថា៖ «យុវជនទាំងអស់នោះ គឺស្ថិតនៅក្រោមការគ្រប់គ្រង់របស់ខេត្តដែលគេចុះទៅធ្វើការ»។
ជាមួយគ្នានេះ ពលរដ្ឋ ៥ ភូមិ រស់នៅក្នុងស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ដែលមានទំនាស់ដីធ្លី ជាមួយក្រុមហ៊ុនជាតិអភិវឌ្ឍន៍ លើផ្ទៃដី ៤៦៦៧ ហិកតា បានកំពុងធ្វើការតវ៉ាជាមួយក្រុមហ៊ុន និងក្រុមយុវជនស្ម័គ្រចិត្ត ដោយសារតែពួកគេពុំបានវាស់ដីគ្រប់ចំនួនឲ្យពលរដ្ឋទាំងនោះ។
អ្នកស្រីសាញ់ វណ្ណា អាយុ ២៧ ឆ្នាំ រស់នៅក្នុងភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក បានឲ្យដឹងថា ក្រុមយុវជនស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រី បានចុះមកវាស់វែងដី ដើម្បីចែកឲ្យក្រុមហ៊ុនចំនួន ៤ ថ្ងៃមកហើយ ប៉ុន្តែក្រុមយុវជននោះ ពុំមានហ៊ានឆ្កៀលដីចេញពីក្រុមហ៊ុនចែកជូនប្រជាជនតាមអនុសាសន៍ របស់សម្តេចនាយករដ្ឋមន្ត្រីទេគឺពួកគេធ្វើតាមតែក្រុមហ៊ុនចង្អុលបង្ហាញ។ អ្នកស្រីបន្តថា៖ «កាលពីលោកចៅហ្វាយស្រុកធ្វើអត្តសញ្ញាណកម្មដី គឺគាត់ថា មានដីប៉ុន្មាន ដែលក្រុមយុវជននឹងចែកឲ្យតាមទំហំដីដែលមាន តែពេលក្រុមយុវជនចុះមកមិនហ៊ានឆ្កៀលដីឲ្យពលរដ្ឋទេបើក្រុមហ៊ុន មិនអនុញ្ញាត»។
អ្នកស្រីបន្ថែមថា ដីអ្នកស្រីនៅពេលធ្វើអត្តសញ្ញាណកម្មដី គឺមាន ២ ហិកតា ៤៩ អា តែពេលក្រុមយុវជនចុះមកវាស់ ដីគេវាស់ឲ្យតែ ២ ហិកតា ហើយដីដែលនៅសល់គេឲ្យអ្នកស្រីទៅសុំខាងក្រុមហ៊ុន បើក្រុមគេអនុញ្ញាតពួកគេនឹងវាស់ឲ្យ។ អ្នកស្រីបានថ្លែងថា៖ «ឥឡូវនៅលើដីណាដែលមានបញ្ហាគេមិនវាស់វែងឲ្យទេ គឺគេឲ្យសម្រួលគ្នាជាមួយក្រុមហ៊ុនរួចរាល់ទើបគេហ៊ានវាស់ឲ្យ »។
លោក ឈឿន យ៉ង អាយុ ២៥ ឆ្នាំ ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានចុះវាស់វែងដីនៅក្នុងភូមិធ្លក បានឲ្យដឹងថា ក្នុងនាមជាយុវជនស្ម័គ្រចិត្ត គឺពួកគេពុំមានសិទ្ធិដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋនោះទេ គឺពួកគេបានត្រឹមតែដើរវាស់វែងកំណត់ព្រំដីឲ្យពលរដ្ឋតែប៉ុណ្ណោះ។ លោកថ្លែងថា ៖ «ចាប់តាំងពីខ្ញុំចុះវាស់វែងដីឲ្យពលរដ្ឋ គឺភាគីទាំងសងខាងតែងតែចោទរៀងៗខ្លួន ពលរដ្ឋចោទថា ក្រុមហ៊ុនយកដីរបស់គាត់ រីឯខាងក្រុមហ៊ុនវិញចោទថាពលរដ្ឋជាអ្នកយកដីគាត់ តែយើងឲ្យពួកគាត់ សម្រមសម្រួលគ្នារួចរាល់ទើបយើងវាស់ដីឲ្យពួកគាត់ បើមិនអាចសម្របសម្រួលគ្នាបានទេ យើងវាស់កន្លែងដែលគ្មានទំនាស់មុន»។
លោក សារិន រី ពលរដ្ឋដែលមានទំនាស់ដីធ្លី ជាមួយក្រុមហ៊ុនបានថ្លែងថា បញ្ហាឥឡូវនេះគឺពលរដ្ឋបានបាត់បង់ដី មួយចំនួនរបស់ខ្លួន ដោយសារតែដីមួយចំនួនខាងក្រុមហ៊ុន មិនបានអនុញ្ញាតឲ្យក្រុមយុវជនធ្វើការវាស់វែងឲ្យពលរដ្ឋទេ។ លោកថ្លែងបន្តថា ៖ «ខ្ញុំឆ្ងល់ថា ហេតុអ្វីខាងក្រុមយុវជនមិនស្តាប់ពលរដ្ឋ តែបែរជាគេស្តាប់តែខាងក្រុមហ៊ុនដូច្នេះទៅវិញ»។
ប៉ុន្តែ លោក ប្លែក វារី អភិបាលស្រុកថ្មពួក បានឲ្យដឹងថា ពុំមានការបាត់ដីរបស់ពលរដ្ឋនោះទេ គឺគណៈកម្មការរបស់លោក ដូចជាមន្ត្រីបរិស្ថាន សុរិយោដី អាជ្ញាធរស្រុក ភូមិ ឃុំ ជាមួយនឹងក្រុមយុវជនស្ម័គ្រចិត្ត ខិតខំធ្វើការយ៉ាងយកចិត្តទុកដាក់ ហើយដីតិចតួចដែលពួកគេបាត់នោះ គឺដោយសារតែជាដីព្រៃទើបគណៈកម្មការមិនអាចកាត់វាស់ឲ្យបាន។ លោកថ្លែងថា៖«ពួកខ្ញុំធ្វើគឺដោះស្រាយឲ្យពលរដ្ឋជាមុន ហើយសម្តេចនាយករដ្ឋមន្ត្រីតែងតែទូរស័ព្ទមកស្ទើរតែរាល់ម៉ោង សម្តេចកំពុងយកចិត្តទុកដាក់បំផុត»។
លោក ស៊ុំ ចន្ទគា មន្ត្រីសម្របសម្រួលអង្គការអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ បានថ្លែងថា អ្វីដែលក្រុមយុវជនកំពុងតែធ្វើនៅក្នុងភូមិធ្លកនោះ គឺវាផ្ទុយទៅនឹងគោលការណ៍របស់រាជរដ្ឋាភិបាល ពីព្រោះរដ្ឋាភិបាល បានថ្លែងថា ដីណាប៉ះជាមួយពលរដ្ឋ គឺត្រូវវាស់ឲ្យពលរដ្ឋជាមុនសិន ទើបវាស់ឲ្យក្រុមហ៊ុនតាមក្រោយ។ លោកថ្លែងថា៖ «មិនគួរណាក្រុមហ៊ុនមកដណ្តើមដីពលរដ្ឋទេ ប្រសិនបើដីគេទទួលបានមិនគ្រប់គេអាចសុំគោលការណ៍ពីរដ្ឋាភិបាល បន្ថែមទៀត តែប្រជាជនបើបាត់ដីលើកនេះ គឺបាត់រហូត ពីព្រោះលើកនេះគេចេញប្លង់ត្រឹមត្រូវឲ្យតែម្តង»៕
No comments:
Post a Comment
yes