ភ្នំពេញ: ស្ត្រីម្នាក់ជាបេឡានៅធនាគារវឌ្ឍនៈចំកាត់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក ឃាត់ខ្លួនកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១២ នៅចំណុចធនាគារវឌ្ឍនៈអាស៊ីចំកាត់ ផ្លូវលេខ៧០ ភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ ពីបទក្បត់ទំនុកចិត្ត។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ព្រិល សុភវតី ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរ បេឡាធនាគារវឌ្ឍនៈអាស៊ីចំកាត់ ស្នាក់នៅផ្ទះលេខ៤C ផ្លូវលេខ៥១០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ ចំណែកជនរងគ្រោះឈ្មោះ នៅ វណ្ណៈ
ភេទប្រុស អាយុ ៣៣ឆ្នាំ ជានាយកធនាគារវឌ្ឍនៈអាស៊ីចំកាត់ (សាខាស្រះចក) ស្នាក់នៅផ្ទះលេខ៤៣E0 ផ្លូវបេតុង សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ។
ប្រាក់ដែលបាត់បង់មានចំនួន ៥៨១.២៣១ ដុល្លារ ដោយនៅមុនថ្ងៃកើតហេតុ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១២ វេលាម៉ោង ១១ និង ៥០នាទី មានភ្ញៀវមកសុំបើកប្រាក់សុទ្ធពីធនាគារវឌ្ឍនៈអាស៊ីចំកាត់ ចំនួន ៥០ ម៉ឺនដុល្លារ ដោយជួបជនសង្ស័យជាបេឡាធនាគារ។
ពេលនោះជនសង្ស័យជាបេឡាធនាគារ បានប្រាប់ជនរងគ្រោះជានាយកធានាគារថា គ្មានលុយសុទ្ធទេ ចេញសែក (វិក្កយបត្រ) ឲ្យភ្ញៀវទៅ ខណៈនោះ ជនរងគ្រោះជានាយកធនាគារ មានការសង្ស័យ មិនទុកចិត្ត ក៏នាំជនសង្ស័យជាបេឡាធនាគារ ទៅពិនិត្យមើលលុយក្នុងទូដែក ពេលបើកទូដែកស្រាប់តែជនសង្ស័យជាបេឡាធនាគារ លុតជង្គង់ សំពះសុំទោសលោកនាយក ដោយប្រាប់ថា លុយគ្មានទេ។
បន្ទាប់មកលោកនាយកធនាគារបានបិទទូដែកវិញ មកប្រាប់ថ្នាក់ដឹកនាំ និងមេធាវីប្រចាំធនាគារ ហើយនាំគ្នាចូលទៅបើកទូដែកម្តងទៀត ឃើញដុំប្រាក់ចងជាបាច់ៗ ខាងក្រៅរុំក្រដាសមួយរយដុល្លារសងខាង តែខាងក្នុងសុទ្ធតែក្រដាសមួយដុល្លារ បន្ទាប់មកនាំគ្នារាប់លុយឃើញបាត់ចំនួន ៥៨១.២៣១ ដុល្លារ ក៏នាំខ្លួនជនសង្ស័យយកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕
No comments:
Post a Comment
yes