ដោយ សេង សេរីរ័ត្ន
មេភូមិទឹកល្អក់ ខេត្តកំពង់ឆ្នាំង និងប្រជាពលរដ្ឋមួយចំនួន បានចោទប្រកាន់លោក ញ៉ឹក ថា ដែលជាឈ្មួញដើរទិញដីថា បានរំលោភយកដីធ្លីរបស់ពួកគាត់ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ប្រជាពលរដ្ឋថា នៅពេលដែលមានឈ្មួញយកគ្រឿងចក្រមកឈូសឆាយដីនោះ លោកមេឃុំបានសន្យាថា នឹងដោះស្រាយជូនប្រជាពលរដ្ឋទាំងអស់នោះ។ ប៉ុន្តែ រហូតមកទល់នេះមិនទាន់មានដំណោះស្រាយណាមួយជូនពួកគាត់ឡើយ។
ប្រជាពលរដ្ឋមួយចំនួន និងអាជ្ញាធរភូមិទឹកល្អក់ ខេត្តកំពង់ឆ្នាំង មានប្រតិកម្មទៅឈ្មួញដើរទិញដីថា រំលោភយកដីរបស់ពួកគាត់ ដែលមិនបានលក់សោះ មកឈូសឆាយយកជាកម្មសិទ្ធិ។
លោក ឡាច ដុំ ជាប្រជាពលរដ្ឋដែលរស់នៅតំបន់កំពុងមានជម្លោះនោះថា លោកបានកាន់កាប់ និងដាំដុះនៅលើដីនោះ តាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ។ ប៉ុន្តែ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០១២ ស្រាប់តែមានឈ្មួញដើរទិញដីយកគ្រឿងចក្រមកភ្ជួរ នៅលើដីរបស់គាត់ ហើយត្រូវបានប្រជាពលរដ្ឋមួយចំនួន នៅទីនោះបាននាំគ្នាទៅឃាត់សកម្មភាពគ្រឿងចក្រ កុំអោយការឈូសឆាយ និងភ្ជួររាស់នៅលើដីរបស់ពួកគាត់ទៀត។
ប៉ុន្តែ ទោះបីជាមានការឃាត់ឃាំងពីប្រជាពលរដ្ឋយ៉ាងណាក៏ដោយក៏ក្រុមឈ្មួញនៅតែឈូសឆាយ និងវាតយកធ្វើជាកម្មសិទ្ធិរបស់ខ្លួនដដែល។
លោក ឡាច ដុំ៖ «ក្រុមសាមគ្គីចែកអោយទេ។ ខ្ញុំអត់ទុកចោលទេ តាំងពីចែកមក ខ្ញុំធ្វើរហូត។ ខ្ញុំសំណូមពរដល់រាជរដ្ឋាភិបាលជួយដោះស្រាយអោយខ្ញុំផង»។
លោក នុត សាមឿន មេភូមិទឹកល្អក់ ដែលត្រូវបានឈ្មួញរំលោភយកដីដែរនោះ បានអោយដឹងថា មានលោកជំទាវម្នាក់មកអះអាងថា ដីដែលលោកកំពុងតែភ្ជួររាស់នោះ ជាកម្មសិទ្ធិរបស់លោកស្រី ហើយគាត់ថា គាត់មានប្លង់រឹងត្រឹមត្រូវទៀតផង។ លោកបន្តទៀតថា បច្ចុប្បន្ននេះ លោកបានដាក់ពាក្យបណ្ដឹងទៅលោកអភិបាលខេត្តកំពង់ឆ្នាំងហើយ ដើម្បីជួយរកដំណោះស្រាយជូនពួកគាត់។
លោក នុត សាមឿន៖ «បាទ មានប្លង់រឹងហើយ។ ប៉ុន្តែប្លង់នោះ មិនដឹងមកពីណា។ ខ្ញុំជាមេភូមិស្រោចនៅហ្នឹងក៏អត់ដឹង ហើយដីហ្នឹងក៏មិនអត់ស៊ីញេលក់នៅលើតំបន់ហ្នឹងទាំងអស់ប្រជាពលរដ្ឋខ្ញុំបានស៊ីញេខ្លះបានទិញដីតំបន់នោះ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងជាមួយលោក ញឹក ថា ដែលជាឈ្មួញដើរទិញដីនោះបានទេ ដើម្បីសុំការបកស្រាយអំពីរឿងបញ្ហានេះ។ ប៉ុន្តែ ទាក់ទិននឹងបញ្ហានេះ លោក សុខ ជា មេឃុំសែប មានប្រសាសន៍ថា លោកកំពុងដំណោះស្រាយជូនប្រជាពលរដ្ឋជាបណ្ដើរៗ ហើយ។ ប៉ុន្តែលោកថា រឿងទាំងអស់នេះ គឺរឿងរបស់អ្នក ដែលកាន់មុន ហើយលោកជាអ្នករងថ្មបាក់ពីគេ។
លោក ញឹក ថា៖ «ការដោះស្រាយម្ដងហើយ។ ប៉ុន្តែ គ្រាន់តែចង់ជួបជាមួយអ្នកទទួលយកលុយរបស់គេ ហើយកំពុងខិតខំដោះស្រាយជាបន្ត»។
អ្នកស៊ើបអង្កេតអង្គការ អាដហុក ប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ចាន់គា មានប្រសាសន៍ថា បើតាមផ្លូវច្បាប់ ប្រជាពលរដ្ឋទាំងនោះ អាចដាក់ពាក្យប្ដឹងទៅតុលាការសុំបដិសេធ ចំពោះកិច្ចព្រមព្រៀងទាំងឡាយណា ដែលធ្វើឡើងដោយគំរាមកំហែង បន្លំ និងការកេងប្រវ័ញ្ចនោះ៕
No comments:
Post a Comment
yes