ដោយ ហង្ស សាវយុត
សមាជិកក្រុមប្រឹក្សាស្រុកមួយចំនួននៅក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ បានអំពាវនាវឱ្យក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាល ជួយចាត់វិធានការ និងជំរុញប្រាក់ខែរបស់ពួកគេ ឱ្យបានឆាប់រហ័ស ពីព្រោះតែពួកគេបានរង់ចាំបើកប្រាក់ជាច្រើនខែមកហើយ។
លោក បូ យ៉ាត គឺជាសមាជិកម្នាក់របស់ក្រុមប្រឹក្សាស្រុកឆែប នៃខេត្តព្រះវិហារ លោកបានមានប្រសាសន៍នៅថ្ងៃសៅរ៍ទី៣០ ខែមិថុនា ថា ក្រុមរបស់លោកបានរង់ចាំប្រាក់ខែ ចំនួន៤ខែមកហើយ ចាប់តាំងតែពីអំឡុងខែមិនា រហូតមកដល់ខែមិថុនា នេះ។
លោក បូ យ៉ាត៖ «រាជការនេះអត់មានប្រាក់ចំណូលមកពីណាទេ រង់ចាំតែមើលប្រាក់ខែ។ នេះមានការលំបាកដែរ ការចាយវាយក្នុងគ្រួសារ ដោះស្រាយក្នុងជីវភាពអីក៏ដោយ មិនទាន់ពេលវេលា ត្រូវការប្រើប្រាស់លុយកាក់អីហ្នឹង ក៏អត់មានអីប្រើ។ អីចឹង គឺសុំឱ្យក្រសួងពាក់ព័ន្ធខាងរដ្ឋាភិបាលខាងលើៗជួយបង្ខំ ធ្វើម៉េចប្រាក់ខែឱ្យបានធ្លាក់មកឆាប់»។
ចំណែកលោក សួន ន័យ ជាសមាជិកក្រុមប្រឹក្សាស្រុកសង្គមថ្មី នៃខេត្តព្រះវិហារ បានមានប្រសាសន៍ប្រហាក់ប្រហែលគ្នាថា លោកមានចម្ងល់យ៉ាងខ្លាំង ហេតុអ្វីបានជាប្រាក់ខែរបស់លោកមានការយឺតយ៉ាវ ចំនួន៣ខែមកហើយ? មន្ត្រីក្រុមប្រឹក្សាស្រុកដដែល បានមានប្រសាសន៍ថា ប្រសិនបើការបើកប្រាក់ខែនៅតែបន្តយឺតយ៉ាវទៅទៀត គឺមន្ត្រីនៅក្នុងស្រុករបស់លោកខ្លះ ដែលមានជីវភាពខ្វះខាតខ្លាំង មិនអាចទ្រាំធ្វើការនៅក្នុងការិយាល័យរបស់រដ្ឋាភិបាលបានយូរអង្វែងទេ។
លោក សួន ន័យ៖ «ដំណើរមិនដឹងមកពីអ្វី បច្ចេកទេសយ៉ាងម៉េច បានជាយឺតយ៉ាវ? មិនដឹងជាគេយកលុយទៅដាក់អី ឬក៏យកលុយទៅឃោសនាបាត់មិនដឹងអីមិនដឹង។ ពិបាកខ្លាំងណាស់ ទី១ គឺការងារបម្រើប្រជារាស្ត្រ ដូចជាធ្វើដំណើរចេញចូល ឬក៏ស្បៀងអាហារ ហូបចុកអី ពិបាកច្រើនមែនទែន ដោយសារបាត់បង់ប្រាក់ខែនោះយូរខែ យូរថ្ងៃ ហើយចុះតាមមូលដ្ឋានធ្វើការដើម្បីបម្រើរាស្ត្រ គឺវាខ្វះសាំងចាក់ម៉ូតូ ខ្វះអីសព្វគ្រប់បែបយ៉ាង។ ធ្វើការក្នុងប៊ុយរ៉ូសាលាស្រុកហ្នឹង ចង់រត់ចេញទៅស៊ីឈ្នួលដីក្រហម ចង់អីអស់ហើយ ដោយសារតែរឿងយឺតយ៉ាវប្រាក់ខែ»។
ទោះយ៉ាងណា មិនទាន់មានមន្ត្រីរដ្ឋាភិបាលណាមួយ បានឆ្លើយតបចំពោះការយឺតយ៉ាវប្រាក់ខែរបស់ក្រុមប្រឹក្សាស្រុកទាំងនោះថាបណ្ដាលមកពីបញ្ហាអ្វីនៅឡើយទេ។
លោក ខូយ ឃុនហ៊ ជានាយករដ្ឋបាលសាលាខេត្តព្រះវិហារ បានសុំមិនធ្វើការពន្យល់អំពីបញ្ហានេះ ដោយលោកមានប្រសាសន៍ថា កំពុងជាប់រវល់ប្រជុំការងារគណបក្ស។
ចំណែកនៅឯខេត្តឧត្តរមានជ័យ គឺមន្ត្រីក្រុមប្រឹក្សាក្រុង និងស្រុកចំនួន៥ ក៏មានបញ្ហាប្រាក់ខែយឺតចំនួន៣ខែ មកហើយដែរ។
គេដឹងថា សម្រាប់ប្រធានក្រុមប្រឹក្សាស្រុក គឺទទួលបានប្រាក់ខែ ៧០ម៉ឺនរៀល និងសមាជិកក្រុមប្រឹក្សាស្រុកម្នាក់ទទួលបាន ៥០ម៉ឺនរៀល ក្នុង១ខែៗ។
លោក សុន ឆ័យ អ្នកតំណាងរាស្ត្ររបស់គណបក្សប្រឆាំង បានមានប្រសាសន៍ថា ការយឺតយ៉ាវនៃប្រាក់ខែរបស់ក្រុមប្រឹក្សាស្រុក ខេត្តនេះ បើសិនជាមានភាពយឺតយ៉ាវដោយសារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នោះ គឺវាអាចយឺតនៅគ្រប់ខេត្តទាំងអស់នៃប្រទេស ក៏ប៉ុន្តែមិនដូច្នេះទេ គឺខេត្តខ្លះមិនមានបញ្ហាយឺតយ៉ាវឡើយ ដែលធ្វើឱ្យលោកមិនយល់។
លោក សុន ឆ័យ យល់ឃើញថា សម្រាប់អនាគត ដើម្បីឱ្យងាយស្រួលក្នុងការបើកប្រាក់ខែ មន្ត្រីក្រុមប្រឹក្សាថ្នាក់ខេត្ត និងស្រុក គួរតែរដ្ឋាភិបាលចាត់ចែងឱ្យមានការបើកសៀវភៅគណនេយ្យធនាគារដោយផ្ទាល់ខ្លួនម្នាក់ៗ ហើយរដ្ឋគ្រាន់តែបញ្ចូលប្រាក់ខែទៅតាមលេខគណនេយ្យទាំងនោះ ដើម្បីឱ្យមន្ត្រីម្នាក់ៗអាចទៅបើកផ្ទាល់ខ្លួនពីធនាគារ ដោយមិនបាច់រង់ចាំទៀតទេ។ ការធ្វើបែបនេះ វាជាវិធានការមួយក្នុងការលុបបំបាត់ការពន្យារលុយទុកចងការ ឬក៏ការកេងប្រវ័ញ្ចទៅលើប្រាក់ខែទាំងនោះផង៕
No comments:
Post a Comment
yes