ស្វាយរៀងៈពលរដ្ឋប្រមាណជា២០០នាក់ មកពី១០ភូមិ នៅឃុំក្រសាំង ស្រុករមាសហែក ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមិត្តភាព បានរឹបអូសគ្រឿងចក្រ១គ្រឿងមិនឲ្យឈូសដីព្រៃសហគមន៍ រួចយកទៅប្រគល់ឲ្យអាជ្ញាធរ តែត្រូវបដិសេធមិនទទួលរក្សាទុកទៅវិញ។
តំណាងពលរដ្ឋ លោក ប៊ូ សាមុត ប្រាប់ថា ពីថ្ងៃទី១០ ខែកក្កដា ម៉ោងជាង១០ព្រឹក ពលរដ្ឋប្រមាណ២០០នាក់បាននាំគ្នារឹបអូសគ្រឿងចក្រដែលមកឈូសដី ព្រៃសហគមន៍យកទៅប្រគល់ឲ្យអាជ្ញាធរ។ លោកថា៖ «ពួកខ្ញុំរឹបអូសវាយកទៅឲ្យមន្ត្រីរដ្ឋបាលព្រៃឈើ អភិបាលស្រុក និងមេឃុំ តែគេពុំព្រមទទួលទុក ពួកខ្ញុំក៏ដេកយាម១យប់នៅនឹងសាលាឃុំ»។ លោកបន្តថា ភា្លមៗអ្នកបើកបរថា មន្ត្រីរដ្ឋបាលព្រៃឈើជួលឲ្យមកឈូស តែបន្ទាប់មកមន្ត្រីប៉ូលិសក៏មកនាំគេគេចបាត់តែម្តង។
តំណាងម្នាក់ដែរ លោក ចាប សុផាត ថា៖ «យើងគ្រាន់តែចង់ឲ្យម្ចាស់ចេញមុខមកធ្វើកិច្ចសន្យា ឈប់មកឈូសព្រៃសហគមន៍ទៀត នោះពួកយើងនឹងឲ្យយកទៅវិញ»។ «ពួកខ្ញុំមិនសុំដីព្រៃទុកជាប្រយោជន៍បុគ្គលទេ គឺសុំថែទុកប្រើជាប្រយោជន៍រួម»។
លោក ហែម សុគន្ធ អភិបាលស្រុករមាសហែកប្រាប់ថា គេគ្មានបំណងមកឈូសអ្វីទេ គ្រាន់តែបើកកិនខូចដំឡូងតិចតួច ពួកគាត់ក៏រឹបអូសវាទុក។ លោកថា ម្ចាស់គ្រឿងចក្រភ័យពេកក៏រត់ទៅរកប៉ូលិសឲ្យជួយ។ លោកបន្តថា ៖ «មិនមែនអាជ្ញាធរមិនចង់ទទួលទុកទេ តែលក្ខខណ្ឌគាត់ទាមទារខ្ពស់ពេក យើងមិនអាចធ្វើបាន តែឥឡូវយើងកំពុងចរចា យកគ្រឿងចក្រនោះឲ្យគេវិញ»។
ពលរដ្ឋ ៥៤៣គ្រួសារ ប្រមាណ ២.៧៨៥នាក់ដែលរងការប៉ះពាល់ពីការអភិវឌ្ឍដំណាំកៅស៊ូ របស់ក្រុមហ៊ុនមិត្តភាពលើផ្ទៃដីសម្បទាន១.២៣០ហិកតា ផ្តល់ដោយអភិបាលខេត្ត បានផ្ទុះការតវ៉ាចាប់តាំងពីឆ្នាំ២០១១ ទាមទាររក្សាព្រៃសហគមន៍នេះទុក។
លោក ប្រាក់ សារ៉ាន់អ្នកសម្របសម្រួលអង្គការអាដហុកថ្លែងថា ៖«ដីនេះប្រជាជនតវ៉ាសុំថែរក្សាព្រៃសហគមន៍នេះទុកច្រើនលើកហើយ។ ខណៈថ្មីៗនេះលោកនាយករដ្ឋមន្ត្រីប្រកាសថា ដីណាមានទំនាស់ជាមួយប្រជាជនត្រូវតែវាស់ទុកឲ្យប្រជាជន មុននឹងឲ្យទៅក្រុមហ៊ុន»៕
No comments:
Post a Comment
yes