សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 29, 2012

លោក​ខៀវ​កាញារីទ្ធ​៖ កម្ពុជា​មិនត្រូវ​ការ​អាមេរិក ឬ​ចិន មក​និយាយ​បញ្ហា​សមរង្ស៊ី​ទេ

Give our kids a better deal
លោក​ ខៀវ​ កាញារីទ្ធ​ អ្នកនាំពាក្យរដ្ឋាភិបាល ហ៊ុន សែន

ភ្នំពេញ: មន្ត្រីជានខ្ពស់​រាជរដ្ឋាភិបាល​បានបញ្ជាក់​ជាថ្មី​ម្តង​ទៀតថា សហរដ្ឋអាមេរិក​ពុំមាន​ឥ​ទ្ធ​ពល​អ្វី​ដាក់​ការគាបសង្កត់​មកលើ​ក​ម្ពុ​ជា ក្នុងការ​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី មេគណបក្ស​ប្រឆាំង ដែល​ជាប់​ឈ្មោះ​ជា​ទណ្ឌិត តាម​អំណាច​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល​នោះ ចូលមក​ស្រុក​វិញ ដោយ​គ្មាន​ការអនុវត្តន៍​តាមច្បាប់​នោះទេ​។​

​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​មានប្រសាសន៍​កាលពី​រសៀល​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១២ យ៉ាងនេះ​ថា នៅពេលដែល​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាម​រិ​ក មក​កម្ពុជា (​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​រដ្ឋមន្ត្រីការបរទេស​អា​ស៊ន បូក​អាមេរិក កូរ៉េ ចិន សបា្តហ៍​មុន​នោះ​) គឺ​លោកស្រី​បានប្រកាស​ផ្តល់ជំនួយ​ថ្មី​បន្ថែមទៀត​ដល់​កម្ពុជា និង​បាន​បង្កើន​កិច្ចសហប្រតិបត្តិការ​ថែមទៀត​ជាមួយ​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្តទៀតថា "​ប៉ុន្តែ​មិនមែន​ដោយសារ​បញ្ហា​ហ្នឹង ចំពោះ​យើង​វា​អត់​សំខាន់ ទៅរក​អ្នកណាៗ​មិន​សំខាន់​ទេ ហើយ​យើង​អត់​ត្រូវការ​អាមេរិក ឬ​ចិន ឬអី មក​និយាយ​បញ្ហា​នេះ​ទេ បើ​គេ​ចង់​និយាយ គឺ​ត្រូវ​ទៅ​និយាយ​ជាមួយ​តុលាការ​"​។​


​ទាក់ទង​នឹង​ការវិលត្រឡប់​របស់លោក សម រង្ស៊ី នោះដែរ លោក ទិ​ត សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី នាពេល​ថ្មីៗ​នេះ​បាន​បញ្ជាក់ថា ប្រទេស​កម្ពុជា​ប្រកាន់​នូវ​ការអនុវត្តន៍​ច្បាប់​ជា​មូលដ្ឋាន ដែលជា​ការដើរ​លើ​មាគ៌ា​នីតិរដ្ឋ គោរព​សិទ្ធិមនុស្ស ហើយ​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៣ ខាងមុខ នឹង​ដំណើរការ​ទៅជា​ធម្មតា និង​មានការ​ចូលរួម​ប្រកួតប្រជែង ពី​សំណាក់​គណបក្សប្រឆាំង​ផងដែរ ដែលជា​ការបោះឆ្នោត​សេរី ប្រជាធិបតេយ្យ និង​ពហុបក្ស​។​

​ចំណែកឯ​លោក កែវ រ៉េមី រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅពេល​ថ្មីៗ​នេះ​ក៏​ធ្លាប់បាន​មានប្រសាសន៍ថា ការបោះឆ្នោត​ជ្រើសតាំង​អ្នកតំណាងរាស្ត្រ នៅ​ឆ្នាំ​២០១៣ គឺ​ដំណើរការ​ទៅជា​ធម្មតា ដែលជា​ការបោះឆ្នោត​សេរី ប្រជាធិបតេយ្យ​។​

​ចំពោះ​ករណី​លោក សម រង្ស៊ី មេគណបក្ស​ប្រឆាំង​នោះដែរ លោក កែវ រ៉េមី បាន​បញ្ជាក់ថា អ្នក​ដែល​មានទោស​ជាប់ពន្ធនាគារ គឺ​មិន​អាចមាន​សិទ្ធិ​ធ្វើ​នយោបាយ មិនមាន​សិទ្ធិ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ឲ្យ​ទេ ហើយ​ចំពោះ​ការបង្កើត​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ពុំមាន​ការព្រួយបារម្ភ​ទេ រាជរដ្ឋាភិបាល​បានធ្វើការ​អភិវឌ្ឍន៍​មានការ​រីកចម្រើន ហើយ​ប្រជាពលរដ្ឋ​គាំទ្រ​ការអភិវឌ្ឍ​ទាំងនោះ​។​

​លោក កែ រ៉េមី បាន​បញ្ជាក់ដែរថា អាមេរិក​មិន​បានដាក​សម្ពាធ​ណាមួយ​មកលើ​កម្ពុជា​ទេ ពីព្រោះ​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ ឯករាជ្យ ហើយ​ករណី​លោក សម រង្ស៊ី គឺជា​ការប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ មិនមែនជា​បញ្ហានយោបាយ​ទេ​។​

​នៅ​ដើមខែ​សីហា​ខាងមុខនេះ លោក កឹម​សុខា អនុប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ រួមជាមួយ​លោកស្រី មួរ សុខ​ហួរ ប្រធាន​លេខាធិការដ្ឋាន នៃ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ នឹង​ដឹកនាំ​មន្ត្រី​គណបក្សប្រឆាំង​ទាំងពីរ​ទៅ​ប្រទេស​អាមេរិក ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល​អាមេរិក ជួយ​ដាក់​ការគាបសង្កត់​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បើក​ច្រក​ឲ្យ​លោក សម រង្ស៊ី បាន​វិល​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ ដោយ​មិន​ប្រឈម​នឹង​អំណាចតុលាការ​។​

​សូមបញ្ជាក់ថា តុលាការ​កំពូល​បាន​តម្កល់​សាលក្រម របស់​សាលាដំបូង​ខេត្តស្វាយរៀង ដែល​ផ្តន្ទាទោស​លោក សម រង្ស៊ី ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ២​ឆ្នាំ និង​បង្គាប់​ឲ្យ​បង់ប្រាក​ពិន័យ​ជាង ៦០ លាន​រៀល ពីបទ​ដក​បំផ្លាញ​តម្រុយ​បង្គោល​ព្រំដែន​គោក ជាប់​ព្រំប្រទល់​ជាមួយ​ប្រទេស​វៀតណាម កាលពី​ចុងឆ្នាំ​២០០៩ នៅ​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង និង​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង​ជាតិ​សាសន៍ ហើយ​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ក៏បាន​សម្រេច​លុបឈ្មោះ​លោក សម រង្ស៊ី ចេញពី​បញ្ជី​ឈ្មោះ​សមាជិកសភា​មណ្ឌល​កំពង់ចាម នីតិកាល​ទី​៤ ផងដែរ​៕ K​

No comments:

Post a Comment

yes