សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 10, 2012

ពលរដ្ឋ​បឹងកក់ ចង់បាន​ការលុបចោល​ការចោទប្រកាន់​ពី​តុលាការ​កំពូល​

Give our kids a better deal

ភ្នំពេញ: ក្រុម​ប្រជាពលរដ្ឋ​តំបន់​បឹងកក់​ប្រមាណ ៣០​នាក់ បាន​យក​លិខិត​ថ្លែងអំណរគុណ ដាក់​នៅ​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា ស្ថានទូត​ជប៉ុន បារាំង អូស្ដ្រាលី អង់គ្លេស និង​សហគមន៍​អឺរ៉ុប នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១២ ចំពោះ​ការអន្តរាគមន៍ និង​ជំរុញ​ឲ្យ​មានការ​ដោះលែង​ប្រជាពលរដ្ឋ​ទាំង ១៥​នាក់ រួច​ផុតពី​ការឃុំខ្លួន​ដោយ​អយុត្តិធម៌ ក្នុងករណី​ជម្លោះដីធ្លី​នៅ​តំបន់​បឹងកក់​។ ពលរដ្ឋ​ទាំងនោះ ក៏បាន​សូម​ជាបន្ទាន់ ឲ្យ​មាន​អន្តរាគមន៍ ជំរុញ​ឲ្យ​លុបចោល​ការចោទប្រកាន់​ពី​តុលាការ​កំពូល​។​

​យោងតាម​លិខិត​ថ្លែងអំណរគុណ បាន​លើកឡើងថា ការអន្តរាគមន៍​នេះ គឺជា​ការបង្ហាញ​នូវ​កាយវិការ​យកចិត្តទុកដាក់​ផ្នែក​សិទ្ធិមនុស្ស ដើម្បី​ជំរុញ​ឲ្យ​មាននូវ​ការគោរព​សិទ្ធិមនុស្ស សិទ្ធិសេរីភាព​បញ្ចេញមតិ និង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ដល់​សង្គម​ក​ម្ពុ​ជា​ទាំងមូល​។​

​នៅក្នុង​លិខិត​ថ្លែងអំណរគុណ​នោះដែរ ក៏បាន​សូម​ឲ្យ​មាន​ជួយ​អន្តរាគមន៍​ដល់​ពួកគាត់​ជា​បន្តទៀត ព្រោះ​ពួកគាត់​មិន​ទទួលបាន​ដំណោះស្រាយ​ចប់សព្វគ្រប់​នៅឡើយ​ទេ ម្យ៉ាងទៀត​ពួកគាត់​សូម​ឲ្យ​ជួយ​អន្តរាគមន៍​ជាបន្ទាន់ ដល់​រឿងក្ដី​របស់​ពួកគាត់​នៅ​តុលាការ​កំពូល ដើម្បី​លុប​ការចោទប្រកាន់ ដោយ​អយុត្តិធម៌​មក​ពួកគាត់​។​


​នៅពេល​ដាក់​លិខិត​ថ្លែងអំណរគុណ​នោះ អ្នកស្រី ទេព វ​ន្នី ដែល​ទើប​រួច​ផុតពី​ការឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ ក្រោម​អំណាចតុលាការ​រាជធានី​ភ្នំពេញ​នោះ បាន​និយាយថា សូម​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និ​ងអន្តរជាតិ ព្រមទាំង​បណ្ដា​ភាគី​អន្តរជាតិ ដែល​បាន​អន្តរាគមន៍ និង​គាំទ្រ​ដល់​ពួកគាត់​ឲ្យ​រួច​ផុតពី​ការជាប់​ពន្ធនាគារ​នេះ បន្ត​ការជួយ​អន្តរាគមន៍​បន្តទៅទៀត ពី​ការចោទប្រកាន់​ព្យួរទោស ដែល​មិនទាន់បាន​លើកលែងទោស​ពួកគេ និង​សូម​ឲ្យ​ជួយ​អន្តរាគមន៍​ដល់​ប្រមុខ​រដ្ឋាភិបាល ដើម្បី​ដោះស្រាយ​បញ្ហា​តំបន់​បឹងកក់ លើ​ទំហំ​ដី ១២,៤៤​ហិកតា បោះ​ព្រំ​ឲ្យ​បានច្បាស់លាស់ និង​សូមកុំ​ឲ្យ​មាន​កាត់​គ្រួសារ​ណា​ចេញ​។ 

​អ្នកស្រី ទេព វ​ន្នី បញ្ជាក់ថា “​នេះ​ជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត សម្រាប់​សហគមន៍​ពួក​ខ្ញុំ​គ្រប់គ្នា ដើម្បី​បញ្ចប់​ជម្លោះ​ជាមួយ​មន្ត្រី​អាជ្ញាធរ និង​ក្រុមហ៊ុន​”​។​

​ជាមួយគ្នានេះ អ្នកស្រី ហេង មុំ បាន​ស្រែក​ថ្លែងអំណរគុណ​ដោយ​ខ្លាំងៗ​ថា “​ពួក​ខ្ញុំ​ក៏​អរគុណ​ដែរ ដល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បាន​មើលឃើញ​នូវ​មន្ត្រី​ណាខ្លះ ដែល​ពាក់ព័ន្ធ​រឿង​កាត់​ដី​ប្រជាពលរដ្ឋ​ចេញពី​គម្រោង​ដី ១២,៤៤​ហិកតា ដែល​សម្ដេច​ប្រទានកម្ម​ឲ្យ​នោះ​ហើយ បែរជា​មន្ត្រី​អស់នោះ ឃុបឃិត​គ្នា​កាត់​ដី​ពួក​ខ្ញុំ​ចេញពី​គម្រោង ល្មើ​សនឹង​អនុក្រឹត្យ​របស់​សម្ដេច​។ ដូច្នេះ សូម​ឲ្យ​សម្ដេច​ជួយ​ដល់​ពួក​ខ្ញុំ​ដែលជា​អ្នករងគ្រោះ​ពិតប្រាកដ មិនមែន​មកពីណា​ទេ គឺ​ពិតជា​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹងកក់​”​។​

​គួររំលឹកថា ប្រជាពលរដ្ឋ​បឹងកក់ ១៣​នាក់ ត្រូវបាន​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​ការចោទប្រកាន់​ពីបទ​ កាន់កាប់ដោយ​ខុសច្បាប់ លើ​អចលនវត្ថុរបស់​នីតិបុគ្គលសាធារណៈ និង​បទ​ប្រឆាំងនឹង​អ្នករាជការ​សាធារណៈ រួច​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម សម្រេច​ឱ្យ​៧​នាក់ ជាប់ពន្ធនាគារ ២​ឆ្នាំ ៦​ខែ​, ៥​នាក់ ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​៦​ខែ តែ​អនុវត្ត​ក្នុង​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ និង​ម្នាក់ទៀត​ដែលជា​ស្ត្រី​វ័យ​៧២​ឆ្នាំ ត្រូវ​ជាប់ពន្ធនាគា​ររ​យៈ​ពេល​២​ឆ្នាំ​៦​ខែ តែ​អនុវត្ត​ក្នុង​ពន្ធនាគារ រយៈពេល​១​ឆ្នាំ​។ ប៉ុន្តែ​ពួកគេ​បាន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំងនឹង​ការសម្រេច​នេះ​។​

​ក្រោយមក សាលាឧទ្ធរណ៍​បាន​លើក​បណ្តឹងឧទ្ធរណ៍​នេះ មក​បើកសវនាការ​ជំនុំជម្រះ រួច​ប្រកាស​សាលដីកា កែប្រែ​រយៈពេល នៃ​ការផ្តន្ទាទោស ឱ្យមក​ជាប់ ក្នុង​ម្នាក់ៗ ១​ខែ ៣​ថ្ងៃ​វិញ​។ រហូតដល់​ម៉ោង ៧ យប់ ថ្ងៃទី​២៧​មិថុនា ឆ្នាំ​២០១២ ស្ត្រី​អ្នកភូមិ​បឹងកក់ ទាំង ១៣ នាក់ ត្រូវបាន​ដោះលែង ចេញពី​ពន្ធនាគារ​ព្រៃ​ស ហើយ​វិល​មកកាន់​ផ្ទះសម្បែង នៅ​បឹងកក់​វិញ ជួបជុំ​ប្តី​កូន​វិញ​៕​

No comments:

Post a Comment

yes