ពួកមេដឹកនាំសំខាន់ៗនៃក្រុមអាវក្រហមថៃបានដកថយពីការទាមទារអោយសភាលើកយកពង្រាងច្បាប់ចំនួន៤ស្តីពីការផ្សះផ្សារជាតិមកអោយសភាពិភាក្សាអនុម័តជាបន្ទាន់។ពួកគេបានផ្លាស់ប្តូរជំហរកាលពីថ្ងៃម្សិលមិញនៅឯការជួបជុំមួយ។
កោះកែវ ភិគុលថង មេដឹកនាំម្នាក់នៃចលនានេះនិងជាសមាជិកសភាបក្សភឿថៃបាននិយាយថាលោកគាំទ្រការពន្យារពេលពិភាក្សាពង្រាងច្បាប់នេះពីព្រោះការធ្វើដូច្នេះនឹងជួយសម្រាលការប្រឈមមុខរវាងអ្នកគាំទ្រនិងអ្នកប្រឆាំងការផ្លាស់ប្តូរ។
សម្តីរបស់លោកកោះកែវគាំទ្រការស្នើឡើងរបស់ប្រធានសភាលោកសំសាក់ គៀតស៊ូរ៉ាណុន ដែលកាលពីសប្តាហ៍មុនបាននិយាយថាពង្រាងច្បាប់នេះគួរត្រូវដកចេញពីរបៀបវារៈនៃកិច្ចប្រជុំសភាដែលនឹងចាប់ផ្តើមនៅថ្ងៃ១សីហា ដើម្បីអនុញ្ញាតអោយភាគីទាំងអស់ពិភាក្សាបញ្ហានេះបន្ថែមទៀត។
លោកកោះកែវបានអំពាវនាវអោយពួកអ្នកគាំទ្រអាវក្រហមរង់ចាំរហូតដល់បរិយាកាសនយោបាយស្ងប់ស្ងាត់មុនពេលបន្តការជំរុញអនុម័តពង្រាងច្បាប់។
ចំណែកលោកណាតតាវុធ សាយគឿ មេដឹកនាំក្រុមអាវក្រហមម្នាក់ទៀតនិងជាអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម បាននិយាយថាការពន្យារពេលលែងជាបញ្ហាធំសំរាប់ក្រុមអាវក្រហមហើយ។
បន្ទាប់ពីស្តាប់មេដឹកនាំទាំងពីរ សំស្រ៊ី ចារឺន អាយុ៥៦ឆ្នាំ ដែលជាអ្នកគាំទ្រក្រុមអាវក្រហមមកពីបាងកក បាននិយាយថាលោកយាយយល់ស្របថាមិនចាំបាច់ប្រញាប់ប្រញាល់ជំរុញពិភាក្សាអនុម័តពង្រាងច្បាប់នេះនៅក្នុងសភាទេ៕
No comments:
Post a Comment
yes