ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១៣ខែកក្កដានេះ កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ានជាច្រើនទៀត ដែលនៅក្នុងនោះសន្ធិសញ្ញាស្តីពីតំបន់អាស៊ានគ្មានអាវុធនុយក្លេអ៊ែរនឹងត្រូវអនុម័តនិងចុះហត្ថលេខាដោយថ្នាក់ដឹកនាំអាស៊ាននិងតំណាងប្រទេសមហាអំណាចទាំង៥ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។មានឯកសារច្បាប់៤ផ្សេងទៀតក៏ត្រូវគ្រោងចុះហត្ថលេខាផងដែរ។
យ៉ាងហោចណាស់មានកិច្ចប្រជុំចំនួន១៩ឯណោះដែលត្រូវបានគ្រោងរៀបចំធ្វើនៅក្នុងរយៈពេល៨ថ្ងៃ នៃកិច្ចប្រជុំអាស៊ានដែលត្រូវចាប់ផ្តើមពីថ្ងៃសុក្រនេះហើយ។ ក្នុងចំណោមកិច្ចប្រជុំជិត២០នោះ ក៏មានរបៀបវារៈ ស្តីអំពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរផងដែរ ដែលការពិភាក្សានេះនឹងគ្រោងធ្វើនៅថ្ងៃអាទិត្យទី៨កក្កដា។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា បន្ទាប់ពីការពិភាក្សានេះរួចហើយនៅថ្ងៃចន្ទទី៩កក្កដា នឹងមានការប្រកាសស្តីពីពិធីសារលើសន្ធិសញ្ញានៃតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរនេះ។ បន្ទាប់មកទៀតនឹងមានការចុះហត្ថលេខាពីរផ្សេងគ្នាលើសន្ធិសញ្ញានេះ។ ទីមួយគឺរវាងអាស៊ាននិងចិននៅថ្ងៃទី១០កក្កដា និងទី២គឺរវាងអាស៊ាននិងប្រទេសមហាអំណាចទាំង៥នៅថ្ងៃទី១២កក្កដា។
របៀបវារៈអាស៊ានគ្មានអាវុធនុយក្លេអ៊ែរស្ថិតនៅក្នុងចំណោមរបៀបវារៈជាច្រើននៅក្នុងកិច្ចប្រជុំខាងមុខនេះដែលដឹកនាំដោយកម្ពុជាក្នុងនាមជាប្រធានអាស៊ាន។ មានកិច្ចប្រជុំធំៗចំនួន៤ដែលនឹងចាប់ផ្តើមនៅក្នុងពេលខាងមុខនេះ ដូចជា៖ ១/ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៥ ២/កិច្ចប្រជុំជាមួយប្រទេសដៃគូ ៣/ កិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី១៩និងទី៤/ គឺកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី២នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ កិច្ចប្រជុំទាំងនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
គួរបញ្ជាក់អោយដឹងផងដែរថា ក្នុងរយៈពេលដែលមានកិច្ចប្រជុំក្របខណ្ឌអាស៊ានខាងមុខនេះ នឹងមានកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយប្រទេសដៃគូរជាច្រើនផងដែរ។
កិច្ចប្រជុំដ៏សំខាន់មួយទៀតនោះ គឺវេទិកាតំបន់អាស៊ានដែលនឹងមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសចំនួន២៦ប្រទេស និងតំណាងស្ថាប័នអន្តរជាតិចំនួន២ទៀតគឺលេខាធិការដ្ឋានអាស៊ាននិងសហភាពអឺរ៉ុប។
សូមរម្លឹកផងដែរថា ក្រៅពីកិច្ចប្រជុំដែលត្រូវបានគ្រោងក្នុងកម្មវិធីផ្លូវការនេះ កម្ពុជាក៏នឹងសម្របសម្រួលអោយមានកិច្ចប្រជុំស្តីពីបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងផងដែរ ដែលត្រូវមានវត្តមានរដ្ឋមន្ត្រីការបរទេស៦ភាគី គឺអាមេរិក ជប៉ុន ចិន រុស៊្សី និងបងប្អូនកូរ៉េទាំងពីរ៕
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា បន្ទាប់ពីការពិភាក្សានេះរួចហើយនៅថ្ងៃចន្ទទី៩កក្កដា នឹងមានការប្រកាសស្តីពីពិធីសារលើសន្ធិសញ្ញានៃតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរនេះ។ បន្ទាប់មកទៀតនឹងមានការចុះហត្ថលេខាពីរផ្សេងគ្នាលើសន្ធិសញ្ញានេះ។ ទីមួយគឺរវាងអាស៊ាននិងចិននៅថ្ងៃទី១០កក្កដា និងទី២គឺរវាងអាស៊ាននិងប្រទេសមហាអំណាចទាំង៥នៅថ្ងៃទី១២កក្កដា។
No comments:
Post a Comment
yes