សេចក្តីរាយការណ៍មួយពីស្រុកអង្គស្នួល ខេត្តកណ្តាល បានឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទនេះកម្មកររោងចក្រតៃណាន អតីតរោងចក្រតៃយានប្រមាណ៤ពាន់នាក់ដែលកំពុងធ្វើកូដកម្មបានប៉ះទង្គិចពាក្យសម្តីគ្នាមួយប្រាវជាមួយកម្លាំងសមត្ថកិច្ចដែលបញ្ជូនមកដើម្បីបំបែកហ្វូងកម្មករ។
តាមសេចក្តីរាយការណ៍ដដែល កម្មករកម្មការិនីនៃរោងចក្រតៃណានដែលមានទីតាំងស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល ប្រមាណ៤ពាន់នាក់ដឹកនាំដោយលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាបានធ្វើកូដកម្មនៅខាងមុខរោងចក្រ ដើម្បីទាមទារនូវលក្ខខណ្ឌការងារចំនួន៥ចំណុច។ ប៉ុន្តែខណៈដែលលោក រ៉ុង ឈុន កំពុងថ្លែងតាមរយៈឧគ្ឃោសនស័ព្ទ ស្រាប់តែសមត្ថកិច្ចប្រដាប់ដោយអាវុធប្រមាណ៦០នាក់បានសម្រុងចូលទៅក្នុងហ្វូងកម្មករ ហើយក៏បានប៉ះទង្គិចពាក្យសម្តីគ្នា ប៉ុន្តែមិនបានបង្កឲ្យមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរទេ។
គួររំលឹកថា កម្មករនៃរោងចក្រតៃណាន អតីតរោងចក្រតៃយាននេះ បានធ្វើកូដកម្មអស់រយៈពេល៨ថ្ងៃហើយគិតមកត្រឹមថ្ងៃនេះ ដើម្បីទាមទារឲ្យថៅកែរោងចក្រដោះស្រាយនូវលក្ខខណ្ឌការងារចំនួន៥ចំណុច ដែលរួមមាន ៖
១-សុំឱ្យក្រុមហ៊ុនធ្វើការទូទាត់នូវអត្ថប្រយោជន៍ផ្សេងៗ តាមច្បាប់ចំពោះការប្ដូរឈ្មោះក្រុមហ៊ុន។
២-សុំឱ្យក្រុមហ៊ុនផ្ដល់សោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅចំនួន១៥ដុល្លារ ក្នុងមួយខែ។
៣-សុំឱ្យក្រុមហ៊ុនដំឡើងប្រាក់រង្វាន់ទៀងទាត់ចំនួន ១៥ដុល្លារ ក្នុងមួយខែ។
៤-សុំឱ្យក្រុមហ៊ុនដំឡើងប្រាក់ថ្លៃទឹកដោះគោចំនួន១៥ដុល្លារ ក្នុងមួយខែ។
និង ៥- សុំឱ្យក្រុមហ៊ុនកុំយកមុខតំណែង និងបច្ចេកទេសមកទូទាត់ នៅរាល់ពេលកម្មករនិយោជិត និងថ្នាក់ដឹកនាំសុំច្បាប់ ចាប់ពី៣ថ្ងៃឡើងទៅ៕
No comments:
Post a Comment
yes