ដោយ ម៉ៅ សុធានី
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី៣ ខែកក្កដា បដិសេធនូវព័ត៌មានថា អាជ្ញាធរមានគម្រោងចាប់ខ្លួនលោក ម៉ម សុណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជាប្រធានវិទ្យុសំបុកឃ្មុំ FM 105។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីបញ្ជាក់ថា ព័ត៌មានដែលថា អាជ្ញាធរកម្ពុជារង់ចាំចាប់ឃាត់ខ្លួនលោក ម៉ម សុណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យនោះ ជាពាក្យចចាមអារ៉ាម និងការបំភិតបំភ័យប៉ុណ្ណោះ។
ការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ បានធ្វើឡើងដោយសំអាងថា តាមនីតិវិធីច្បាប់នៅកម្ពុជា ការចាប់ចង ឬឃាត់ខ្លួនជនណាមួយ លុះត្រាតែមានការចោទប្រកាន់នៅតុលាការ៖ «នៅពេលដែលមានការចាប់ខ្លួនជនណាម្នាក់ វាមាននីតិវិធីត្រឹមត្រូវ មានដីកាបង្គាប់ ដីកាកោះហៅ ផ្អែកចោទប្រកាន់ណាមួយ។ ចំពោះករណីលោក ម៉ម សុណង់ដូ គឺគ្រាន់តែជាពាក្យចចាមអារ៉ាម។ ដូចនេះគាត់ជាមនុស្សសាមញ្ញធម្មតា។ ការបំភិតបំភ័យតាមពាក្យចចាមអារ៉ាម ខ្ញុំអត់យកជាការបានទេ»។
លោក ម៉ម សុណង់ដូ កាលពីថ្ងៃច័ន្ទ ទី២ ខែកក្កដា បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ថា លោកមិនមានការតក់ស្លុតទេ ហើយត្រូវតែហ៊ានជម្នះគ្រប់ឧបសគ្គដើម្បីជួយការពារពលរដ្ឋស្លូតត្រង់នៅកម្ពុជា៖ «រឿងចូលស្រុកខ្មែរ ខ្ញុំត្រូវតែទៅ។ ខ្ញុំត្រូវតែហ៊ានពុះពារគ្រប់ឧបសគ្គ ក្នុងន័យ ខ្ញុំមិនបានធ្វើខុសអ្វីទាំងអស់។ ខ្ញុំអត់គេចវេះទេ ហើយទំនៀមទម្លាប់ខ្មែរយើង គឺអាក្រក់តាំងពីជំនាន់ខ្មែរក្រហម បើចង់សម្លាប់នរណា គឺចោទប្រកាន់ថា អ្នកនេះជា សេអ៊ីអា។ រហូតមកដល់សព្វថ្ងៃនេះក៏មានការចោទប្រកាន់យ៉ាងនេះ ដើម្បីជួយការពារពលរដ្ឋ និងអ្នកស្រឡាញ់ជាតិ បើសិនប្រព្រឹត្តខុសច្បាប់ដាក់ទោសទៅ»។
ពាក់ព័ន្ធនឹងករណី លោក ម៉ម សុណង់ដូ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែមិថុនា កន្លងមកនេះ បានប្រកាសជាសាធារណៈដោយមិននិយាយចំឈ្មោះថា មានមនុស្សម្នាក់គត់ដែលនៅពីក្រោយចេតនាចង់បង្កើតតំបន់អបគមន៍ ចង់បំបែករដ្ឋនៅខេត្តក្រចេះ។
លោក ហ៊ុន សែន ថ្លែងដូច្នេះ៖ «អង្គការក្រៅរដ្ឋាភិបាលមួយចំនួនកំពុងចោទថា រដ្ឋាភិបាលកំពុងបណ្តេញប្រជាជនចេញពីភូមិ។ តែខ្ញុំសូមជំរាបថា អ្នកកំពង់ដំរី អត់មានប៉ះពាល់ដីធ្លីរបស់គាត់ទាំងអស់បោះឆ្នោតឃុំកន្លងទៅ ឃុំកំពង់ដំរី គណបក្សប្រជាជនស៊ី ៥កៅអី ដាច់ ៥កៅអីពឹប។ យើងមានបានប៉ះពាល់ដីធ្លីរបស់ប្រជាពលរដ្ឋពីអង្កាល់? ពួកអនាធិបតេយ្យទៅពីក្រៅតើ! តាមរយៈអាមេខ្លោងនៅភ្នំពេញនេះ ដែលបង្កើតសមាគមអ្នកប្រជាធិបតេយ្យ»។
ក្រោយការប្រកាសរបស់ប្រមុខដឹកនាំរដ្ឋាភិបាលមក ប្រជាពលរដ្ឋសាមញ្ញជាច្រើន មន្ត្រីក្រុមអ្នកច្បាប់ និងអង្គការសង្គមស៊ីវិលមួយចំនួន មានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់លោក ម៉ម សុណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ ហើយបានហៅការព្រមានរបស់លោក ហ៊ុន សែន ថា មានចេតនាគំរាមកំហែងដល់អ្នកដែលហ៊ានរិះគន់ដល់រដ្ឋាភិបាលតាមរយៈការសំដែងមតិ៕
No comments:
Post a Comment
yes